កម្មករ-កម្មការិនីរោងចក្រវ៉ាយអូលែត អឹភែរឹល ខេមបូឌា ខូអិលធីឌី ជាង៣០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការងារ ស្នើឱ្យមានការអន្តរាគមន៍ជំរុញក្រុមហ៊ុនឲ្យផ្តល់សំណង ដោយសារ ព្យួរការងារមិនមានការជូនដំណឹង និងការមិនផ្តល់ប្រាក់ឈ្នួលដល់កម្មករ។
អ្នកស្រី អ៊ុង ចាន់ធឿន ជាតំណាងកម្មករ និងជាសហជីពក្នុងរោងចក្រលើកឡើងថា ក្រុមកម្មករទាមទារឱ្យក្រសួងអន្តរាគមន៍លុបលិខិតដែលរោងចក្រព្យួរការងាររយៈពេល២ខែ ដោយមិនមានការជូនដំណឹង និងទាមទារសំណង៥ចំណុចបន្ថែមទៀត ដូចជាលុយបំណាច់ឆ្នាំ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ លុយជំងឺចិត្តដែលរោងចក្របិទអត់មានការជូនដំណឹងត្រឹមត្រូវ និងលុយដែលធ្វើការថ្ងៃចូលឆ្នាំ។
អ្នកស្រីបញ្ជាក់ថា៖ «ការស្រាយបំភ្លឺទៅ GMAC ដែលជាសមាគមគ្របដណ្តប់វិស័យកាត់ដេរ ផ្នែកវាយនភណ្ឌ និងស្បែកជើង ហើយស្រាយបំភ្លឺថា ចំពោះរោងចក្រណាដែលព្យួរការងាររយៈពេល២ខែ ហើយអត់មានអ្នកបញ្ជាទិញ អីចឹងមិនចាំបាច់ជូនដំណឹង និងសងជំងឺចិត្ត»។
តំណាងកម្មកររូបនេះបន្ថែមថា រោងចក្របានផ្តល់ប្រាក់សំណងមួយចំនួន ដូចជា លុយបំណាច់ឆ្នាំ ប្រាក់ខែចុងក្រោយ និងប្រាក់អតីតភាពការងារ ប៉ុន្តែមិនពេញលេញ។ អ្នកស្រីថា សម្រាប់លុយជំងឺចិត្តដែលរោងចក្របិទអត់មានការជូនដំណឹងត្រឹមត្រូវ និងលុយដែលធ្វើការថ្ងៃចូលឆ្នាំ គឺកម្មករមិនបានទទួលនោះទេ។
អ្នកស្រីថា៖ «នៅពេលរោងចក្របិទ បើមិនមានការជូនដំណឹង ត្រូវគិតគូរទៅតាមផ្លូវច្បាប់»។
នៅថ្ងៃសុក្រនេះ ក្រុមកម្មកររោងចក្រវ៉ាយអូលែត បានតវ៉ាម្តងទៀតនៅខាងមុខរោងចក្ររបស់ពួកគេ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា លើកឡើងថា កម្មករ-កម្មការិនី ចង់ទាមទារសំណងពីរោងចក្រ ដោយសាររោងចក្រត្រូវទទួលខុសត្រូវជូនដល់ពួកគេ។ លោកបន្ថែមថា ក្រសួងការងារបានដោះស្រាយបញ្ហាមួយចំនួនចាប់ពីការតវ៉ារបស់កម្មករនៅថ្ងៃព្រហស្បតិ៍ រហូតមកដល់ថ្ងៃសុក្រនេះ ដូចជាសំណងចំពោះស្ត្រីមានផ្ទៃពោះ ដោះស្រាយបាន ៥០ភាគរយ ប៉ុន្តែចំណុចមួយចំនួនទៀត ក្រសួងមិនទាន់បានដោះស្រាយនៅឡើយ។
លោកបន្តថា៖ «ចង់ឲ្យក្រសួងការងារប៉ះប៉ូវចំពោះគាត់ទៅតាមផ្លូវច្បាប់ គាត់ចង់បានអ្វីដែលកំណត់ដោយច្បាប់»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បាននៅឡើយ ដោយទូរស័ព្ទចូល តែលោកចុចបិទ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ បញ្ជាក់ថា ក្រសួងការងារបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតចំនួន៣៣,២៣១នាក់ នៃរោងចក្រសហគ្រាសទាំង១១១ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ជំងឺកូវីដ១៩៕