ប្លាស្ទិក ត្រូវបានគេទទួលស្គាល់ថាមានសារធាតុពុលច្រើនដែលបណ្តាលឲ្យប៉ះពាល់បរិស្ថាន និងសុខភាពមនុស្សសត្វខ្លាំង។ ការកែច្នៃប្លាស្ទិកធ្វើជាម៉ាស៊ូត កំពុងត្រូវបានធ្វើឡើងតាមរយៈអង្គការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន ហៅកាត់ថា OBT ដែលមានទីតាំងស្ថិតក្នុងស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។
លោក ឃុន ស៊ីវ ជំនួយការប្រធានអង្គការ OBT និងជាអ្នកកាន់គម្រោងនេះ បានប្រាប់ Newsroom Cambodia ថា ការកែច្នៃប្លាស្ទិច ទៅជាម៉ាស៊ូតគឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបរិមាណសំរាមប្លាស្ទិក និង អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីផលប៉ះពាល់ប្លាស្ទិក។
«គោលដៅសំខាន់របស់ខ្ញុំទី១ គឺអប់រំប្រជាពលរដ្ឋឱ្យគាត់យល់ពីផលប៉ះពាល់ប្លាស្ទិក និងប្រាប់គាត់ឱ្យចេះកាត់បន្ថយ និងប្រើប្រាស់របស់ជំនួសបាន ហើយនៅពេលដែលប្រជាពលរដ្ឋគាត់អាចយល់ដឹងពីផលប៉ះពាល់ គាត់ចេះប្រើប្រាស់ ចេះរៀបចំ ចេះទុកដាក់ក្នុងគ្រួសារ ក្នុងសហគមន៍របស់គាត់ហើយ អីចឹងវាអាចកាត់បន្ថយតាមហ្នឹងដែរ»។
ក្រៅពីការអប់រំដល់សហគមន៍ក្នុងភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ លោក ឃុន ស៊ីវ បន្ថែមថា ដោយសារសំរាមប្លាស្ទិកមានចំនួនច្រើនខ្លាំង ទើបជំរុញឱ្យលោកសិក្សាស្រាវជ្រាវកែច្នៃសម្បកប្លាស្ទិកទាំងនោះទៅជាប្រេងម៉ាស៊ូត ប៉ុន្តែលោកថា ការកែច្នៃជាប្រេងម៉ាស៊ូតនេះ មិនទទួលបានផលចំណេញអ្វីក្រៅតែពីជួយការពារបរិស្ថានប៉ុណ្ណោះ។
«គោលដៅទី២ ខ្ញុំមើលឃើញថា ប្លាស្ទិកទាំងអស់ហ្នឹងមិនដឹងជាយកទៅណា គឺមានតែកែច្នៃវា ហើយការកែច្នៃរាល់ថ្ងៃនេះ វាអត់មានផលចំណេញបែបសេដ្ឋកិច្ចទេ ប៉ុន្តែមានតែផលចំណេញខាងបរិស្ថាន»។
លោកបន្ថែមថា លោកយកប្លាស្ទិចប្រភេទដែលល្អសម្រាប់ចម្រាញ់ជាម៉ាស៊ូត និងយកប្រភេទមិនល្អកែច្នៃជាឥដ្ឋបរិស្ថាន។
«គោលដៅទី៣ ខ្ញុំនឹងបន្តធ្វើប្រេងដដែល គ្រាន់តែយកប្លាស្ទិកប្រភេទលេខ២ និងលេខ៥ ព្រោះវាងាយស្រួលក្នុងការយកទៅចម្រាញ់ ហើយប្រភេទផ្សេងអាចច្នៃបាន តែពិបាកក្នុងការញែកអាស៊ីតចេញពីគ្នា ប៉ុន្តែប្លាស្ទិកដែលនៅសល់ដូចជាថង់ និងប្រភេទលេខ១ លេខ៣ លេខ៤ លេខ៦ លេខ៧ ខ្ញុំនឹងច្នៃឱ្យទៅជាឥដ្ឋបរិស្ថាន»។
បើតាម លោក ឃុន ស៊ីវ ប្លាស្ទិកសព្វថ្ងៃនេះមានច្រើនប្រភេទ ប៉ុន្តែមានប្លាស្ទិក៧ ប្រភេទដែលប៉ះពាល់ដល់បរិស្ថានខ្លាំងជាងគេ ហើយក្នុងចំណោមនោះមានតែ ២ប្រភេទទេ ដែលជាប្រភេទប្លាស្ទិកល្អជាងគេ និងងាយស្រួលក្នុងការកែច្នៃធ្វើជាប្រេងម៉ាស៊ូត ភាគច្រើននៃប្លាស្ទិកទាំងអស់នោះគេសម្គាល់ទៅលើលេខ និងអក្សរកាត់តាមសំបកដប។
លោក ឃុន ស៊ីវ បានរៀបរាប់ថា ស្ថិតក្នុងការស្រាវជ្រាវរយៈពេលជិតមួយឆ្នាំ លោកឆ្លងកាត់វិធីសាស្ត្រ៣ដំណាក់កាលក្នុងការកែច្នៃប្លាស្ទិកបានជាប្រេងម៉ាស៊ូត ទី១ បំបែកធាតុ ទី២ ការចម្រោះ និងទី៣បន្សុទ្ធ ដើម្បីឱ្យប្រេងថ្លា ហើយយកទៅលាយជាមួយប្រេងឆាចាស់ៗ៣០ភាគរយ ជាមួយម៉ាស៊ូត៧០ភាគរយ ទើបកាត់បន្ថយជាតិពុលបានខ្លះ និងអាចប្រើប្រាស់បាន។
លោក ស៊ីវ បន្ថែមថា ជាទូទៅលោកបានចំណាយប្លាស្ទិចអស់៧៥៥ក្រាម ឬសើ្មនឹង៥០% ដើម្បីផលិតបានប្រេង ១លីត្រ បើសិនជាម៉ាស៊ីននោះល្អ មិនលិច ឬជ្រាប។
«បើសិនជាម៉ាស៊ីនល្អ អត់មានលិចជ្រាបទេ គឺប្រេង១លីត្រ ត្រូវការប្លាស្ទិកប្រហែលជា ៧៥៥ក្រាម ទើបផលិតបាន ប៉ុន្តែរាល់ថ្ងៃនេះម៉ាស៊ីនយើងអត់សូវល្អបានតែ៤០ ទៅ៤៥%នៃប្រេង១លីត្រប៉ុណ្ណោះ» ។
បើតាមការបកស្រាយរបស់ លោក ឃុន ស៊ីវ ការរំលាយប្លាស្ទិកដោយប្រើកំដៅក្នុងឡ ដោយគ្មានវត្តមានអុកស៊ីហ្សែន មានផលប៉ះពាល់តិចតួចជាងការដុតសំរាមនៅវាលលំហរ ហើយអាចជួយកាត់បន្ថយបាន៨០% តាមរយៈការកែច្នៃនេះ។
«ប្រេងឥន្ទនៈណាក៏មានជាតិពុលដែរ គ្រាន់តែមានតិចហើយនិងច្រើន បើមិនកែច្នៃទេ សំរាមប្លាស្ទិកទាំងអស់នោះនឹងបង្កជាផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ កាលណាបើយើងដុតប្លាស្ទិក១ គីឡូ វាបញ្ចេញ Co2 ៣គីឡូ ហើយកាលណាដែលយកមកកែច្នៃ គឺវាជួយកាត់បន្ថយបាន ៨០% បើធៀបនឹងសំរាម១០០%»។
បើទោះបីជាការផលិតប្រេងម៉ាស៊ូតចម្រាញ់ចេញពីប្លាស្ទិករបស់អង្គការ OBT ជាផលិតផលថ្មីនៅកម្ពុជា ប៉ុន្តែលោក ស៊ីវ លើកឡើងថា ដំណើរការនៃការចម្រាញ់ប្រេងម៉ាស៊ូតនេះស្ថិតក្នុងទ្រង់ទ្រាយតូច និងមិនទាន់មានទីផ្សារទូលំទូលាយនៅឡើយ។ លោកថា លោកក៏កំពុងសរសេរគម្រោងនេះដាក់ទៅប្រកួតប្រជែងនៅប្រទេសបារាំង ដើម្បីឲ្យមានការជួយពីអង្គការបារាំង ក្នុងការផ្គត់ផ្គង់ឧបករណ៍ស្តង់ដារមួយចំនួន ដើម្បីចម្រាញ់ប្រេងពីប្លាស្ទិចបានល្អ។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ Newsroom Cambodia តាមរយៈបណ្តាញសង្គមតេលេក្រាមថាការយកប្លាស្ទិកមកកែច្នៃជាប្រេងឥន្ធនៈនេះ នៅលើសកលលោកគេធ្វើអស់ហើយ ប៉ុន្តែលោកថា ប្រសិនបើកម្ពុជាអាចចម្រាញ់ចេញប្រេងដែលល្អហើយអាចប្រើប្រាស់ជាផ្លូវការបាន និងអាចជួយដល់បរិស្ថានបានច្រើន នោះលោកនឹងលើកទឹកចិត្ត និងជំរុញបន្ថែម ។
លោកថា៖ «ការស្រាវជ្រាវរបស់អង្គការដែលយកប្លាស្ទិកមកធ្វើប្រេងឥន្ធនៈនេះ បើសិនជាការចម្រាញ់ទៅបានល្អ ហើយមានការប្រើប្រាស់ទៅបានស្រួល វាជាការល្អ នោះយើងក៏លើកទឹកចិត្តដែរ»។
បើតាមលោក នេត្រ ភក្រ្តា ការវិនិយោគរបស់ក្រុមហ៊ុនកែច្នៃសំណល់សំរាមនៅកម្ពុជាមានតិចតួចនៅឡើយ ហើយសំរាមកែច្នៃមានតែ១០%ប៉ុណ្ណោះ ដែលមិនទាន់ឆ្លើយតបទៅនឹងកំណើនបរិមាណសំរាមបច្ចុប្បន្ន ហើយភាគច្រើននៃសំណល់៨០% ត្រូវចាក់នៅទីលានចាក់សំរាម ប៉ុន្តែរដ្ឋាភិបាលក៏មិនបានហាមឃាត់ក្រុមហ៊ុនឯកជន មកវិនិយោគលើការកែច្នៃកាកសំណល់នេះនៅកម្ពុជាដែរ ។
លោកថា៖ «បច្ចុប្បន្ននេះការកែច្នៃសំណល់សំរាមនៅកម្ពុជារបស់យើង នៅមិនទាន់មានលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ ដោយសារតែមិនទាន់មានការចូលរួមច្រើន ក្នុងការវិនិយោគ យើងមានសហគ្រាសធុនតូចមួយចំនួន ដែលបានធ្វើការកែច្នៃសំណល់សំរាម ប៉ុន្តែរាជរដ្ឋាភិបាលយើងបានលើកទឹកចិត្តបន្ថែមឱ្យក្រុមហ៊ុនឯកជន ឬសហគ្រាស ចូលរួមក្នុងការវិនិយោគលើការកែច្នៃកាកសំណល់សំរាមនេះឱ្យបានច្រើន តាមតែអាចធ្វើទៅបាន» ។
កញ្ញា អាត សុធាវី ជាស្ថាបនិក Think Plastic ប្រាប់ Newsroom Cambodia តាមបណ្តាញសង្គមតេលេក្រាមថា ប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សម្រស់ទីក្រុង និងបរិស្ថានតែប៉ុណ្ណោះទេ ប៉ុន្តែប្លាស្ទិកអាចបំផ្លាញដល់សុខភាពអ្នកនៅជុំវិញខ្លួន ទទួលរងដោយសារការមិនស្វែងយល់ឱ្យច្បាស់របស់អ្នកប្រើប្រាស់។
«ប្លាស្ទិកដែលយើងប្រើតែម្តងបោះចោល ដូចជាការវេចខ្ចប់ចំណីអាហារក្តៅដែលវាអាចប៉ះពាល់ដល់សុខភាព ហើយការប្រើប្រាស់ដោយមិនមានការទុកដាក់ត្រឹមត្រូវ ដូចជាបោះចោលតាមដងទន្លេ តាមដងផ្លូវ ដែលធ្វើឱ្យខូចសោភ័ណភាពទីក្រុង ព្រោះអីបើគេបោះចោលច្រើន ប្លាស្ទិកវាមិនរលាយទៅណាទេ ហើយបើកប់ក្នុងដីវាប៉ះពាល់ដល់គុណភាពដី បើបោះចោលក្នុងទឹកខូចគុណភាពទឹក ហើយសារធាតុដែលស្អុយរលួយនៅក្នុងសំរាមហ្នឹងវាមានក្លិនមិនល្អ ហើយអ្នកដែលនៅជុំវិញហ្នឹងហើយជាអ្នករងគ្រោះ»។
កញ្ញា សុធាវី សង្កេតឃើញថា ដោយសារតែប្លាស្ទិកមានតម្លៃថោក និងងាយស្រួលវេចខ្ចប់ ទើបប្រជាជននាំគ្នាប្រើតាមគ្នា ប៉ុន្តែអ្វីដែលប្រជាជនយើងត្រូវការ គឺចំណេះដឹងពីផលប្រយោជន៍ និងផលប៉ះពាល់របស់ប្លាស្ទិក ទាល់តែពួកគាត់យល់ដឹងពីផលវិជ្ជមាន និងអវិជ្ជមានទាំងអស់ហ្នឹងសិនទើបអាចចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថកាត់បន្ថយប្លាស្ទិកបាន ។
«ថាទៅម្នាក់ៗហាក់បីដូចជាដឹងពីផលប្រយោជន៍របស់វាដែលប្រើទៅស្រួល មើលទៅវាស្អាត វាអនាម័យ ប៉ុន្តែគាត់អត់សូវបានស្វែងយល់ច្រើនទាក់ទងទៅនឹងគុណវិបត្តិទេ ពីព្រោះអ្វីដែលយើងសង្កេតឃើញពេលខ្លះអត់ចាំបាច់ក៏គាត់ប្រើដែរ ពីព្រោះប្លាស្ទិកថោកពេក ដូចជាទិញទឹកសុទ្ធ១ដបក៏ត្រូវដាក់ស្បោងឱ្យគេមួយ និងដាក់បំពង់បឺតឱ្យគេមួយដែរ ចឹងហើយអាហ្នឹងវាគឺជាទម្លាប់ ខ្ញុំគិតការប្រើបែបហ្នឹងវាគឺជាការខ្ជះខ្ជាយ»។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងមួយថ្ងៃ នៅកម្ពុជាមានសំរាមជាងមួយម៉ឺនតោន ក្នុងនោះសំណល់ប្លាស្ទិកមានប្រមាណជា២០ភាគរយ។ ចំណែកនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានសំរាមជិត៣ពាន់តោន ដោយជិត២០ភាគរយជាសំណល់ប្លាស្ទិក៕