(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃព្រហស្បតិ៍ថ្លែងថា កម្ពុជាមិនមានភាពចាំបាច់ត្រូវបង្កើតច្បាប់ដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេ ហើយថា ច្បាប់នេះអាចធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ។
លោក ខៀវ កាញារីទ្ធ ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ «វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត» ដែលបង្កើតឡើងដោយ UNESCO ប្រចាំកម្ពុជា។
លោក ខៀវ កាញារីទ្ធ ថ្លែងថា ក្នុងអំឡុងការរាលដាលនៃជំងឺកូវីដ១៩ មានការផ្សព្វផ្សាយព័ត៌មាន ឬដំណឺងក្លែងក្លាយជាច្រើន រហូតមានការជំរុញឲ្យក្រសួងបង្កើតច្បាប់ស្តីពីការបង្ក្រាបព័ត៌មានក្លែងក្លាយនេះឡើង ប៉ុន្តែលោកថា ច្បាប់នេះមិនមានភាពចាំបាច់ណាមួយសម្រាប់ប្រើប្រាស់នោះទេ។
លោកបញ្ជាក់ថា៖ «មិនមែនគ្រាន់តែបញ្ហាកូវីដ ឬបញ្ហាអី យើងចេញច្បាប់មួយដើម្បីបង្រ្កាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត។ ហើយកាលណាយើងចេញច្បាប់ ពិបាកនឹងកំណត់ណាស់ ហើយច្បាប់នេះវាមិនបានការពារផលប្រយោជន៍រួមទេ វានឹងការពារផលប្រយោជន៍បុគ្គល ហើយនឹងអាចក្លាយជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
បើតាមលោក ខៀវ កាញារីទ្ធ ព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់នយោបាយ សេដ្ឋកិច្ច បង្កការមិនទុកចិត្តគ្នា និងធ្វើឲ្យមានអសន្តិសុខសង្គមជាដើម។ លោកថា ការអប់រំគឺជាវិធីសាស្រ្តដែលល្អបំផុតក្នុងការកាត់បន្ថយព័ត៌មានមិនពិតទាំងនោះ។
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការបង្កើតច្បាប់គ្រប់គ្រងទៅលើព័ត៌មានក្លែងក្លាយ អាចនឹងប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ។ លោកស្រីបន្ថែមថា ក្នុងមួយរយៈពេលចុងក្រោយនេះ សេរីភាពសារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ តាមរយៈការប្រើប្រាស់ច្បាប់មួយចំនួនយកទៅអនុវត្តន៍លើអ្នកសារព័ត៌មាន។
លោកស្រីបញ្ជាក់ថា៖ «កន្លងមក បើទោះបីយើងមិនទាន់មានច្បាប់គ្រប់គ្រងលើព័ត៌មានក្លែងក្លាយនេះយ៉ាងណាក៏ដោយ គឺយើងឃើញថាមានការប្រើប្រាស់ច្បាប់ដែលមានជាធរមានរួចហើយក្នុងការ ដូចជានៅពេលមានព្រឹត្តិការណ៍ណាមួយ ឬក៏ការចោទប្រកាន់ណាមួយនោះ គឺមានការប្រើប្រាស់ក្រមព្រហ្មទណ្ឌរួចទៅហើយ ឬក៏ច្បាប់ពាក់ព័ន្ធផ្សេងទៀត»។
សៀវភៅ «វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត» គឺជាសៀវភៅដែលបង្កើតឡើងដោយអង្គការ UNESCO ដែលច្បាប់ដើមជាភាសាអង់គ្លេស និងទើបត្រូវបានបកប្រែជាភាសាខ្មែរ ក្នុងគោលបំណង។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNESCO សៀវភៅនេះ បង្ហាញអំពីប្រភេទនៃព័ត៌មានមិនពិត និងការថ្លែងដែលធ្វើឲ្យមានការស្អប់ជាដើម។ ក្នុងនោះក៏មានការបង្ហាញអំពីការជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយ និងការស្វែងរកព័ត៌មានដែលគួរឲ្យជឿទុកចិត្ត ជាមួយគោលការណ៍សេរីភាពសារព័ត៌មាន។
លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជាថ្លែងថា ក្នុងការគ្រប់គ្រងព័ត៌មានក្លែងក្លាយត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងរដ្ឋាភិបាលផងដែរ។ លោកបន្តថា រដ្ឋាភិបាលត្រូវធានាថា ប្រព័ន្ធផ្សព្វផ្សាយត្រូវដំណើរការដោយសេរី។
លោកបញ្ជាក់ថា៖ «គ្រប់គ្នាមានតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានមិនពិត ការជំរុញឲ្យមានការពិនិត្យផ្ទៀងផ្ទាត់ រដ្ឋាភិបាលនៅទូទាំងសកលលោកត្រូវធានាថា ប្រព័ន្ធផ្សព្វផ្សាយអាចដំណើរការដោយសេរី និងធានាសិទ្ធិទទួលបានសេរីភាពបញ្ចេញមតិ ហើយអ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់វិជ្ជាជីវៈរបស់ខ្លួនផងដែរ»។
ចាប់ពីដើមឆ្នាំ២០២០ ពោលគឺក្នុងអំឡុងការកើតមានជំងឺកូវីដ១៩ អ្នកប្រើប្រាស់អ៊ីនធឺណិត និងអ្នកសារព័ត៌មានមួយចំនួនត្រូវបានឃាត់ និងចាប់ខ្លួនដោយសារការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន និងការរិះគន់ជុំវិញជំងឺកូវីដ១៩។ ក្នុងនោះមានលោក សុវណ្ណ រិទ្ធី និពន្ធនាយក TVFB ជាដើម៕