កំពត៖ សំឡេងរលកទឹកសមុទ្រ អមជាមួយខ្យល់បកតិចៗ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត ដែលកំពុងអង្គុយក្នុងទីស្នាក់ការនៅខេត្តកំពត ឲ្យដឹងថា មុនពេលបង្កើតសហគមន៍នេះ ប្រជាពលរដ្ឋ ព្រមទាំងរូបលោកផ្ទាល់មិនមានការយល់ដឹងទំនាក់ទំនងរវាងព្រៃកោងកាង និងជីវៈចម្រុះនោះទេ។ លោក អ៊ុក សុវណ្ណរិទ្ធ សំដៅដល់ ផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃកោងកាង និងសារៈសំខាន់នៃការការពារព្រៃកោងកាងសម្រាប់ជីវៈចម្រុះ។
មានសម្បុរខ្មៅស្រអែម អមជាមួយទឹកមុខយ៉ាងមាំ លោក អ៊ុក សុវណ្ណរិទ្ធថ្លែងថា៖ «ការបង្កើតសហគមន៍ដើម្បីការពារធនធានធម្មជាតិ និងការពារដើម្បីកុំឱ្យមានការនេសាទខុសច្បាប់ អ្នកដែលមានឧបករណ៍ធំៗគាត់មកធ្វើការនេសាទដល់ដែនទឹករាក់ដែលមានជម្រៅ ២ទៅ៣ម៉ែត្រ ហើយសម្បូរទៅដោយស្មៅ»។
សហគមន៍នេសាទព្រែកត្នោតនេះ បាននិងកំពុងចូលរួមការពារនិរន្តរភាពព្រៃកោងកាង បន្ទាប់ពីធនធានធម្មជាតិនៅតំបន់នេះឈានទៅរកការផុតពូជ ដោយសារប្រជាពលរដ្ឋមួយចំនួនកាប់បំផ្លាញ ក្រោមរូបភាពយកទៅធ្វើអូសដុត និង កាប់ព្រៃដើម្បីនេសាទត្រី។ តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២០ សហគមន៍នេះបានដាំដើមកោងកាងបានប្រហែលពីរម៉ឺនដើម។
ស្ថិតក្នុងទំហំផ្ទៃដី ១,១៦៨ហិកតា សហគមន៍នេសាទព្រែកត្នោត ជាកន្លែងការពារព្រៃកោងកាងពីការកាប់បំផ្លាញរបស់ប្រជាពលរដ្ឋ និងជាកន្លែងដែលត្រូវបានដាំដុះដើមកោងកាងឡើងវិញ។ បន្ថែមពីនេះ សហគមន៍នេះ ក៏ជាកន្លែងអភរិក្សធនធាន និងជីវៈចម្រុះសមុទ្រយ៉ាងច្រើន ដូចជា ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ និងអណ្តើកសមុទ្រផងដែរ។
ប្រធានសហគមន៍នេសាទព្រែកត្នោត លោក អ៊ុក សុវណ្ណរិទ្ធ បានប្រាប់ថា សហគមន៍មិនអនុញ្ញាតឱ្យមានការនេសាទនៅក្នុងដែនអភិរក្សនោះទេ ទោះបីជាប្រើប្រាស់ឧបករណ៍ស្របច្បាប់ក៏ដោយ ព្រោះជាកន្លែងសម្រាប់ត្រីពង។
លោកថ្លែងថា៖ «កាលណាបើមិនបង្កើតសហគមន៍ការពារនោះទេ គឺទូកអូសរលើងអស់ ហើយពេលណាអស់ស្មៅហើយ គឺបាត់ជម្រកជីវៈចម្រុះដូចជា ផ្កាថ្ម ស្មៅសមុទ្រ សត្វសមុទ្រដូចជាផ្សោត ល្មិច ឃើញអ៊ីចឹងមិនមែនមានតែឈ្មោះមួយនឹងទេ តែយើងហៅតែអណ្តើកៗ វាមានល្មិចក្បាលធំ ល្មិចព្រុយបី ល្មិចប្រផះ ល្មិច»។
លោក អ៊ុក សុវណ្ណរិទ្ធ បញ្ជាក់ថាបទល្មើសនេសាទ បំពានលើដែនអភិរក្ស គឺជាបញ្ហាប្រឈមមួយដែលសហគមន៍បានជួបប្រទះ។ សហគមន៍មានសិទ្ធិគ្រប់គ្រង ការពារ និងអាស្រ័យផល។
លោក សុខ ចាន់ណា ជាប្រជាពលរដ្ឋ និងជាគណៈកម្មការសហគមន៍នេសាទព្រែកត្នោត លើកឡើងថា កាលពីមុននៅក្នុងសហគមន៍នេសាទព្រែកត្នោតនេះមានដើមកោងកាងច្រើន ប៉ុន្តែក្រោយមកមានការថយចុះដោយការកាប់បំផ្លាញ់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ ក៏ប៉ុន្តែលោកថា បច្ចុប្បន្នសហគមន៍បានសហការណ៍ជាមួយប្រជាពលរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយបានដាំដើមកោងកាងឡើងវិញ នៅក្នុងតំបន់ដែលធ្លាប់មានការកាប់បំផ្លាញ។
លោកថ្លែងថា៖ «ព្រៃកោងកាងពីមុនមានច្រើនតែឥឡូវវាសិករិចរិលដោយសារមនុស្សហងអីហងដ៏ចឹងវាថយដែរ ហើយវាមានកំណើនកើនឡើងវិញដោយសារអង្គការ និងសហគមម៍ចូលរួមច្រើនក្នុងការដាំស្ដារឡើងវិញ»។
សហគមន៍នេសាទព្រែកត្នោតមានទីតាំងស្ថិតនៅភូមិ ព្រែកត្នោត ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ បើតាមប្រកាសស្ដីពីការចុះបញ្ជីសហគមន៍នេសាទ សហគមន៍នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ និងត្រូវបានទទួលស្គាល់ពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឆ្នាំ២០១១។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ថ្លែងថារដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងធ្វើការយ៉ាងសកម្មទៅលើការនេសាទខុសច្បាប់ទាំងនៅក្នុងសហគមន៍ព្រៃកត្នោត និងសហគមន៍ផ្សេងៗដើម្បីការពារធនធានជលផលនៅក្នុងធម្មជាតិ។ កញ្ញាថា ជាលទ្ធផលទិន្នផលត្រីនៅឆ្នាំ២០២៣បានកើនឡើង ៥% បើធៀបទៅនឹងឆ្នាំ២០២២។
កញ្ញាថ្លែងថា៖ «គោលដៅគឺដើម្បីធ្វើយ៉ាងណាបង្ក្រាបការនេសាទខុសច្បាប់ទាំងនៅក្នុងសហគមន៍ព្រែកត្នោតក៏ដោយ ទាំងនៅក្នុងទីកន្លែងផ្សេងទៀតក៏ដោយធ្វើឡើងដោយម៉ត់ចត់»។
កញ្ញាបន្ថែម ក្រសួងមានដៃគូរសហការដើម្បីទំលាក់ជម្រកត្រីសិប្បនិ្នមិត្ត ដើម្បីស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ទាក់ទាញឱ្យមាននូវសត្វកម្រឡើងវិញ ជួយកាត់បន្ថយទូកនេសាទខុសច្បាប់ដែលប្រើឧបករណ៍អូស ដែលបង្កការខូចខាតធនធានជលផលនៅក្រោមបាតសមុទ្រផងដែរ។
លោក ហេង គឹមហុង ប្រធានប្រតិបត្ដិនៃសមាគមបណ្ដាញយុវជនកម្ពុជាលើកឡើងថា ការជំរុញឱ្យសហគមន៍មូលដ្ឋានក្នុងការការពារ និងការអភិរក្សធនធានធម្មជាតិនឹងអាចធានាបានប្រសិទ្ធិភាពការងារ និងនិរន្តភាពនៃធនធានទាំងនោះ។
លោកថា៖ «តំបន់ព្រៃឈើ តំបន់អភិរក្ស តំបន់ផ្សេងៗដែលមានអត្ដសញ្ញាណច្បាស់លាស់នឹងវាតែងតែជំរុញឱ្យមានការបង្កើតសហគមន៍មូលដ្ឋានដើម្បីចូលរួម ព្រោះថាសហគមន៍មូលដ្ឋាននឹងគឺជាអ្នកចូលរួមការពារយ៉ាងមានប្រសិទ្ធិភាពជាមួយអាជ្ញាធរជំនាញ ហើយពួកគេក៏ជាអ្នកអាស្រ័យផង និងជាអ្នកធានានូវ គេហៅថាការឱ្យមាននិរន្តភាពធនធានទាំងនេះបានដែរ»។
លោកបន្តថា អាជ្ញាធរពាក់ព័ន្ធគប្បីគាំទ្រដល់សហគមន៍តាមរយៈការផ្ដល់មូលនិធិ បច្ចេកទេស និងស្មារតីដល់គណកម្មការសហគមន៍ក្នុងការការពារ ដើម្បីរក្សាបានផលប្រយោជន៍រយៈពេលវែង។
សហគមន៍នេសាទព្រែកត្នោត មិនត្រឹមតែជាកន្លែងការពារព្រៃកោងកាង និងជីវៈចម្រុះប៉ុណ្ណោះទេ សហគមន៍នេះក៏ជាតំបន់កំសាន្តលំហែអារម្មណ៍បែបធម្មជាតិផងដែរ។
ស្រ្ដីវ័យ ៤៣ឆ្នាំ កំពុងឈរលើស្ពានដែលកំពុងមានខ្យល់បក់ខ្លាំងៗអ្នកស្រី ស្រី តូច និយាយទាំងទឹកមុខរីករាយលាយជាមួយការសើចតិចៗផងនោះថា អ្នកស្រីចូលចិត្ដបរិយាកាសសមុទ្រដែលមានខ្យល់ធម្មជាតិ។
អ្នកស្រីរំលេចពីទិដ្ឋភាពថ្ងៃលិចដែលមើលពីសហគមន៍នេះយ៉ាងដូច្នេះថា៖ «ចាប់អារម្មណ៍ជាងគេគឺទេសភាព ហើយនិងខ្យល់ត្រជាក់ ថ្ងៃលិចឡើងទំនង»។
ស្រដៀងគ្នានេះដែរ កញ្ញា លីម ភាន អាយុ ១៦ឆ្នាំ មានស្រុកកំណើតនៅក្រុងបូកគោ ដែលមកលេងកំសាន្ដជាមួយមិត្ដភក្ភិនៅសហគមន៍នេះនិយាយថា កញ្ញាចាប់អារម្មណ៍ថ្ងៃលិចជាងគេ មិនតែប៉ុណ្ណោះថែមទាំងមានដើមកោងកាង ទឹកសមុទ្រ ស្ពានសម្រាប់អង្គុយលេងផងដែរ។
កញ្ញាបន្ថែមថា តំបន់ទេសចរណ៍នៅសហគមន៍នេសាទព្រែកត្នោតនេះនឹងធ្វើឱ្យខេត្តរបស់កញ្ញាមានភាពល្បីល្បាញ និងមានភ្ញៀវទេសចរណ៍មកលេងច្រើនដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ។
កញ្ញាបន្ថែមថា៖ «ជួយឱ្យខេត្ដយើងល្បី ហើយមានអ្នកភ្ញៀវទេសចរណ៍មកច្រើនចឹងក៏ផ្ដល់ចំណូលឱ្យយើងច្រើនដែរ»។
ចំណែកលោក សោ ភីត អាយុ ២៩ឆ្នាំ ដែលមកនេសាទបែបលំហែនៅក្នុងតំបន់សហគមន៍នេសាទព្រែកត្នោតនេះនិយាយថា ការនេសាទរបស់លោកមិនមានការហាមឃាត់ទេ ព្រោះលោកនេសាទដើម្បីតែហូប និងជាការកំសាន្ដប៉ុណ្ណោះ។ ហើយលោកយល់ថា ការបង្កើតសហគមន៍នេះជារឿងមួយល្អសម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ និងអ្នកទេសចរណ៍មកកំសាន្ដ។
លោកថា៖ «វាល្អសម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីនេះ ទាំងអ្នកមកពីចំងាយ អ៊ីចឹងវាស្អាត មិនដូចសមុទ្រកន្លែងខ្លះ ហើយណាមួយមានខ្ចុសសម្រាប់ភ្ញៀវអង្គុយលេងមើលទេសភាពអ៊ីចឹងទៅ»។
ប្រធានសហគមន៍ លោក អ៊ុក សុវណ្ណរិទ្ធ និយាយថាទោះបីជាការស្ម័គ្រចិត្ដ គ្មានប្រាក់ខែ គ្មានពេលធ្វើការងារផ្សេងក៏ដោយក៏លោកនៅតែបន្តការងារនេះ ព្រោះដើម្បីប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងធនធានធម្មជាតិនៅទីនេះ៕