នៅលើដងផ្លូវក្រាលគ្រួសក្រហម មានគ្រលុកតូច ធំ ដូច អន្ទង់អាំង ពិបាកក្នុងការធ្វើដំណើរ ដែលអមដោយ ចំការកៅស៊ូរនៅខាងឆ្វេងដៃយ៉ាងខ្ពស់ ហើយមានគ្រាប់កៅស៊ូធ្លាក់ ពាសពេញផ្លូវ។ ចំណែកឯខាងស្តាំដៃមានស្ត្រីជនជាតិដើមភាគតិច៣នាក់ កំពុងតែបោកសម្លៀកបំពាក់ និងក្មេងស្រីតូច ធំ កំពុងលេងទឹកយ៉ាងរីករាយដែលហូរចេញពីបំពង់ទឹកចំនួន៤ដែលបង្ហូរពីអូរនៅជិតភ្នំនោះ។ នេះជាទិដ្ឋភាពមួយក្នុងភូមិលុងឃុង ឃុំ លុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
ក្នុងភូមិនេះមានសភាពដ៏ស្ងបស្ងាត់ ដោយប្រជាជនបានចេញទៅធ្វើចំការស្ទើរតែទាំងអស់។ មានតែស្ត្រីជនជាតិជនជាតិដើមទំពួន វ័យកណ្តាល ប្រមាណ៥នាក់កំពុងសម្រាកក្នុងផ្ទះ និងធ្វើដំណើរក្នុងភូមិ និងមានស្ត្រីចំណាស់ បីនាក់ កំពុងធ្វើដំណើរដោយមាន ជក់ខ្សៀរបណ្តើរបង្ហុយផ្សែងតិចៗបណ្តើរ ក្នុងសំលៀកបំពាក់សាមញ្ញដូចពលរដ្ឋធម្មតា។
ស្រ្តីម្នាក់ពាក់អាវយឺតពណ៌ក្រហម ស្រោបដោយអាវដៃវែងពីខាងក្រៅ ពណ៌ផ្កាឈូកស្រាល ជាមួយនិងខោខូវប៊យជើងវែង ក្នុងដៃមានកាន់កូនស្រីអាយុប្រហែល ជាង២ឆ្នាំ ដាក់នៅលើភ្លៅខាងមុខ បានរៀបរាប់ថាខ្លួនបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៥ ដោយសារម្តាយឪពុកមានវ័យចាស់ និងត្រូវរៀបការដើម្បីជួយគ្រួសារ ដែលជាប្រពៃណីរបស់ជនជាតិដើមភាគតិច។
«ចា៎ ខ្ញុំឈប់រៀនយកប្ដីហ្មង ណាមួយចេញជួយធ្វើការពុកម៉ែដែរ ព្រោះពុកម្ដាយខ្ញុំចាស់ហើយ។ […] មុនខ្ញុំសម្រេចចិត្តឈប់រៀន ខ្ញុំបានពិភាក្សាជាមួយ ឳពុកម្ដាយខ្ញុំ តែពួកគាត់មិនឲ្យខ្ញុំឈប់ទេ តែខ្ញុំនៅតែឈប់ ពីព្រោះខ្ញុំអាណិតពួកគាត់» នេះជាការលើកឡើងរបស់ ស្រ្តីជនជាតិដើមភាគតិចទំពួន មុត ចាន់ធី អាយុ១៩ឆ្នាំ។
និយាយដល់ចំនុចបោះបង់ការសិក្សា ចាន់ធី បានផ្លាស់ប្ដូរទឹកមុខមកក្រៀមក្រំវិញ ដោយថាអ្នកស្រីមានការសោកស្ដាយ ចំពោះការបោះបង់ចោលការសិក្សា នៅវ័យក្មេងបែបនេះ ដោយខ្លួនមិនបានរៀនខ្ពស់ដូចគេ និងមិនអាចធ្វើអ្វីបាន ក្រៅតែពីធ្វើការងារចម្ការ និងមើលថែកូន។
ចាន់ធី និយាយថា៖ «ខ្ញុំ មានអារម្មណ៍ថា មិនសប្បាយចិត្តដោយសារតែខ្ញុំឃើញគេចេះអក្សរ ហើយយើងអត់បានរៀន ហើយអត់ចេះអក្សរ ពិបាក»។
បញ្ហាជីវភាពគ្រួសារ និងប្រពៃណីរៀបការវ័យក្មេង នៅតែជារបាំង នៃការសិកស្សាររបស់ស្រ្តីជនជាតិដើមភាគតិច ដែលធ្វើឲ្យពួកគេភាគច្រើន បោះបង់ការសិក្សាត្រឹមថ្នាក់បឋម។
ចាស់ទុំភូមិលុងឃុង លោក សាក់ សយ អាយុ ៦១ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានថា ដោយសារប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច ធ្វើឱ្យពួកគេមិនសូវខ្វល់ លើរឿងសិក្សានោះទេ។
លោក សយ៖ «យកប្ដីយកអីអស់ លែងរៀនហើយ។ អាហ្នឹងវាទម្លាប់ចឹង ហើយជនជាតិនេះ អត់ចាប់ អារម្មណ៍អក្សរ រឿងសំបុត្រស្នាម ទម្លាប់តាំងពីដូនតាមក ហ្នឹងប្រវត្តិជនជាតិហ្នឹង។
ប្រធានភូមិលុងឃុង លោក តាក់ ណាក់ អាយុ៥៣ឆ្នាំ បានឱ្យដឹងថា ក្មេងស្រីក្នុងភូមិលោកចាប់ផ្ដើមបោះបង់ការសិក្សា នៅអាយុចន្លោះពី ១១ឆ្នាំ ទៅ១២ឆ្នាំ ដោយសារ ជីវភាពគ្រួសារ និងរឿងផ្ទាល់ខ្លួន។
លោក ណាក់ និយាយថា៖ «ទី១ គាត់ខ្វះថវិកា ទី២ គាត់ថាឆ្ងាយពីភូមិគាត់អត់មានមធ្យោបាយធ្វើដំណើរ។ ខ្លះទៀតគេក៏ស្រលាញ់គ្នាហើយក៏ឈប់រៀន ទៅរៀបការ ផ្សេងទៀតមានអ្នកខ្លះឈឺ ឈប់៤ ទៅ១០ថ្ងៃ អៀនខ្មាសក៏លែងចូលរៀនអាហ្នឹងក៏មានដែរ »។
លោកបន្ថែមថា៖ « ខ្ញុំពិតជាមានបារម្ភចំពោះសិស្ស ដែលបានបោះបង់ ការសិក្សារចោលច្រើន វាពិតជាគួរអោយស្ដាយ។ […] ពួកគេតាម តាមពុកម្ដាយ គេទៅ ជាជ័រឆ្ងាយៗ។ ប៉ុន្តែយើង អំពាវនាវឲ្យគាត់មករៀនហ្នឹង។ យើងដើរប្រាប់ពុកម្ដាយគេ អំពាវនាវជំរុញលើកទឹកចិត្តកូនចូលរៀនវិញដែរ »។
ទោះបីជា កុមារជនជាតិដើមភាគតិចជាច្រើន បោះបង់ការសិក្សាទាំងវ័យក្មេងក៏ដោយ ក៏នៅមានកុមារមួយចំនួននៅតែបន្តការសិក្សា ដោយពួកគេចង់បានការងារល្អ និងជួយដល់សហគមន៍របស់ពួកគេ។
ក្នុងសំលៀកបំពាក់សំពត់ភ្លីសេ និងអាវយឺតពណ៍ខ្មៅ ដោយមានស្ពាយកាផា នៅពីក្រោយ ផ្ទុកពេញទៅដោយ ស្លឹកចេក សាញននោង សំរាប់ដុះខ្លួន មានច្រាស់ពណ៌លឿងធំមួយ និងរួមជាមួយខោវអាវសើមៗ កុមារីជនជាតិទំពួនវ័យ១៣ឆ្នាំ ឈ្មោះកែវ ឥណ្ឌា ដែលមាសម្បុខ្មៅ ជាមួយសក់វែងខ្មៅត្រឹមចង្កេះ បានិយាយថានាងស្រលាញ់ការសិក្សាយ៉ាងខ្លាំង។ កុមារីរូបនេះ គិតថាមានតែការសិក្សាទេដែលអាចឲ្យនាងអាចមានការងារល្អបាន ពីព្រោះនៅថ្ងៃអនាគតនាងចង់ក្លាយ ជាវេជ្ជបណ្ឌិត ដើម្បីជួយចាស់ជរា និង ឪពុកម្តាយរបស់នាង។
កុមារី ឥណ្ឌា និយាយថា៖« ខ្ញុំនឹងមិនបោះបង់ការសិក្សារឡើយ ពីព្រោះ ខ្ញុំចង់បានធ្វើការងារល្អ ហើយធំដូចគេ។ អនាគត ខ្ញុំចង់ក្លាយជាគ្រូពេទ្យ ពីព្រោះអាចជួយមនុស្សចាស់ ជរា និងឳពុកម្ដាយ»។
វិទ្យាល័យអន្តេវាសិកដ្ឋាន ក្នុងក្រុងបានលុង ខេត្តរតនគីរី គឺជាទីកន្លែងផ្តល់ការសិក្សា និងជម្រក ដល់សិស្សដែលធ្វើ ដំណើរមកពីតំបន់ដាច់ស្រយាលនៃខេត្តនេះដើម្បីបន្តការសិក្សា។
នាយកវិទ្យាល័យនេះគឺលោក លោក ឡាក់ ឈាងឡាយ ប្រាប់អ្នកយកព័ត៌មានថា នៅឆ្នាំ២០១៩នេះមានសិស្សសរុប៧៩៦នាក់ ក្នុងនោះ មានសិស្សស្រី ៤២៨នាក់ កំពុងស្នាក់នៅ និងសិក្សាក្នុងសាលារបស់លោក។ នៅក្នុងចំណោមសិស្សទាំងនោះមានសិស្សប្រុស៥៥នាក់ និងសិស្សស្រី១៨នាក់ បោះបង់ការសិក្សា ។
បើតាមលោក ឡាក់ ឈាងឡាយ អ្នកដែលបោះបង់ចោលការសិក្សា គឺ៩១ភាគរយជា ជនជាតិដើមភាគតិច ដោយសារកត្តាជីវភាព និងប្រពៃណីរៀបការវ័យក្មេង។
លោក ឈាងឡាយ មានប្រសាសន៍ថា៖ « កត្តាដែលនាំឲ្យពួកគេបោះបង់ការសិក្សា ដោយសារបញ្ហាសុវត្ថិភាពធ្វើដំណើរ ប្រពៃណី និងជួយធ្វើការងាររកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារជាដើម » ។
បច្ចុប្បន្ន មានការកើនឡើង នៃការចុះឈ្មោះចូលរៀន របស់ជនជាតិដើមភាគតិច ប៉ុន្តែអត្រានៃការបោះបង់ចោលការសិក្សានៅវ័យក្មេងនៅតែចោទជាបញ្ហា។
ប្រធានមន្ទីរអប់រំខេត្តរតនគិរី លោក ខាត់ សាម៉ាល់ មានប្រសាសន៍ថា បញ្ហាប្រឈមដែលនាំឲ្យសិស្សមួយ ចំនួននៅ ខេត្តរតនគិរី បោះបង់ការសិក្សាដោយសារឪពុកម្តាយ ឬអាណាព្យាបាល បញ្ហាចំណាកស្រុក ឆាប់រៀបការ និងការចូលរៀនលើសអាយុជាដើម។
ទោះជាយ៉ាងណា លោក សាម៉ាល់ អះអាងថា មន្ទីរអប់រំខេត្តនឹងខិតខំសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីអប់រំដល់សិស្ស និងឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្ស ធ្វើយ៉ាងណាឱ្យសិស្សទទួលបានសិទ្ធិអប់រំ យ៉ាងតិចត្រឹមថ្នាក់ទី៩ដែរ។
លោក សាម៉ាល់ មានប្រសាន៍ថា៖ «សូមជម្រាប ពលរដ្ឋគ្រប់រូបទទួលបានសេវាអប់រំមូលដ្ឋាន៩ ឆ្នាំយ៉ាងតិច ដោយមិនគិតថ្លៃ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់អប់រំ ដែលយើងហៅថាសកលកម្មអប់រំ » ។យោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តរតនគីរីឆ្នាំ២០១៩ បង្ហាញថាចំនួនសិស្ស ដែលបានបោះបង់ចោល ការសិក្សាក្នុងខេត្តនេះក្នុងឆ្នាំសិក្សា២០១៦-២០១៧ មានចំនួន ៦,១២ ភាគរយ នៃសិស្សស្រីដែលបានឈប់រៀន ហើយចំនួនសិស្សស្រីបានកើន ឡើងដល់ ៧,៨៧ភាគរយ នៅឆ្នាំ ២០១៧-២០១៨។