កម្មករ-កម្មការិនី​រោងចក្រវ៉ាយអូលែត អឹភែរឹល ខេមបូឌា ខូអិលធីឌី ជាង​៣០០នាក់ ​នៅថ្ងៃ​ព្រហស្បតិ៍​​នេះ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​​​មុខ​ក្រសួង​ការងារ​ ស្នើ​​ឱ្យ​​មាន​ការ​អន្តរាគមន៍​​ជំរុញ​​ក្រុមហ៊ុនឲ្យ​​​ផ្តល់​សំណង​ ដោយសារ ព្យួរ​ការងារ​​​​​​​មិនមាន​ការជូន​ដំណឹង​​​ និង​ការ​មិន​ផ្តល់ប្រាក់ឈ្នួលដល់កម្មករ​​។

អ្នកស្រី អ៊ុង ចាន់ធឿន ជា​តំណាងកម្មករ​ និង​ជា​សហជីព​ក្នុង​រោង​ចក្រ​លើកឡើងថា ​ក្រុម​កម្មករ​ទាមទារ​​ឱ្យ​​ក្រសួង​អន្តរាគមន៍​​លុប​លិខិត​​​ដែល​​រោងចក្រ​​ព្យួរ​​​ការងារ​​រយៈពេល​​​​២ខែ ​ដោយ​មិនមាន​ការជូន​ដំណឹង និង​ទាមទារ​សំណង​​៥ចំណុច​បន្ថែម​ទៀត ដូចជា​​លុយ​បំណាច់​ឆ្នាំ ប្រាក់ខែ​ចុង​ក្រោយ ប្រាក់អតីត​ភាព​ការងារ លុយ​ជំងឺ​ចិត្ត​ដែល​រោងចក្រ​បិទ​អត់​មាន​ការជូន​ដំណឹង​ត្រឹមត្រូវ និង​​លុយ​ដែ​ល​ធ្វើការ​ថ្ងៃ​ចូលឆ្នាំ​​។​

អ្នកស្រីបញ្ជាក់ថា៖ ​«​​ការស្រាយបំភ្លឺទៅ GMAC ដែលជាសមាគមគ្របដណ្តប់វិស័យកាត់ដេរ ផ្នែកវាយនភណ្ឌ និងស្បែកជើង ហើយស្រាយបំភ្លឺថា ចំពោះ​រោងចក្រ​ណាដែ​ល​ព្យួរ​ការងារ​រយៈពេល​២ខែ ហើយ​អត់​មាន​អ្នក​​បញ្ជា​ទិញ អីចឹង​មិន​ចាំបាច់​ជូន​ដំណឹង និង​សង​ជំងឺ​ចិត្ត»។

តំណាងកម្មកររូបនេះ​បន្ថែម​ថា​ រោងចក្រ​បាន​ផ្តល់​ប្រាក់​សំណង​មួយ​ចំនួន ដូចជា លុយ​បំណាច់​ឆ្នាំ ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់អតីត​ភាព​ការងារ ប៉ុន្តែ​មិន​ពេញ​លេញ​។ អ្នកស្រី​ថា សម្រាប់​លុយ​ជំងឺ​ចិត្ត​ដែល​រោងចក្រ​បិទ​អត់​មាន​ការជូន​ដំណឹង​ត្រឹមត្រូវ និង​លុយ​ដែ​ល​ធ្វើការ​ថ្ងៃ​ចូលឆ្នាំ​​ គឺ​កម្មករ​​មិន​​បាន​​​ទទួល​​​នោះ​​ទេ។

អ្នកស្រី​ថា​៖ «នៅ​ពេល​រោងចក្រ​បិទ បើ​មិនមាន​ការជូន​ដំណឹង ត្រូវ​គិតគូរ​ទៅ​តាម​ផ្លូវ​ច្បាប់»។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​កម្មករ​រោង​ចក្រ​វ៉ាយ​អូលែត បាន​តវ៉ា​ម្តង​ទៀត​នៅ​ខាង​មុខ​រោង​ចក្រ​របស់​ពួកគេ ស្ថិត​នៅសង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា លើក​ឡើង​ថា កម្មករ-កម្មការិនី ចង់​ទាមទារ​សំណង​ពី​រោងចក្រ ដោយសារ​​រោងចក្រ​ត្រូវ​ទទួល​ខុស​ត្រូវ​ជូន​ដល់​ពួកគេ​។ លោក​បន្ថែម​ថា ក្រសួងការងារ​បានដោះស្រាយ​បញ្ហា​មួយចំនួន​​​ចាប់​ពី​ការ​តវ៉ា​របស់​កម្មករ​នៅ​ថ្ងៃ​ព្រហស្បតិ៍ រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ​ ដូចជា​សំណងចំពោះស្ត្រីមានផ្ទៃពោះ ដោះស្រាយបាន ៥០ភាគរយ ប៉ុន្តែ​ចំណុច​មួយចំនួន​ទៀត ក្រសួងមិនទាន់បានដោះស្រាយនៅឡើយ​។​

លោកបន្តថា៖ «​ចង់​ឲ្យ​ក្រសួង​ការងារប៉ះប៉ូវចំពោះគាត់ទៅ​តាម​ផ្លូវ​ច្បាប់ គាត់​​ចង់​បាន​អ្វី​ដែល​កំណត់​ដោយ​ច្បាប់»។

Newsroom Cambodia មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ បាន​​នៅ​ឡើយ ដោយ​ទូរស័ព្ទ​ចូល​ តែ​លោក​ចុច​បិទ។​

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២០ ស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុង​វិស័យ​កាត់​ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវ​បាន​ព្យួរកិច្ច​សន្យា​ការងារ បញ្ជាក់ថា ក្រសួង​ការងារ​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​ចំនួន​៣៣,២៣១នាក់ នៃរោងចក្រ​សហគ្រាសទាំង១១១ ក្នុង​វិស័យកាត់ដេរ និង​វិស័យ​ទេសចរណ៍​​ដែល​រងផលប៉ះពាល់ជំងឺកូវីដ១៩៕