ភ្នំពេញ៖ នៅភូមិព្រែក​រទាំង   សង្កាត់​ព្រែកកំពឹស ស្ថិតនៅ​ប៉ែកអាគ្នេយ៍នៃខណ្ឌដង្កោ រាជធានីភ្នំពេញ នៅក្នុងរបងបរិវេណខាងមុខផ្ទះមាន​​​សួនបន្លែ ក្នុង​​ផ្ទះ​មាន​តុ កៅអី ក្ដារខៀន ធ្នើរសៀវភៅ ដែល​អាច​មើល​ដឹង​ថា​ទីនោះ​ជា​ទីតាំងបង្រៀន។ លោក សាន ដារ៉ាវីត អាយុ៣៥ឆ្នាំ បានរៀបចំផ្ទះ​ដែលខណ្ឌ​ចែក​បន្ទប់ជា៤ថ្នាក់សម្រាប់សិស្សរៀននេះកាលពីឆ្នាំ២០២៣  ក្រោយលោកមើលឃើញ​ពី​ភាពខ្វះខាត​របស់​ក្មេងៗ​ដែល​ចំណាកស្រុក​តាមឳពុកម្ដាយ​មក​រក​ការងារ​ធ្វើនៅទីក្រុងភ្នំពេញក្នុង​តំបន់នោះ ជាពិសេស​គឺ​ការបាត់បង់ឱកាស​រៀន​សូត្រ។ បន្ថែមពីការអប់រំ​ ទីតាំងបង្រៀននេះ ក៏មានផ្តល់ជាអាហារ២ពេល​សម្រាប់​សិស្សផងដែរ។

សកម្មភាពសិស្សកំពុងបោចស្មៅ នៅទីតាំងបង្រៀនសាខាភ្នំពេញ (រូបភាពផ្តល់ដោយ៖ លោក សាន ដារ៉ាវីត)

លោក សាន ដារ៉ាវីត និយាយថា៖ ‹‹យើងក៏ហៅ​គាត់មក​រៀន​ ​យើង​ឱ្យ​បាយ​គាត់ញ៉ាំ ឱ្យ​សៀវភៅ ឱ្យ​របស់​​លេង គាត់ក៏​ចូលចិត្ត​ហើយ​មករៀន។ ហើយ​មា្ដយឳពុក​របស់ពួកគាត់​ក៏ចេះតែដេញ​មក ឃើញ​បានអីហូប ស្រាប់​តែមួយរយៈ​ក្រោយ​ខ្ទង់ពីរខែក្រោយ​ស្រាប់តែ​មកជា​គំហុក ទាំងកម្មករ​ទាំងអ្នកធ្វើការ (កូនរបស់​ពួកគាត់) មកច្រើន​មែនទែន››។

ការបង្កើត​ទីតាំងបង្រៀន និងការបង្រៀនស្ម័គ្រចិត្តដល់ក្មេងៗតាមតំបន់ខ្វះខាត និងដាច់ស្រយាល បានរួម​ចំណែក​​ផ្តល់ការអប់រំដល់កុមារដែលមានជីវភាពខ្វះខាត និងកាត់​បន្ថយអាត្រា​នៃការបោះបង់​ចោលការ​សិក្សា។ អ្នកមានគំនិតផ្តួចផ្តើមបង្កើតទីតាំងបង្រៀន​ដូចជាលោក សាន ដារ៉ាវីត មានគោល​បំណងរួមគ្នាមួយ គឺ​ចង់ឃើញ​កុមារទទួល​បាន​ការអប់រំស្មើគ្នា និងបង្កើនចំណេះដឹង។

​លោក សាន ដារ៉ាវីតឲ្យដឹងថា ការបង្រៀន នៅ​ទីនោះ​មានបញ្ចូល ការសរសេរ ការអាន ភាសា​អង់គ្លេស ម៉ោងកំព្យូទ័រ និងម៉ោង​ធ្វើហត្ថកម្ម​ដូចជាដាំបន្លែ រើសសម្រាមជុំវិញសាលា បោចស្មៅ សម្អាត​ថ្នាក់​រៀន​ជាដើម។ គិតមក​ដល់ពេល​បច្ចុប្បន្ននេះ មានសិស្ស៥០នាក់ដែលកំពុងរៀននៅទីនោះ។


លោក សាន ដារ៉ាវីត ជាអ្នកបង្កើតទីតាំងបង្រៀនសម្រាប់កុមារនៅតំបន់ខ្វះខាត (រូបភាព៖ ស្អាត បុទុំម៉ា)

បើទោះជាមានបញ្ហាប្រឈម​ផ្សេងៗ ​ជា​ពិសេស​បញ្ហា​ហិរញ្ញវត្ថុយ៉ាងណាក្តី ​លោក​ ដារ៉ាវីត នៅ​តែរកវិធី និង​កៀរគរ​រក​ថវិកា​ដើម្បី​បន្ត​សកម្មភាពសម្រាប់ទីតាំងបង្រៀននេះ។

កន្លែងហូបអាហាររបស់ក្មេងៗនៅខណ្ឌដង្កោ (រូបភាព៖ ស្អាត បុទុំម៉ា)

នាពេលថ្មីៗនេះ លោក សាន ដារ៉ាវីត ក៏បាន​បង្កើតទីតាំងមួយទៀតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នោះក៏ដោយសារ​លោកមើល​ឃើញបញ្ហាដែលកុមារត្រូវបាត់បង់ពេល​វេលា និងឱកាស​រៀន​សូត្រ​ព្រោះ​​​កត្តាជីវភាព។ លោកថា កុមារដែលមានវ័យត្រូវសិក្សា បែរជានាំគ្នាចូលព្រៃកាប់ឈើ និងខ្លះទៀត​ទៅ​​នេសាទត្រី ដើម្បីបានប្រាក់មកចិញ្ចឹមក្រពះទៅវិញ។

លោក សាន ដារ៉ាវីត បន្ថែមថា៖ ‹‹អ្វី​ដែល​ពួកយើងចង់​បញ្ចូលឱ្យ​ពួកគាត់​នោះគឺ​ផ្នត់គំនិត ទោះបីគាត់​អត់​​ចេះអក្សរឬក៏​ចេះ ក៏គាត់​អាចទទួលបាន​ការអប់រំពាក់ព័ន្ធ​នឹងសីលធម៌ ​ការ​រស់​នៅ ការស្វែងរក​អាជីព។ អ្វី​ដែលយើងផ្ដល់ឱ្យ​គាត់ គឺផ្ដោតទៅ​លើរបៀប​គិត។ ​យើងអត់​បានផ្ដោតទៅ​លើ​របៀប​​នៅ​​ក្នុង​ការរៀនម៉េច​ឱ្យពូកែ អ្វីដែល​យើងព្យាយាម​ផ្ដល់ឱ្យគាត់​គឺ​គំនិត​នៅក្នុងការគិត និង​របៀប​រស់​នៅ​ជាការ​ប្រកប​អាជីព​ប្រចាំខ្លួន​ទៅថ្ងៃអនាគត​››។

ចំណែកកញ្ញា អ៊ា សុគន្ធារី អាយុ ២៦ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ បច្ចុប្បន្ន​ជាគ្រូ​បង្រៀន​​ស្ម័គ្រចិត្តនៅភូមិព្រែក​រទាំង   សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ។ កញ្ញាបានចំណាយពេល​មួយថ្ងៃ​ចាប់​ពី​ម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចដើម្បីបង្រៀនសិស្ស ហើយមុខវិជ្ជាដែលបង្រៀននោះ​រួមមាន​ភាសា​ខ្មែរ និងគណិតវិទ្យា និងពេលខ្លះនាំសិស្សឱ្យដាំបន្លែផងដែរ។

កញ្ញា អ៊ា សុគន្ធារី ដែលជាគ្រូបង្រៀនស្ម័គ្រសិស្សក្រីក្រប្រមាណជា១ឆ្នាំមកនេះឲ្យដឹងទៀត​ថា ការសម្រេច​មកធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនេះ គឺដោយសារកញ្ញា​មានចិត្តស្រលាញ់​វិស័យអប់រំផង និង​មាន​​ទឹក​ចិត្ត​អាណិតដល់ក្មេងៗដែលមិនទទួលបានការអប់រំផង។  

កញ្ញាបន្ថែមថា៖ ‹‹ការងារក្នុងក្ដីស្រម៉ៃរបស់ខ្ញុំគឺខ្ញុំ​ស្រលាញ់​ខាងវិស័យអប់រំ។ មួយវិញទៀត​ខ្ញុំមាន​ចិត្ត​អាណិតដល់ក្មេងៗ​ដែលគាត់មានការខ្វះខាតពុំ​ទាន់​​ទទួលបានការសិក្សា ហើយខ្ញុំគិតថាខ្ញុំ​ជាផ្នែក​មួយ​​ដែលអាចជួយ​ឱ្យពួកគាត់អាចឆ្លងផុតពីភាពល្ង​ង់​ខ្លៅ​បាន››។

កញ្ញា អ៊ា សុគន្ធារី គ្រូបង្រៀនស្ម័គ្រចិត្តក្មេងៗនៅខណ្ឌដង្កោ (រូបភាពផ្តល់ដោយ៖ អ៊ា សុគន្ធារី)

បើតាមការរៀបរាប់របស់កញ្ញា អ៊ា សុគន្ធារី ការបង្រៀននៅទីនោះមិនមែនគ្រាន់​តែឱ្យក្មេងៗ​ចេះអាន​អក្ស​រប៉ុណ្ណោះទេ តែក៏បានផ្ដោតសំខាន់ទៅលើការងារសិល្បៈ និងគំនិតច្នៃប្រឌិតផងដែរ ដើម្បីបំប៉ន​បន្ថែម​ឲ្យក្មេងៗអាចទៅរៀនបន្ដនៅសាលារដ្ឋផងដែរ។

កញ្ញាថា ការងារ​ស្ម័គ្រចិត្ត​ បានរួមចំណែកជួយសម្រាលបន្ទុកសង្គម ជាក់ស្ដែង​ដូចជា​ការ​បង្រៀនសិស្ស​ក្រីក្រ ហើយថាការងារ​សង្គមប្រភេទនេះគឺត្រូវ​ការ​កម្លាំង​យុវជន។

កញ្ញាបានលើកឡើងថា៖ ‹‹ខ្ញុំគិតថាការងារសង្គមគឺជាការងារស្ម័គ្រចិត្ត​ដើម្បីចូលរួមអភិវឌ្ឍ​សង្គម​តាម​លទ្ធភាព និងតាមសមត្ថភាពរបស់យុវជនដែលមាន​សមត្ថភាពរៀងៗខ្លួន តាម​សណ្ឋាន​នីមួយៗ​​​​នៃ​ការងារ​របស់សង្គម។ នៅថ្ងៃអនាគតខ្ញុំនៅតែបន្ដ​ក្នុង​វិស័យ​អាជីព​ជាគ្រូបង្រៀននេះរហូត››​។

ក្រៅពីតំបន់ខ្វះខាតក្នុងរាជធានីភ្នំពេញហើយនោះ នៅតាមបណ្តាខេត្តផ្សេងៗ​ក៏មានការចូលរួមការងារ​សង្គម​​ស្រដៀង​គ្នាដែរ។

នៅ​ក្នុង​ភូមិ​ប្រីយ៍ពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ដែលជា​តំបន់​ដាច់ស្រយោល​នៅ​ខេត្ត​កំពតវិញ មានលោក អ៊ុង សេរីវុទ្ធ អាយុ​៣៨ឆ្នាំដែលបានបង្កើត​កន្លែង​បង្រៀន​ដល់កុមារផងដែរ។ លោក សេរីវុទ្ធ ថ្លែងថាការខ្វះខាតកាល​​ពី​កុមារភាព​របស់​​លោកបានជំរុញ​ឲ្យ​លោកសម្រេច​ចិត្តយកចំណេះ​ដែល​មាន​និង​ធនធាន​មួយចំនួន មក​រៀបជាបណ្ណាល័យ តូបសៀវភៅ និង​បង្រៀន​ក្មេង ដោយ​យក​ផ្ទះ​របស់​ខ្លួន​ជាបន្ទប់​រៀន និង​ទីតាំង​ដាក់សៀវភៅ។  ​

លោក អ៊ុង សេរីវុទ្ធ និយាយថា៖ «នឹក​ឃើញ​ថា​មិន​ចង់​រស់នៅ​ភ្នំពេញ​ទេព្រោះថា បើសិន​ជា​យើង​អាច​ត្រលប់​​ទៅ​ជនបទ​តំបន់​ណា​មួយដែល​ដាច់​ស្រយាល​អ៊ីចឹងទៅ ពលរដ្ឋដែល​គាត់​ត្រូវ​ការ​ដែល​គាត់​ចង់​បាន​ការរៀនសូត្រ​ដូច​ជំនាន់​កាល​ពី​ខ្ញុំ​ចង់​រៀន​ ចឹង​យើង​អាច​ចែក​រំលែក​ការ​ចេះដឹង​របស់​យើង​តិចតួច​ហ្នឹងទៅ​ដល់​សហគមន៍​ដែល​គាត់​ត្រូវ​ការ​ការរៀនសូត្រ»។

លោក អ៊ុង សេរីវុទ្ធ និងក្មេងៗក្នុងភូមិកំពុងរៀន។ (រូបភាពផ្តល់ឲ្យ៖ អ៊ុង សេរីវុទ្ធ)

លោក សេរីវុទ្ធ​បាន​ចាប់​ផ្ដើម​ការងារ​បង្រៀនស្ម័គ្រចិត្ត និង​រៀបបណ្ណាល័យ​ដើម្បី​កុមារ​បាន​អាន​សៀវភៅ​កាលពី​ដើម​ឆ្នាំ២០២៤នេះ។​ ការ​បង្រៀន​របស់​លោក​ផ្ដល់​លើកម្រិត​បឋម ដែល​មាន​ភាសាខ្មែរ អង់គ្លេស និង​មុខវិជ្ជាបំនិន​បន្ថែម។ លោក​តែង​បង្រៀន​ក្មេង​នៅ​ចន្លោះ​ម៉ោង៤​​ទៅ​ម៉ោង​៥ល្ងាច រាល់ថ្ងៃតាម​កាល​វិភាគ​ដែល​លោក​រៀបចំ។ លោក​បន្ត​ថា ជារៀង​រាល់​ថ្ងៃ​សិស្សតែង​មក​រៀន​មុន​ម៉ោង​ ដោយសារ​ពួក​គេ​ចង់​​​អាន​​សៀវភៅនិទាន​មុន​ម៉ោង​ចូល​រៀន ដែល​លោកយល់​ថានេះជាលទ្ធផល​វិជ្ជមាន។ ជា​មធ្យម​​ ចំនួន​សិស្សមករៀនមាន​ចន្លោះពី១០ ទៅ​១៦នាក់​។

លោកថា៖ «ចឹង​វិជ្ជាមាន​ទីមួយ កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ធ្វើ​ឱ្យ​ក្មេង​បាន​ងាក​មក​មើល​សៀវភៅ​ និង​មក​លេង​ល្បែង​កីឡា​។ ទី​ពីរ​យើង​ដាក់​លក្ខខណ្ឌ​ឱ្យ​គាត់​អាន​ហើយ​គាត់​ត្រូវ​សង្ខេប​រឿង​ហ្នឹង ចឹង​គាត់​ប្រយ័ត្ន​ណាស់​ពេល​ដែល​គាត់អាន​ហើយ​ គាត់​​ត្រូវ​ចាំ​រឿង​ហ្នឹងដើម្បី​អាច​យក​មក​និយាយ​ក្នុង​ថ្នាក់»។

បច្ចុប្បន្នបណ្ណាល័យ​ក្នុង​ផ្ទះ និង​តូប​សៀវភៅ​តូចមួយនៅ​មុខផ្ទះមាន​សៀវភៅ​សរុប​ប្រមាណ ១៦០០​ ក្បា​ល។  ក្នុងនោះសៀវភៅខ្លះជា​របស់​លោកផ្ទាល់​ និងខ្លះទៀតជា​ជំនួយពី​សប្បុរសជន។  

​ដើម្បី​ឱ្យ​កុមារមានលទ្ធភាព និងឱកាស​​រៀន​តាម​រយៈការអាន​សៀវភៅ ​លោកតែង​យក​សៀវភៅ​ដាក់​តាម​សាលារៀន​ ចល័តតាមភូមិជិតៗនោះជា​រៀងរាល់​ចុងសប្ដាហ៍។ សម្រាប់ពេល​អនាគត លោក​មាន​បំណង​ចង់​បង្កើត​ទីតាំងរៀន​ដែល​បញ្ចូល​ជំនាញ​ស្ទែម​ដែលផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បី​ឱ្យ​ក្មេង​ៗ​នៅ​តំបន់​នេះ​អាច​មានចំណេះ​ជំនាញ​ថ្មី។

ចំណែកកញ្ញា ហួ ស៊ីនិត មានអាយុ ២៣ ឆ្នាំ សព្វថ្ងៃជាគ្រូ​បង្រៀនថ្នាក់បឋមសិក្សា​នៅខេត្តបន្ទាយ​មាន​ជ័យ។ មិនខុសគ្នាពីអ្នកផ្សេងនោះទេ និស្សិតដែលទើបបញ្ចប់ការសិក្សា​រូបនេះ​ឆ្លៀ​ត​​ពេ​ល​ឈប់​ស​ម្រា​ក​ពី​កា​រ​ងារ ដើម្បី​បើ​ក​ដំណើរការបណ្ណាល័យតូចមួយ​។ ផ្ដើមចេញ​ពីការ​យក​សៀវភៅ​​ទៅ​ដាក់នៅ​សាលា​ឆទាន​ដើម្បីបណ្តុះទម្លាប់អានដល់ក្មេងៗក្នុងសហគមន៍ ​ កញ្ញា​សម្រេច​ចិត្ត​សាងសង់បណ្ណាល័យតូច​មួយ​​នៅលើដីផ្ទះ​របស់ខ្លួន ដើម្បីអាចឱ្យ​ក្មេងៗក្នុងភូមិ​មកអានសៀវភៅ​ដោយឥតគិតថ្លៃ​ក្នុងពេល​ទំនេរ​ពី​ការសិក្សា។

កញ្ញា ហួ ស៊ីនិត​ ជាអ្នក​បង្កើត​​បណ្ណាល័យ​នៅខេត្ត​ បន្ទាយ​មាន​ជ័យ​។ (​រូបភាព​ផ្ដល់ដោយ៖​ ហួ ស៊ីនិត​)

បណ្ណាល័យដែលបានបើកដំណើរការជិត១​ឆ្នាំ​កន្លះនេះ កើតចេញពីថ​វិ​​កា​​​​​​​​​​​​​ផ្ទា​​​ល់​​​​​​​​​ខ្លួ​​​​នរបស់កញ្ញាហួ ស៊ីនិត និងជំ​​នួ​​​យ​​​​​​​ពី​​​​​​​​​​​​សំណា​​​​​ក់​​ស​​ប្បុ​រ​សជ​ន​ទាំង​​​ស​​ម្ភារៈ ​​​និ​ង​​​ថ​​វិ​កាខ្លះ ព្រមទាំង​​​​​​​​​​​​​​​​​​​​ទ​​​​ទួល​​​​​​​​​បា​​ន​កា​រ​​​អ​​​នុ​​​ញ្ញា​​​​ត​​​​​​ពី​​​​​​​​​ភូ​​​​មិ​​​​​​​ឃុំ​​​​។

កញ្ញា​បន្ត​ថា​ បន្ថែម​ពី​លើ​នោះ​​កញ្ញា​បាន​បង្កើ​ត​​​ស​ក​ម្ម​​​ភា​ព​​មួ​​​​យ​​​ចំ​នួ​ន​​ដែ​ល​​​អា​ច​​​ជួ​យ​​​ឱ្យ​​​ក្មេ​​ង​​​ប​ង្កើត​សក​ម្ម​​​ភា​ព​​ផ្សេងៗទៀត​​​រួ​ម​​​មា​ន​ ​កា​រ​ផា​ត់​​​​រូ​ប​​​គំ​នូ​រ​​​ ​កា​​រ​​អា​ន និង​ការ​និទាន​រឿង​ជូន​ទៅ​ដល់​ក្មេងតូចៗ​ហើយ​ក៏ មាន​ជា​សំនួរសួរ​​ទៅ​កាន់​ពួក​គាត់​​បន្ទាប់​ពី​ការ​និទាន​បាន​បញ្ចប់។

កញ្ញា​បា​ន​​​​ប​​​​​ន្ថែម​​​ថា៖ «តាំង​ពី​បង្កើត​​បណ្ណា​ល័យ​នៅ​ក្នុង​ភូមិ​មកសង្កេត​ឃើញ​ថា​​ក្មេង​ៗភាគ​ច្រើន​ពួក​គាត់​បាន​​​​​ផ្លាស់​ប្ដូរ​ពីទម្លាប់​ចូល​ចិត្ត​​លេង​ហ្គេម​តាម​ទូរស័ព្ទឥត​ប្រយោជន៍ ​​បែរ​​មក​​បង្កើត​ទម្លាប់​ចូល​ចិត្ត​អាន​​​​​​សៀវ​ភៅ​ទៅ​វិញ»។

អ្នក​វិភាគ​នយោ​បាយនិង​សង្គម ​លោក​បណ្ឌិត​ មាស នី យល់ថាទំនោរ​របស់​យុវជនដែល​ធ្វើការ​ស្ម័គ្រ​បង្រៀន​​ក្មេង​គឺ​ជា​រឿង​ល្អប្រសើរ​ ដោយឆ្លុះបញ្ជាំងពីការ​គិត​គូរ និង​ចេះ​ចែក​រំលែក​អ្វីដែលខ្លួនមានទៅ​កាន់​ក្មេងជំនាន់​ក្រោយ​​​។

លោកបណ្ឌិត មាស នី ថ្លែងថា៖ «​គឺ​អ្វី​ដែល​យុវជន​មើល​ឃើញ​ថា​ជា​បញ្ហា​សង្គម​ ជា​តម្រូវ​ការ​របស់​សង្គម​ដែល​គាត់​ចង់​បាន​ជា​រឿង​ល្អមែន​ទែន។ ហើយ​ការ​ដែល​ទៅ​ជួយ​ជា​ការ​ងារ​ស្ម័គ្រ​ចិត្ត​ក៏​មិន​មែន​ជា​រឿង​អត់​ប្រយោជន៍​​សម្រាប់​យុវជន​ទាំង​អស់​ហ្នឹង​ដែរ ព្រោះ​នេះ​​ក៏​ជា​ការ​ពង្រឹង​និង​ពង្រីកបទ​ពិសោធន៍​​​​របស់​គាត់»។

លោក​បន្ថែមថា​ សកម្មភាព​របស់​យុវជន​ដែល​ស្ម័គ្រចិត្ត​លើ​ការងារ​ផ្សេងៗ​ដើម្បី​វិស័យអប់រំ​គួរ​ត្រូវ​បាន​លើកទឹក​ចិត្ត​ពី​រដ្ឋ និង​ភាគីពាក់ព័ន្ធ។

អ្នកស័្មគ្រ​ចិត្តទាំងនេះលើកឡើង​ថា ពួកគេ​នៅ​តែ​បន្ត​ធ្វើ​ការងារ​អប់រំ​នេះទៀត​ និង​បន្ថែម​ការអប់រំ​ថ្មីៗ​ជាបន្តបន្ទាប់​​​តាម​​លទ្ធភាពដែល​អាច​ធ្វើ​​បាន ដើម្បី​រួម​​ចំណែក​​បណ្ដុះ​គំនិត​ស្រឡាញ់​ការ​សិក្សា និង​ផ្តល់​ឱកាស​រៀន​សូត្រ​ដល់​ក្មេង​ៗ​​នៅ​​តាម​តំបន់​ខ្វះខាត៕