ភ្នំពេញ៖ នៅក្នុងបរិវេណហ្វេកតូរីភ្នំពេញ(Factory Phnom Penh)តាមបណ្ដាយផ្លូវ៦០ ម៉ែត្រ ដែលមានមនុស្សកុះករគ្រប់វ័យ និងចម្រុះជាតិសាសន៍ជាង៥០០នាក់ ចូលរួមក្នុងវេទិកាពិភាក្សាបញ្ហាសំណល់ឬ Waste Summit Cambodia 2024 នៅក្នុងប្រទេសកម្ពុជា។
វេទិកាពិភាក្សាបញ្ហាសំណល់លើកទី៧នេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជំរុញការសន្ទនាប្រកបដោយនិរន្តរភាព និងជាវេទិកាមួយបង្កើនឱ្យមានភាពសហការរវាងអ្នកជំនាញបរិស្ថាន អ្នកវិនិយោគ សហគ្រិន តំណាងរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផ្សេងទៀត។
កញ្ញា នួន ម៉ូនីកា ដែលជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Konrad-Adenauer-Stiftung និងជាអ្នករៀបចំកម្មវិធីវេទិកាពិភាក្សាពីសំណល់ បានប្រាប់ Newsroom Cambodia ថាវេទិកាចង់ជំរុញឲ្យមានការគ្រប់គ្រង និងគិតគូពីការកែច្នៃសំណល់។
អ្នករៀបចំកម្មវិធីសម្បុរស្រអែមរូបនេះ ឱ្យដឹងថាពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងទាំង ចំនួនអ្នកចូលរួម និងកម្រិតនៃការយល់ដឹងរបស់ពួកគេ ដោយសារវេទិកានេះ បានបណ្តុះគំនិត និងជំរុញការស្វែងយល់ពីបញ្ហាសំណល់ ទាំងក្នុងការរស់នៅប្រចាំថ្ងៃ និងសហគមន៍។
កញ្ញា ម៉ូនីកា ពន្យល់ពីសារៈសំខាន់ពីការជជែកអំពីសំណល់យ៉ាងដូច្នេះ៖ «ពួកគេចាប់ផ្តើមឆ្លុះបញ្ចាំងសកម្មភាពនៃការគ្រប់គ្រងសំណល់របស់ពួកគេ […] ការយល់ដឹងពីការគ្រប់គ្រងសំរាមជាវិធីសាស្ត្រដែលមនុស្សអាចគ្រប់គ្រងជីវិតខ្លួនឯងបាន»។
កញ្ញា ម៉ូនីកា បន្ថែមថាការតាំងបង្ហាញពីស្នាដៃផ្សេងៗដែលកើតពីការកែច្នៃសំណល់ឡើងវិញនេះការចែករំលែកចំណេះដឹងពីការគ្រប់គ្រងសំរាម ដែលមានផលប្រយោជន៍ដល់ទាំងម្ចាស់អាជីវកម្ម និងបុគ្គលិក។
នៅក្នុងកម្មវិធីនេះ ក៏មានកិច្ចពិភាក្សាជាមួយអ្នកជំនាញ ការសម្តែង និងការដាក់តាំងបង្ហាញនានា ពីដៃគូពាក់ព័ន្ធចំនួន ៥៥ ដែលផ្តោតលើការកែច្នៃសំណល់ផ្សេងៗ ដូចជាកំប៉ុស ប្លាស្ទិក ស្រកីដូងដើម្បីចម្រោះទឹកជាដើម។ អ្នកមានវត្តមានក្នុងវេទិកានេះ បង្ហាញការយល់ឃើញផ្សេងៗគ្នាចំពោះអត្ថប្រយោជន៍ និងចំណេះដឹងដែលពួកគេទទួលបានពីវេទិកានេះ។
កញ្ញា អ៊ូ សូមានុះ ជាវិស្វករទឹក និងបរិស្ថានដែលមានតាំងស្តង់របស់ក្រុមហ៊ុន SUDrain ដែលជាក្រុមហ៊ុនកែច្នៃស្រកីដូងដើម្បីច្រោះទឹកកខ្វក់នៅក្នុងទន្លេ។ កញ្ញាបានឱ្យដឹងថា វេទិកាពិភាក្សាពីសំណល់នេះមានភាពសំខាន់ដោយសារជួយឱ្យក្មេងជំនាន់ក្រោយយល់ដឹងពីការប៉ះពាល់បរិស្ថាន និងពង្រឹងស្មារតីក្នុងការការពារបរិស្ថាន។
កញ្ញា សូមានុះប្រាប់៖ «ការពារបរិស្ថានជាពិសេសគឺឲ្យគាត់ជួយកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញ គឺចង់ឱ្យមានការកែច្នៃឡើងវិញ និងជួយបង្កើតអ្វីដែលថ្មីជួយដល់បរិស្ថាន។ បង្កើតចំណេះដឹងដល់អ្នកជំនាន់ក្រោយឱ្យគាត់ដឹងពីផលប៉ះពាល់អ្វីខ្លះទៅដល់បរិស្ថាន យើងជាខ្មែរដូចគ្នាហើយឲ្យក្មេងជំនាន់ក្រោយហ្នឹងជួយការពារបរិស្ថាន»។
កញ្ញា ចាប ស៊ីណា ដែលជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Agri Tech Co.LTD ជាក្រុមហ៊ុនច្នៃប្រមូលកាកសំណល់មកផលិតជាកំប៉ុសជាមួយនឹងអាចម៍ជន្លេន បានឱ្យដឹងថាកម្មវិធីនេះបានជួយឱ្យមានការស្វែងយល់ពីច្នៃសំណល់ទៅជាកំប៉ុសសម្រាប់ប្រើប្រាស់។
កញ្ញា ស៊ីណារៀបរាប់ពីដំណើរការកែច្នៃយ៉ាងដូច្នេះ៖ «យើងប្រមូលបន្លែតាមកសិដ្ឋាន ឬតាមផ្សារដើម្បីយកមកកែច្នៃវា នៅពេលយើងកែច្នៃហើយយើងអាចឱ្យកសិករប្រើប្រាស់ជីកំប៉ុសបែបធម្មជាតិ។ ការប្រើប្រាស់ជាកំប៉ុសមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ព្រោះវាគ្មានជាតិគីមីទេ ដំណាំរបស់កសិករក៏ល្អ»។
យុវជន គីមឆេង អាយុ១៤ ឆ្នាំ ជាសមាជិកនៃក្រុម 4Rs មកពី Leaguer AUPP ដែលមានគម្រោងចុះណែនាំពីការយល់ដឹងពីសំណល់ប្លាស្ទិកត្រូវបានកែច្នែកប្រើប្រាស់ឡើងវិញ។
សម្រាប់ គីមឆេង ការប្រមូលផ្តុំស្តង់ដែលធ្វើការងារកែច្នៃសំណល់នេះ បង្កើតឱកាសសម្រាប់ការជួបជុំពិភាក្សាគ្នា និងអាចរៀនសូត្រពីគ្នាជុំវិញបញ្ហាបរិស្ថាននៅក្នុងប្រទេសផង។
កញ្ញា មិន សំនាង អ្នកចូលរួមម្នាក់នៅក្នុងវេទិកានេះ បង្ហាញចំណាប់អារម្មណ៍លើកិច្ច ពិភាក្សាពីការដោះស្រាយបញ្ហាបរិស្ថាន និងកាកសំណល់អ្នកជំនាញផ្សេងៗ។
កញ្ញា សំនាង បានបន្ថែមថា កញ្ញាបានរៀនសូត្រពីការប្រើប្រាស់សំរាមឡើងវិញ និងការកែច្នៃសំណល់ផ្ទះបាយទៅជារបស់ប្រើប្រាស់ផ្សេងៗដែលមានប្រយោជន៍ដូចជាចំណីសត្វ។
ចំណែកអ្នកចូលរួមម្នាក់ទៀតបាន លោក សឿន រតនា ដែលជានិស្សិតសាលាភូមិន្ទកសិកម្មបានឱ្យដឹងថាការកៃច្នៃសំណល់ឡើងវិញអាចជួយឲ្យកម្ពុជាឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
លោក រតនា ប្រាប់៖«មានការផ្ដោតទៅលើការចូលរួមថែរក្សាអ្វីដែលជាចីរភាព ឬក៏ប្រើប្រាស់ផលិតផលមួយដែលអត់មានការប៉ះពាល់ដល់បរិស្ថាន មួយទៀតគឺគាត់កែច្នៃ របស់ដែលជាសំរាមឬប្លាស្ទិក គាត់យកមកកែច្នៃទៅជារបស់មួយដែលអាចប្រើប្រាស់បានទៅជារបស់មួយ ដែលមានគុណតម្លៃល្អប្រសើរ»៕