ប្រមាណ១០គីឡូមែត្រពីក្រុងភ្នំពេញ ផ្ទះមួយចំនួននៃសហគមន៍បឹងតាមោកបានរុះរើទៅទីតាំងថ្មីដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីទីតាំងចេញពីផ្លូវ១៣០ស្ថិតក្នុងខណ្ឌព្រែកព្នៅ។ផ្ទុយពីផ្ទះផ្សេងទៀ តដែលកំពុងរុះរើមានសំឡេងតុងតាំង ផ្ទះឈើមួយខ្នងដែលជាប់នឹងផ្ទៃបឹងតាមោកដែលត្រូវបានចាក់ដីបំពេញរៀងរាល់ថ្ងៃ ក៏អាចនឹងមានវាសនា មិនខុសពីលំនៅឋានផ្សេងទៀតប៉ុន្មានដែរ។ថ្វីបើម្ចាស់ផ្ទះនេះ មិនព្រមចាកចេញ ការចាក់ដីលប់រាល់ថ្ងៃនេះ មិនយូរមិនឆាប់ផ្ទះមួយខ្នងនេះ នឹងលែងមានរូបរាងបង្អួតគេឯងដូចមុនទៀតហើយ ក្នុងពេលដ៏ខ្លី។
តំណាងពលរដ្ឋបឹងតាមោក អ្នកស្រី ស៊ា ដាវី លើកឡើងថាអ្នកស្រី បានទទួលសំណងចុងក្រោយគេ កាលពីចុងខែកក្កដា ឆ្នាំនេះ ដោយអាជ្ញាធរនៃខណ្ឌព្រែកព្នៅបានផ្ដល់ដីពីរឡូតិ៍ និងផ្ទះពីរខ្នង ដែលមានទំហំក្បាលដី៤ម៉ែត្រ បណ្ដោយជាង២០ម៉ែត្រ និងលុយ៣ម៉ឺនដុល្លារអាមេរិក។
អ្នកស្រីបន្តថាកន្លងមកអ្នកស្រីបានចូលរួមជាមួយពលរដ្ឋផ្សេងទៀតដែរ ដើម្បីស្នើសុំរស់នៅទីតាំងជាប់នឹងផ្ទៃបឹងតាមោក ប៉ុន្តែអាជ្ញាធរ និងតុលាការបានចោទប្រកាន់លោកស្រី និងតំណាងពលរដ្ឋផ្សេងទៀត ដែលជំរុញធ្វើឲ្យអ្នកស្រី និងពលរដ្ឋផ្សេងទៀតបង្ខំចិត្តទទួលយកសំណង។
អ្នកស្រីបន្តថា៖«វាបន្ថយសម្ពាធកុំឲ្យយើងរវល់ជាមួយអាការឈ្លោះគ្នាញាំញីនឹង បើថាឲ្យយើងពេញចិត្តសប្បាយរីករាយនឹងទៅ ដូចអត់មានទេ តែកាត់ដូរនឹងសេរីភាពកុំឲ្យមានការឈ្លោះគ្នា បង្ករហឹង្សាអីតទៅទៀត ដូចថាយើងធុញទ្រាន់រស់នៅក្នុងសភាពនឹងណាស់ »។
បឹងតាមោកជាបឹងធំជាងគេ និងអាចស្ដុកទឹកបានច្រើនជាងគេដែរនៅក្នុងរាធានីភ្នំពេញ។នៅជុំវិញបឹងមានប្រជាជនរស់នៅប្រមាណ ៣០០គ្រួសារ និងមានមនុស្សប្រហែល ១ ០០០នាក់ ដែលភាគច្រើនពួកគេប្រកបរបរចិញ្ចឹមជីវិតដោយការនេសាទត្រី ដាំដំណាំ ចិញ្ចឹមត្រី និងរកស៊ីលក់ដូរនៅផ្ទះ។ហើយបឹងនេះ ក៏ជាទីតាំងដែលមានប្រព័ន្ធអេកូដ៏សម្បូរបែប និងចម្រុះរបស់សត្វស្លាប និងសត្វត្រី។
ទោះជាយ៉ាងណា គិតត្រឹមខែសីហា ឆ្នាំ២០២៣កន្លងទៅ រដ្ឋាភិបាលបានកាត់ដីបឹងចំនួន៧៩លើក ប្រគល់ឱ្យឯកជន និងក្រសួងនានា ដែលមានចំនួនជាង២ពាន់ (២,៤១១)ហិកតា នៃផ្ទៃបឹងសរុបជាង ៣ពាន់ (៣,២៣៩) ហិកតា។
ចាប់តាំងពីរដ្ឋាភិបាលចាប់ផ្ដើមកាត់ផ្ទៃបឹងតាមោកកាលពីឆ្នាំ២០១៨មក សហគមន៍បឹងតាមោកចាប់ផ្ដើមចេញតស៊ូមតិ ហើយត្រូវរង់ដោយអំពើហិង្សាជាបន្តបន្ទាប់នៅពេលពួកគេ សំដែងនៅនៅតាមដងផ្លូវ។
ប្រភពដដែលបន្តថាសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អ្នកស្រី និងក្រុមគ្រួសារចំនួន៣ករណីក្រោមបទចោទពីបទហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទចោទផ្សេងៗទៀត។អ្នកស្រីថាមូលហេតុដែលអ្នកស្រីចង់រស់នៅទីតាំងចាស់នេះគឺដោយសារតែជាប់នឹងផ្លូវធំដែលអាចឱ្យអ្នកស្រីលក់ដូរបាន ហើយអ្នកស្រីថាផ្ទះនេះគឺជាអនុស្សាវរីយ៍ អស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។
បើតាមអ្នកស្រី ស៊ា ដាវី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេបានចូលរួមជាមួយសមាជិកសហគមន៍ផ្សេងទៀត ដើម្បីតស៊ូមតិដោយអហិង្សា ទាមទារសុំរស់នៅទីតាំងចាស់ដដែល។អ្នកស្រីបន្តថាចាប់តាំងពីអ្នកស្រីតស៊ូមតិកន្លងមក រូបគេរងនូវសំពាធផ្លូវចិត្ត និងរងអំពើហិង្សាពីសំណាក់អាជ្ញាធរថែមទៀតផង។
អ្នកស្រីថ្លែងថា៖ «សុខភាពមួយឆ្នាំចុងក្រោយនេះវេទនា និយាយតាំងពីគេលុបដីបឹង រើកន្លែងអាស្រ័យផល ហើយដល់ដីលំនៅឋានទៀត គេដាក់លិខិតឲ្យរុះរើ ផ្ទះអ្នកនេះ ផ្ទះអ្នកនោះ ដល់រុះរើទាំងសហគមន៍ទៀត កាន់តែធ្វើឲ្យគិតច្រើន យប់ខ្លះដេកអត់លក់ទេ ម៉ោងមួយយប់អីទៅអង្គុយឆុងកាហ្វេ អង្គុយម្នាក់ឯង មួយយប់ទល់ភ្លឺ ដើរចេញដើរចូល ស្ត្រេស វាងងុយប៉ុន្តែគេងអត់លក់ »។
គេសង្កេតឃើញថាប្រជាជននៅតំបន់បឹងតាមោកដែលបានទទួលយកគោលនយោបាយសំណងលើកដំបូងមានចំនួន ៣២ ខ្នងផ្ទះ ហើយកំឡុងឆ្នាំ២០២៣នៅសល់ ៧៦ខ្នងផ្ទះ ដែលមានទៅដល់ ១០០គ្រួសារបន្តទទួលយកគោលនយោបាយជាបន្តបន្ទាប់ ក្រោយពីមានសកម្មភាព ការគំរាមកំហែងនានា និងការលាបពណ៌ចោទប្រកាន់ប្រជាពលរដ្ឋនៅតំបន់បឹងតាមោកដែលព្យាយាមតវ៉ាទាំងនោះថាជាក្រុមគណបក្សប្រឆាំង។
ចំណែកតំណាងប្រជាពលរដ្ឋបឹងតាមោកដែលកំពុងភៀសខ្លួននៅប្រទេសថៃដើម្បីគេចចេញពីដីការបស់តុលាការ អ្នកស្រី ប្រាក់ សុភា ឱ្យដឹងថាប្ដីរបស់អ្នកស្រីសម្រេចទទួលយកសំណងកាលពីចុងខែ មិថុនា នឹងគេដែរ ដោយទទួលបាន ផ្ទះមួយល្វែង រួមទាំងថវិកាមួយម៉ឺនដុល្លារ គឺដោយសារ អាជ្ញាធរបានគ្រោងនឹងឈូសឆាយលើផ្ទះអ្នកស្រី និងពលរដ្ឋផ្សេងទៀតដើម្បីសាងសង់ស្ពាន។
បើតាមអ្នកស្រី ប្រាក់ សុភា សំណងដែលរដ្ឋាភិបាលផ្ដល់ឱ្យគឺមិនអាចបំពេញតម្រូវការចំពោះទីផ្សារ ដែលមានតម្លៃក្រោមធម្យបានទេ ប្រសិនបើគ្រួសារអ្នកស្រីចង់យកទៅប្រើប្រាស់សម្រាប់ការតាំងទីលំនៅថ្មី។អ្នកស្រីឱ្យដឹងថាសាលាដំបូងរាជធានីភ្នំពេញនៅមិនទាន់ទម្លាក់ការចោទប្រកាន់លើអ្នកស្រីចំនួន៣ករណីអំឡុងពេលដែលអ្នកស្រីចេញមុខដឹកនាំការតវ៉ាកន្លងមកនៅឡើយទេ ដូច្នេះអ្នកស្រីបន្តរស់នៅក្រៅប្រទេសដដែល។អ្នកស្រីពិតជាសោកស្ដាយដែលអាជ្ញាធរមិនអាចឱ្យ អ្នកស្រី និងពលរដ្ឋផ្សេងទៀតអាចរស់នៅជាប់បឹងតាមោកបាន។
អ្នកស្រីបន្តថា៖«បើក្មួយសួរអារម្មណ៍ ឲ្យប្រៀបបាន ប្រៀបអត់បានទេ ប៉ុន្តែយើងត្រូវតែបង្ខំចិត្ត យកដោយការឈឺចិត្តបំផុត [ទទួលសំណងពីរដ្ឋាភិបាល] ហើយបើយើងមិនទទួលយកទេ គឺយើងអត់មានជំរើស ពីព្រោះអីថ្នាក់ដឹកនាំគាត់អត់អើពើ គាត់អត់ខ្វល់ពីការឈឺចាប់របស់ពួកយើងអញ្ចឹង យើងអត់មានជម្រើសទេ »។
ប្រភពដដែលឱ្យដឹងថាបឹងតាមោកគឺមានអត្ថន័យសំខាន់សម្រាប់អ្នកស្រី និងពលរដ្ឋឯទៀតគឺដោយសារបឹងតាមោកដែលធ្លាប់ឱ្យពលរដ្ឋអាចនេសាទត្រី បេះផ្កាឈូក រកខ្ចៅ និងចញ្ចឹមត្រី សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បានផ្តល់ក្តីសុខសម្រាប់សហគមន៍ ដែលរស់នៅជុំវិញបឹងធម្មជាតិមួយនេះ។មួយវិញទៀតបឹងនេះក៏ជាកន្លែងរំដោះទឹកជំនន់នៅរាជធានីភ្នំពេញនៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗដែរ។
អ្នកស្រីបន្តថា៖«ទីមួយវាលុបបំបាត់ធនធានធម្មជាតិដែលគួរឲ្យសោកស្ដាយបំផុត ទីពីរបើសិនជាបឹងនឹងនៅ ប្រជាពលរដ្ឋយើងច្រើនគ្រួសាររស់នៅដោយធូធារ ទីបីទៀតសោកស្ដាយការអភិវឌ្ឃមានសិទ្ធរស់នៅតែអស់លោកមន្ត្រី ឧកញ៉ា និងក្រុមហ៊ុន ចំណែកប្រជាពលរដ្ឋពួកយើង ត្រូវតែបង្ខំចិត្តចាកចេញ ដោយក្ដីឈឺចាប់ ដោយការសោកស្ដាយបំផុត ហើយយើងចង់ឲ្យបឹងតាមោកត្រឡប់វិញតែយើងអត់មានជំរើសអ្វី »។
មិនខុសគ្នាទេ តំណាងពលរដ្ឋម្នាក់ទៀត ដែលបង្ខំចិត្តទៅតាំងលំនៅថ្មី អ្នកស្រី សឿន ស្រីសុត ឱ្យដឹងថាមូលហេតុដែលគ្រួសារអ្នកស្រីព្រមទទួលយកសំណងគឺនៅពេលដែលប្ដីរបស់អ្នកស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ហើយគ្រួសារអ្នកស្រីមិនមានថវិកាទូទាត់ថ្លៃព្យាបាលជំងឺឱ្យប្តីរបស់អ្នកស្រី។
លើសពីនេះទៀត អាជ្ញាធរបានផ្ដល់សំណងផ្ទះ និងដីចំនួន២កន្លែង រួមទាំងថវិកាជាង១ម៉ឺនដុល្លារដែរ ប៉ុន្តែបច្ចុប្បន្នគ្រួសាររបស់ខ្លួន បានចំណាយលុយទាំងនោះអស់ដោយត្រូវឱ្យថ្លៃពេទ្យ និងជួសជុលផ្ទះបន្ថែមដើម្បីអាចរស់នៅបាន។
អ្នកស្រី សឿន ស្រីសុត ថ្លែងទៀតថាសំណងដែលទទួលបាននេះមិនអាចធ្វើឱ្យគ្រួសារអ្នកស្រីអាចប្រកបមុខរបររកត្រី និងបេះផ្កាឈូកដូចកន្លែងចាស់បាននោះឡើយ។ហើយបើគិតពីអនាគតកូនៗដែលកំពុងសិក្សាវិញ ក៏ជួបបញ្ហាដែរ ដោយសារតែទីតាំងថ្មីស្ថិតនៅផ្លូវលំដែលមិនអាចលក់ដូរបាន។
អ្នកស្រីបន្តថា ៖«មានតែលក់ដូរតិចតួចនៅផ្ទះបន្តទៀត ព្រោះដោយសារ បញ្ហាក្នុងគ្រួសារខ្ញុំប្ដីខ្ញុំ គាត់ជួបគ្រោះថ្នាក់ចររាចរណ៍អញ្ចឹង គាត់ប៉ះពាល់ក្បាលគាត់អត់អាចចេញទៅរកស៊ីក្រៅបានទេ អញ្ចឹងមានតែខ្ញុំនៅលក់ដូរតិចតួចនៅផ្ទះនឹងដើម្បីប្រកមុខបរបរចិញ្ចឹមជីវិត តទៅថ្ងៃមុខទៀត ដើម្បីដោះទាល់ការសិក្សារបស់កូនអញ្ចឹង ព្រោះបើខ្ញុំចេញរកក្រៅត្រូវចោលប្ដីគាត់អត់មានសតិ អត់មានស្មារតីអញ្ចឹងគឺអាចមានហានិភ័យ »។
ដោយឡែក អភិបាលរងសាលារាជធានីភ្នំពេញ លោក កើត ឆែ និងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បដិសេធក្នុងការអត្ថាធិប្បាយចំពោះបញ្ហានេះ មុននឹងផ្តាច់ទូរស័ព្ទចុះ។
រីឯប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថាទាក់ទងនឹងទំហំនៃសំណងរបស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋនៅទីនោះនៅមិនទាន់គ្រប់គ្រាន់ ឬស្មើនឹងទំហំនៃសំណងដែលពួកគាត់ត្រូវទទួលបាននោះទេ ព្រោះថាបើដំបន់នោះមានការអភិវឌ្ឍនៅនឹងកន្លែងប្រជាពលរដ្ឋនៅតំបន់នោះអាចមានជីវភាពប្រសើរជាងនេះ។
លោកបន្តថា៖«ហើយចំពោះសំណងយើងឃើញថា ប្រជាពលរដ្ឋភាគច្រើនហើយដែលគាត់បានព្រមទទួលសំណង ហើយដោះដូរទៅទីតាំងផ្សេង ប៉ុន្តែជាកាចាប់អារម្មណ៍របស់ខ្ញុំ ខ្ញុំគិតថាសំណងនោះវាមិនទាន់បានសមរម្យទៅតាមលក្ខខណ្ឌនៃការកាន់ដីធ្លី របស់គាត់នៅឡើយទេ »។
កាលពីឆ្នាំ២០២២ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីនៃបឹងតាមោកជាង ៧ ហិកតារ(៧,០៥) ឱ្យទៅអគ្គិសនីកម្ពុជា (EDC) និងចំនួន៣ហិកតារទៀត ឱ្យទៅតារាចម្រៀង និងជាសមាជិកបក្សកាន់អំណាច លោក ព្រាប សុវត្ថិ។ក្រៅពីនេះ ផ្ទៃដីបឹងតាមោកទំហំសរុបជាង៦ហិកតារទៀត កាត់ទៅឱ្យលោក សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃរក្រសួងមហាផ្ទៃ និង កាត់ដីបឹងតាមោកទំហំ៦៧ ហិកតារ ទៅឱ្យលោក នុត តុន ដែលគេស្គាល់ថាជានាយកក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa)។តួលេខនេះ នៅមិនទាន់គិតដល់មន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ដូចជាលោក ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ជាដើមនៅឡើយផង ដែលធ្លាប់ទទួលបានសិទ្ធិកាន់កាប់ដីនៅតំបន់បឹងតាមោកនេះដូចគ្នាដែរ៕