ភ្នំពេញ៖ នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ស្ថិតនៅប៉ែកអាគ្នេយ៍នៃខណ្ឌដង្កោ រាជធានីភ្នំពេញ នៅក្នុងរបងបរិវេណខាងមុខផ្ទះមានសួនបន្លែ ក្នុងផ្ទះមានតុ កៅអី ក្ដារខៀន ធ្នើរសៀវភៅ ដែលអាចមើលដឹងថាទីនោះជាទីតាំងបង្រៀន។ លោក សាន ដារ៉ាវីត អាយុ៣៥ឆ្នាំ បានរៀបចំផ្ទះដែលខណ្ឌចែកបន្ទប់ជា៤ថ្នាក់សម្រាប់សិស្សរៀននេះកាលពីឆ្នាំ២០២៣ ក្រោយលោកមើលឃើញពីភាពខ្វះខាតរបស់ក្មេងៗដែលចំណាកស្រុកតាមឳពុកម្ដាយមករកការងារធ្វើនៅទីក្រុងភ្នំពេញក្នុងតំបន់នោះ ជាពិសេសគឺការបាត់បង់ឱកាសរៀនសូត្រ។ បន្ថែមពីការអប់រំ ទីតាំងបង្រៀននេះ ក៏មានផ្តល់ជាអាហារ២ពេលសម្រាប់សិស្សផងដែរ។

លោក សាន ដារ៉ាវីត និយាយថា៖ ‹‹យើងក៏ហៅគាត់មករៀន យើងឱ្យបាយគាត់ញ៉ាំ ឱ្យសៀវភៅ ឱ្យរបស់លេង គាត់ក៏ចូលចិត្តហើយមករៀន។ ហើយមា្ដយឳពុករបស់ពួកគាត់ក៏ចេះតែដេញមក ឃើញបានអីហូប ស្រាប់តែមួយរយៈក្រោយខ្ទង់ពីរខែក្រោយស្រាប់តែមកជាគំហុក ទាំងកម្មករទាំងអ្នកធ្វើការ (កូនរបស់ពួកគាត់) មកច្រើនមែនទែន››។
ការបង្កើតទីតាំងបង្រៀន និងការបង្រៀនស្ម័គ្រចិត្តដល់ក្មេងៗតាមតំបន់ខ្វះខាត និងដាច់ស្រយាល បានរួមចំណែកផ្តល់ការអប់រំដល់កុមារដែលមានជីវភាពខ្វះខាត និងកាត់បន្ថយអាត្រានៃការបោះបង់ចោលការសិក្សា។ អ្នកមានគំនិតផ្តួចផ្តើមបង្កើតទីតាំងបង្រៀនដូចជាលោក សាន ដារ៉ាវីត មានគោលបំណងរួមគ្នាមួយ គឺចង់ឃើញកុមារទទួលបានការអប់រំស្មើគ្នា និងបង្កើនចំណេះដឹង។
លោក សាន ដារ៉ាវីតឲ្យដឹងថា ការបង្រៀន នៅទីនោះមានបញ្ចូល ការសរសេរ ការអាន ភាសាអង់គ្លេស ម៉ោងកំព្យូទ័រ និងម៉ោងធ្វើហត្ថកម្មដូចជាដាំបន្លែ រើសសម្រាមជុំវិញសាលា បោចស្មៅ សម្អាតថ្នាក់រៀនជាដើម។ គិតមកដល់ពេលបច្ចុប្បន្ននេះ មានសិស្ស៥០នាក់ដែលកំពុងរៀននៅទីនោះ។

លោក សាន ដារ៉ាវីត ជាអ្នកបង្កើតទីតាំងបង្រៀនសម្រាប់កុមារនៅតំបន់ខ្វះខាត (រូបភាព៖ ស្អាត បុទុំម៉ា)
បើទោះជាមានបញ្ហាប្រឈមផ្សេងៗ ជាពិសេសបញ្ហាហិរញ្ញវត្ថុយ៉ាងណាក្តី លោក ដារ៉ាវីត នៅតែរកវិធី និងកៀរគររកថវិកាដើម្បីបន្តសកម្មភាពសម្រាប់ទីតាំងបង្រៀននេះ។

នាពេលថ្មីៗនេះ លោក សាន ដារ៉ាវីត ក៏បានបង្កើតទីតាំងមួយទៀតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នោះក៏ដោយសារលោកមើលឃើញបញ្ហាដែលកុមារត្រូវបាត់បង់ពេលវេលា និងឱកាសរៀនសូត្រព្រោះកត្តាជីវភាព។ លោកថា កុមារដែលមានវ័យត្រូវសិក្សា បែរជានាំគ្នាចូលព្រៃកាប់ឈើ និងខ្លះទៀតទៅនេសាទត្រី ដើម្បីបានប្រាក់មកចិញ្ចឹមក្រពះទៅវិញ។
លោក សាន ដារ៉ាវីត បន្ថែមថា៖ ‹‹អ្វីដែលពួកយើងចង់បញ្ចូលឱ្យពួកគាត់នោះគឺផ្នត់គំនិត ទោះបីគាត់អត់ចេះអក្សរឬក៏ចេះ ក៏គាត់អាចទទួលបានការអប់រំពាក់ព័ន្ធនឹងសីលធម៌ ការរស់នៅ ការស្វែងរកអាជីព។ អ្វីដែលយើងផ្ដល់ឱ្យគាត់ គឺផ្ដោតទៅលើរបៀបគិត។ យើងអត់បានផ្ដោតទៅលើរបៀបនៅក្នុងការរៀនម៉េចឱ្យពូកែ អ្វីដែលយើងព្យាយាមផ្ដល់ឱ្យគាត់គឺគំនិតនៅក្នុងការគិត និងរបៀបរស់នៅជាការប្រកបអាជីពប្រចាំខ្លួនទៅថ្ងៃអនាគត››។
ចំណែកកញ្ញា អ៊ា សុគន្ធារី អាយុ ២៦ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ បច្ចុប្បន្នជាគ្រូបង្រៀនស្ម័គ្រចិត្តនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ កញ្ញាបានចំណាយពេលមួយថ្ងៃចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចដើម្បីបង្រៀនសិស្ស ហើយមុខវិជ្ជាដែលបង្រៀននោះរួមមានភាសាខ្មែរ និងគណិតវិទ្យា និងពេលខ្លះនាំសិស្សឱ្យដាំបន្លែផងដែរ។
កញ្ញា អ៊ា សុគន្ធារី ដែលជាគ្រូបង្រៀនស្ម័គ្រសិស្សក្រីក្រប្រមាណជា១ឆ្នាំមកនេះឲ្យដឹងទៀតថា ការសម្រេចមកធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនេះ គឺដោយសារកញ្ញាមានចិត្តស្រលាញ់វិស័យអប់រំផង និងមានទឹកចិត្តអាណិតដល់ក្មេងៗដែលមិនទទួលបានការអប់រំផង។
កញ្ញាបន្ថែមថា៖ ‹‹ការងារក្នុងក្ដីស្រម៉ៃរបស់ខ្ញុំគឺខ្ញុំស្រលាញ់ខាងវិស័យអប់រំ។ មួយវិញទៀតខ្ញុំមានចិត្តអាណិតដល់ក្មេងៗដែលគាត់មានការខ្វះខាតពុំទាន់ទទួលបានការសិក្សា ហើយខ្ញុំគិតថាខ្ញុំជាផ្នែកមួយដែលអាចជួយឱ្យពួកគាត់អាចឆ្លងផុតពីភាពល្ងង់ខ្លៅបាន››។

បើតាមការរៀបរាប់របស់កញ្ញា អ៊ា សុគន្ធារី ការបង្រៀននៅទីនោះមិនមែនគ្រាន់តែឱ្យក្មេងៗចេះអានអក្សរប៉ុណ្ណោះទេ តែក៏បានផ្ដោតសំខាន់ទៅលើការងារសិល្បៈ និងគំនិតច្នៃប្រឌិតផងដែរ ដើម្បីបំប៉នបន្ថែមឲ្យក្មេងៗអាចទៅរៀនបន្ដនៅសាលារដ្ឋផងដែរ។
កញ្ញាថា ការងារស្ម័គ្រចិត្ត បានរួមចំណែកជួយសម្រាលបន្ទុកសង្គម ជាក់ស្ដែងដូចជាការបង្រៀនសិស្សក្រីក្រ ហើយថាការងារសង្គមប្រភេទនេះគឺត្រូវការកម្លាំងយុវជន។
កញ្ញាបានលើកឡើងថា៖ ‹‹ខ្ញុំគិតថាការងារសង្គមគឺជាការងារស្ម័គ្រចិត្តដើម្បីចូលរួមអភិវឌ្ឍសង្គមតាមលទ្ធភាព និងតាមសមត្ថភាពរបស់យុវជនដែលមានសមត្ថភាពរៀងៗខ្លួន តាមសណ្ឋាននីមួយៗនៃការងាររបស់សង្គម។ នៅថ្ងៃអនាគតខ្ញុំនៅតែបន្ដក្នុងវិស័យអាជីពជាគ្រូបង្រៀននេះរហូត››។
ក្រៅពីតំបន់ខ្វះខាតក្នុងរាជធានីភ្នំពេញហើយនោះ នៅតាមបណ្តាខេត្តផ្សេងៗក៏មានការចូលរួមការងារសង្គមស្រដៀងគ្នាដែរ។
នៅក្នុងភូមិប្រីយ៍ពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ដែលជាតំបន់ដាច់ស្រយោលនៅខេត្តកំពតវិញ មានលោក អ៊ុង សេរីវុទ្ធ អាយុ៣៨ឆ្នាំដែលបានបង្កើតកន្លែងបង្រៀនដល់កុមារផងដែរ។ លោក សេរីវុទ្ធ ថ្លែងថាការខ្វះខាតកាលពីកុមារភាពរបស់លោកបានជំរុញឲ្យលោកសម្រេចចិត្តយកចំណេះដែលមាននិងធនធានមួយចំនួន មករៀបជាបណ្ណាល័យ តូបសៀវភៅ និងបង្រៀនក្មេង ដោយយកផ្ទះរបស់ខ្លួនជាបន្ទប់រៀន និងទីតាំងដាក់សៀវភៅ។
លោក អ៊ុង សេរីវុទ្ធ និយាយថា៖ «នឹកឃើញថាមិនចង់រស់នៅភ្នំពេញទេព្រោះថា បើសិនជាយើងអាចត្រលប់ទៅជនបទតំបន់ណាមួយដែលដាច់ស្រយាលអ៊ីចឹងទៅ ពលរដ្ឋដែលគាត់ត្រូវការដែលគាត់ចង់បានការរៀនសូត្រដូចជំនាន់កាលពីខ្ញុំចង់រៀន ចឹងយើងអាចចែករំលែកការចេះដឹងរបស់យើងតិចតួចហ្នឹងទៅដល់សហគមន៍ដែលគាត់ត្រូវការការរៀនសូត្រ»។

លោក សេរីវុទ្ធបានចាប់ផ្ដើមការងារបង្រៀនស្ម័គ្រចិត្ត និងរៀបបណ្ណាល័យដើម្បីកុមារបានអានសៀវភៅកាលពីដើមឆ្នាំ២០២៤នេះ។ ការបង្រៀនរបស់លោកផ្ដល់លើកម្រិតបឋម ដែលមានភាសាខ្មែរ អង់គ្លេស និងមុខវិជ្ជាបំនិនបន្ថែម។ លោកតែងបង្រៀនក្មេងនៅចន្លោះម៉ោង៤ទៅម៉ោង៥ល្ងាច រាល់ថ្ងៃតាមកាលវិភាគដែលលោករៀបចំ។ លោកបន្តថា ជារៀងរាល់ថ្ងៃសិស្សតែងមករៀនមុនម៉ោង ដោយសារពួកគេចង់អានសៀវភៅនិទានមុនម៉ោងចូលរៀន ដែលលោកយល់ថានេះជាលទ្ធផលវិជ្ជមាន។ ជាមធ្យម ចំនួនសិស្សមករៀនមានចន្លោះពី១០ ទៅ១៦នាក់។
លោកថា៖ «ចឹងវិជ្ជាមានទីមួយ កាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដែលធ្វើឱ្យក្មេងបានងាកមកមើលសៀវភៅ និងមកលេងល្បែងកីឡា។ ទីពីរយើងដាក់លក្ខខណ្ឌឱ្យគាត់អានហើយគាត់ត្រូវសង្ខេបរឿងហ្នឹង ចឹងគាត់ប្រយ័ត្នណាស់ពេលដែលគាត់អានហើយ គាត់ត្រូវចាំរឿងហ្នឹងដើម្បីអាចយកមកនិយាយក្នុងថ្នាក់»។
បច្ចុប្បន្នបណ្ណាល័យក្នុងផ្ទះ និងតូបសៀវភៅតូចមួយនៅមុខផ្ទះមានសៀវភៅសរុបប្រមាណ ១៦០០ ក្បាល។ ក្នុងនោះសៀវភៅខ្លះជារបស់លោកផ្ទាល់ និងខ្លះទៀតជាជំនួយពីសប្បុរសជន។
ដើម្បីឱ្យកុមារមានលទ្ធភាព និងឱកាសរៀនតាមរយៈការអានសៀវភៅ លោកតែងយកសៀវភៅដាក់តាមសាលារៀន ចល័តតាមភូមិជិតៗនោះជារៀងរាល់ចុងសប្ដាហ៍។ សម្រាប់ពេលអនាគត លោកមានបំណងចង់បង្កើតទីតាំងរៀនដែលបញ្ចូលជំនាញស្ទែមដែលផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីឱ្យក្មេងៗនៅតំបន់នេះអាចមានចំណេះជំនាញថ្មី។
ចំណែកកញ្ញា ហួ ស៊ីនិត មានអាយុ ២៣ ឆ្នាំ សព្វថ្ងៃជាគ្រូបង្រៀនថ្នាក់បឋមសិក្សានៅខេត្តបន្ទាយមានជ័យ។ មិនខុសគ្នាពីអ្នកផ្សេងនោះទេ និស្សិតដែលទើបបញ្ចប់ការសិក្សារូបនេះឆ្លៀតពេលឈប់សម្រាកពីការងារ ដើម្បីបើកដំណើរការបណ្ណាល័យតូចមួយ។ ផ្ដើមចេញពីការយកសៀវភៅទៅដាក់នៅសាលាឆទានដើម្បីបណ្តុះទម្លាប់អានដល់ក្មេងៗក្នុងសហគមន៍ កញ្ញាសម្រេចចិត្តសាងសង់បណ្ណាល័យតូចមួយនៅលើដីផ្ទះរបស់ខ្លួន ដើម្បីអាចឱ្យក្មេងៗក្នុងភូមិមកអានសៀវភៅដោយឥតគិតថ្លៃក្នុងពេលទំនេរពីការសិក្សា។

បណ្ណាល័យដែលបានបើកដំណើរការជិត១ឆ្នាំកន្លះនេះ កើតចេញពីថវិកាផ្ទាល់ខ្លួនរបស់កញ្ញាហួ ស៊ីនិត និងជំនួយពីសំណាក់សប្បុរសជនទាំងសម្ភារៈ និងថវិកាខ្លះ ព្រមទាំងទទួលបានការអនុញ្ញាតពីភូមិឃុំ។
កញ្ញាបន្តថា បន្ថែមពីលើនោះកញ្ញាបានបង្កើតសកម្មភាពមួយចំនួនដែលអាចជួយឱ្យក្មេងបង្កើតសកម្មភាពផ្សេងៗទៀតរួមមាន ការផាត់រូបគំនូរ ការអាន និងការនិទានរឿងជូនទៅដល់ក្មេងតូចៗហើយក៏ មានជាសំនួរសួរទៅកាន់ពួកគាត់បន្ទាប់ពីការនិទានបានបញ្ចប់។
កញ្ញាបានបន្ថែមថា៖ «តាំងពីបង្កើតបណ្ណាល័យនៅក្នុងភូមិមកសង្កេតឃើញថាក្មេងៗភាគច្រើនពួកគាត់បានផ្លាស់ប្ដូរពីទម្លាប់ចូលចិត្តលេងហ្គេមតាមទូរស័ព្ទឥតប្រយោជន៍ បែរមកបង្កើតទម្លាប់ចូលចិត្តអានសៀវភៅទៅវិញ»។
អ្នកវិភាគនយោបាយនិងសង្គម លោកបណ្ឌិត មាស នី យល់ថាទំនោររបស់យុវជនដែលធ្វើការស្ម័គ្របង្រៀនក្មេងគឺជារឿងល្អប្រសើរ ដោយឆ្លុះបញ្ជាំងពីការគិតគូរ និងចេះចែករំលែកអ្វីដែលខ្លួនមានទៅកាន់ក្មេងជំនាន់ក្រោយ។
លោកបណ្ឌិត មាស នី ថ្លែងថា៖ «គឺអ្វីដែលយុវជនមើលឃើញថាជាបញ្ហាសង្គម ជាតម្រូវការរបស់សង្គមដែលគាត់ចង់បានជារឿងល្អមែនទែន។ ហើយការដែលទៅជួយជាការងារស្ម័គ្រចិត្តក៏មិនមែនជារឿងអត់ប្រយោជន៍សម្រាប់យុវជនទាំងអស់ហ្នឹងដែរ ព្រោះនេះក៏ជាការពង្រឹងនិងពង្រីកបទពិសោធន៍របស់គាត់»។
លោកបន្ថែមថា សកម្មភាពរបស់យុវជនដែលស្ម័គ្រចិត្តលើការងារផ្សេងៗដើម្បីវិស័យអប់រំគួរត្រូវបានលើកទឹកចិត្តពីរដ្ឋ និងភាគីពាក់ព័ន្ធ។
អ្នកស័្មគ្រចិត្តទាំងនេះលើកឡើងថា ពួកគេនៅតែបន្តធ្វើការងារអប់រំនេះទៀត និងបន្ថែមការអប់រំថ្មីៗជាបន្តបន្ទាប់តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីរួមចំណែកបណ្ដុះគំនិតស្រឡាញ់ការសិក្សា និងផ្តល់ឱកាសរៀនសូត្រដល់ក្មេងៗនៅតាមតំបន់ខ្វះខាត៕