ប្លាស្ទិក ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​សារធាតុ​ពុល​ច្រើន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​សុខភាព​មនុស្ស​ស​ត្វ​​ខ្លាំង។ ​ការកែ​ច្នៃ​ប្លាស្ទិក​ធ្វើ​ជា​ម៉ាស៊ូត កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈអង្គការ​​បណ្តុះ​បណ្តាល​ថ្នាក់​មូលដ្ឋាន ហៅ​កាត់​ថា OBT ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​​ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។

លោក ឃុន ស៊ីវ ជំនួយការ​ប្រធាន​អង្គការ OBT និង​ជា​អ្នក​កាន់​គម្រោង​នេះ បាន​ប្រាប់ Newsroom Cambodia ថា ការកែច្នៃប្លាស្ទិច ​ទៅជាម៉ាស៊ូត​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយបរិមាណ​សំរាម​​ប្លាស្ទិក ​​និង អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​​យល់ដឹងពីផលប៉ះពាល់ប្លាស្ទិក។

«គោលដៅ​សំខាន់​របស់​ខ្ញុំ​ទី១ គឺ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​គាត់​យល់​ពី​ផល​ប៉ះពាល់​ប្លាស្ទិក​ និង​ប្រាប់​គាត់​ឱ្យ​ចេះ​កាត់​បន្ថយ និង​ប្រើប្រាស់​របស់​ជំនួស​បាន ហើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គាត់​អាច​យល់​ដឹង​ពី​ផល​ប៉ះពាល់ គាត់​ចេះ​ប្រើប្រាស់ ចេះ​រៀ​បចំ​ ចេះ​ទុក​ដាក់​ក្នុង​គ្រួសារ ក្នុង​សហគមន៍​របស់​គាត់​ហើយ អីចឹង​វា​អាច​កាត់​បន្ថយ​​តា​ម​ហ្នឹង​ដែរ»​។

ក្រៅពី​ការអប់រំ​ដល់​សហគមន៍​ក្នុងភូ​មិ​ជី​រោទិ៍ក្រោម​ទី២ ឃុំ​ជី​រោទិ៍​ទី១ ស្រុក​ត្បូង​ឃុំ ខេត្ត​ត្បូង​ឃ្មុំ លោក ឃុន​ ស៊ីវ បន្ថែម​ថា ដោយសារ​សំរាម​ប្លាស្ទិក​មាន​ចំនួន​ច្រើន​ខ្លាំង ​ ទើប​ជំរុញ​ឱ្យ​លោក​សិក្សា​ស្រាវជ្រាវ​កែច្នៃ​សម្បក​ប្លាស្ទិក​ទាំង​នោះ​ទៅ​ជា​ប្រេង​ម៉ាស៊ូត ប៉ុន្តែ​លោក​ថា ​ការ​កែ​ច្នៃ​ជា​ប្រេងម៉ាស៊ូត​នេះ ​មិន​ទទួល​បាន​ផលចំណេញអ្វី​​ក្រៅតែពីជួយការពារបរិស្ថាន​​ប៉ុណ្ណោះ។

«គោលដៅទី២ ខ្ញុំមើល​ឃើញ​ថា​ ប្លាស្ទិក​ទាំងអស់​ហ្នឹង​មិន​ដឹង​ជា​យក​ទៅ​ណា គឺ​មាន​តែ​កែច្នៃ​វា ហើយ​ការកែច្នៃ​រាល់​ថ្ងៃ​នេះ វា​អត់​មាន​ផល​ចំណេញ​បែប​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​មាន​តែ​ផល​ចំណេញ​ខាង​បរិស្ថាន»​។

លោក​បន្ថែម​ថា លោកយកប្លាស្ទិចប្រភេទដែល​ល្អ​សម្រាប់​ចម្រាញ់​ជាម៉ាស៊ូត និង​យក​ប្រភេទ​មិន​ល្អ​កែ​ច្នៃ​ជាឥដ្ឋ​បរិស្ថាន។

«គោលដៅទី៣ ខ្ញុំនឹងបន្តធ្វើប្រេងដដែល​ គ្រាន់តែ​យក​ប្លាស្ទិក​ប្រភេទ​លេខ​២ និងលេខ​៥ ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការយក​ទៅ​ចម្រាញ់ ហើយ​ប្រភេទ​ផ្សេង​អាច​ច្នៃ​បាន​ តែពិបាក​ក្នុង​ការញែក​អាស៊ីត​ចេញ​ពី​គ្នា ប៉ុន្តែ​ប្លាស្ទិក​​ដែល​នៅ​សល់​ដូចជា​ថង់ និង​ប្រភេទ​លេខ​​១ លេខ៣ លេខ៤ លេខ៦​ លេខ៧ ​ខ្ញុំនឹងច្នៃឱ្យទៅជាឥដ្ឋបរិស្ថាន»។​

បើតាម លោក ឃុន ស៊ីវ ប្លាស្ទិក​សព្វថ្ងៃ​នេះ​មាន​ច្រើន​ប្រភេទ​ ប៉ុន្តែ​មាន​ប្លាស្ទិក​៧ ប្រភេទ​ដែល​ប៉ះពាល់​ដល់បរិស្ថានខ្លាំងជាងគេ​ ហើយក្នុងចំណោមនោះមានតែ ២​ប្រភេទទេ​ ដែល​ជា​ប្រភេទ​ប្លាស្ទិក​​ល្អ​ជាង​គេ និង​ងាយ​ស្រួល​ក្នុង​ការកែច្នៃ​ធ្វើ​ជា​ប្រេង​ម៉ាស៊ូត ភាគ​​ច្រើន​នៃ​ប្លាស្ទិក​ទាំង​អស់​នោះ​គេ​សម្គាល់​ទៅ​លើ​លេខ និង​អក្សរ​កាត់​តាម​សំបក​ដប​។

លោក ឃុន ស៊ីវ បាន​រៀបរាប់​ថា ស្ថិត​​ក្នុង​ការស្រាវជ្រាវ​រយៈពេល​ជិត​មួយ​ឆ្នាំ លោក​ឆ្លង​កាត់​វិធី​សាស្ត្រ​៣​ដំណាក់កាល​ក្នុង​ការកែច្នៃ​ប្លាស្ទិក​បាន​ជា​ប្រេង​ម៉ាស៊ូត​ ទី១ បំបែកធាតុ​ ទី២ ការ​ចម្រោះ និងទី៣បន្សុទ្ធ ដើម្បី​ឱ្យ​ប្រេង​ថ្លា ហើយ​យក​ទៅ​លាយ​ជាមួយ​ប្រេងឆា​ចាស់ៗ៣០​ភាគ​រយ ជាមួយ​ម៉ាស៊ូត​៧០​ភាគរយ​​ ទើប​កាត់​បន្ថយ​​ជាតិ​ពុល​បាន​ខ្លះ និង​អាច​ប្រើប្រាស់​បាន។

លោក​ ស៊ីវ បន្ថែម​ថា ជាទូទៅ​លោក​បាន​ចំណាយ​ប្លាស្ទិច​អស់​៧៥៥​ក្រាម ឬ​សើ្មនឹ​ង​៥០% ដើម្បី​ផលិត​បាន​ប្រេង ១​លីត្រ បើសិនជា​ម៉ាស៊ីន​នោះល្អ​ មិន​លិច ឬ​ជ្រាប​។

«បើសិនជា​ម៉ាស៊ីន​ល្អ អត់មានលិចជ្រាបទេ គឺ​ប្រេង​១​​លីត្រ ត្រូវការប្លាស្ទិក​ប្រហែលជា ៧៥៥​ក្រាម ទើបផលិតបាន ប៉ុន្តែរាល់ថ្ងៃនេះម៉ាស៊ីនយើងអត់សូវល្អបានតែ៤០ ទៅ​៤៥%​នៃប្រេង​១លីត្រ​ប៉ុណ្ណោះ» ។

បើតាមការបកស្រាយរបស់ លោក ឃុន ស៊ីវ ការរំលាយ​ប្លាស្ទិក​ដោយ​ប្រើ​កំដៅ​ក្នុង​ឡ​ ដោយ​គ្មាន​វត្តមាន​អុកស៊ីហ្សែន​ មាន​ផល​ប៉ះពាល់​តិចតួច​ជាង​ការដុត​សំរាម​នៅ​វាល​លំហរ ហើយ​​អាច​ជួយ​កាត់បន្ថយ​បាន​៨០% តាមរយៈ​ការកែច្នៃ​នេះ​។

«ប្រេង​ឥន្ទនៈ​ណា​ក៏​មាន​ជាតិ​ពុល​ដែរ គ្រាន់តែ​មាន​តិច​ហើយ​និង​ច្រើន បើ​មិន​កែច្នៃ​ទេ សំរាម​ប្លាស្ទិក​ទាំងអស់​នោះ​នឹង​បង្ក​ជា​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ កាលណា​បើ​យើង​ដុត​ប្លាស្ទិក​១ គីឡូ វា​បញ្ចេញ Co2 ៣​គីឡូ ហើយ​កាលណា​ដែល​យក​មក​កែច្នៃ គឺ​វាជួយ​កាត់​បន្ថយ​បាន ៨០% បើ​ធៀប​នឹង​សំរាម​១០០%»​។

បើ​ទោះបីជា​ការផលិត​ប្រេង​ម៉ាស៊ូត​ចម្រាញ់​ចេញ​ពី​ប្លាស្ទិក​រប​ស់​អង្គការ OBT ជា​ផលិត​ផល​ថ្មី​​នៅ​កម្ពុជា ប៉ុន្តែ​លោក ស៊ីវ លើកឡើងថា ដំណើរការ​នៃ​ការចម្រាញ់​ប្រេង​ម៉ាស៊ូត​នេះ​ស្ថិត​ក្នុង​ទ្រង់​ទ្រាយ​តូច និង​មិន​ទាន់​មាន​ទីផ្សារ​ទូលំ​ទូលាយ​នៅ​ឡើយ។ លោក​ថា លោក​ក៏​កំពុង​សរសេរ​គម្រោង​នេះ​ដាក់​ទៅ​ប្រកួត​ប្រជែង​នៅ​ប្រទេស​បារាំង ដើម្បី​ឲ្យ​មាន​ការ​ជួយ​ពី​អង្គការ​បារាំង ក្នុង​ការផ្គត់ផ្គង់​ឧបករណ៍​ស្តង់ដារ​មួយ​ចំនួន ដើម្បី​ចម្រាញ់​ប្រេង​ពី​ប្លាស្ទិច​បានល្អ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ Newsroom Cambodia ​តាម​រយៈ​បណ្តាញ​សង្គម​តេលេក្រាម​ថា​ការយក​ប្លាស្ទិក​មក​កែច្នៃ​ជា​ប្រេង​ឥន្ធនៈ​នេះ នៅ​លើ​សកល​លោក​គេ​ធ្វើ​អស់​ហើយ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​​កម្ពុជា​អាច​ចម្រាញ់​ចេញ​ប្រេង​ដែល​ល្អ​ហើយ​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន និង​អាច​ជួយ​ដល់​បរិស្ថាន​បាន​ច្រើន នោះ​លោក​​នឹង​លើក​ទឹក​ចិត្ត និង​ជំរុញ​បន្ថែម ។

លោកថា៖ «ការស្រាវជ្រាវ​របស់​អង្គការ​ដែល​យក​ប្លាស្ទិក​មក​ធ្វើ​ប្រេង​ឥន្ធនៈ​នេះ បើសិន​ជា​ការចម្រាញ់​ទៅ​បាន​ល្អ ហើយ​មាន​ការប្រើប្រាស់​ទៅ​បា​ន​ស្រួល​ វា​ជា​ការល្អ នោះ​យើង​ក៏​លើក​ទឹក​ចិត្ត​ដែរ»។

បើតាម​លោក នេត្រ ភក្រ្តា ការវិនិយោគ​របស់​ក្រុមហ៊ុន​កែច្នៃ​សំណល់​សំរាម​នៅ​កម្ពុជា​មាន​តិច​តួច​នៅឡើយ ហើយ​សំរា​ម​កែច្នៃ​មាន​តែ​១០%​ប៉ុណ្ណោះ ដែល​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កំណើន​បរិមាណ​សំរាម​បច្ចុប្បន្ន ហើយ​ភាគច្រើន​នៃ​សំណល់​៨០% ត្រូវ​ចាក់​នៅ​ទីលាន​ចាក់​សំរាម ប៉ុន្តែ​រដ្ឋាភិបាល​ក៏​មិន​បាន​ហាមឃាត់​ក្រុមហ៊ុន​ឯកជន​ មក​វិនិយោគ​លើ​ការកែច្នៃ​កាក​សំណល់​នេះ​នៅ​កម្ពុជា​ដែរ ។

លោក​ថា៖ «បច្ចុប្បន្ន​នេះ​កា​រកែច្នៃ​សំណល់​សំរាម​នៅ​កម្ពុជា​របស់​យើង នៅ​មិន​ទាន់​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំនៅ​ឡើយ​ទេ​ ដោយសារ​តែ​មិន​ទាន់​មាន​ការចូលរួម​ច្រើន ក្នុង​ការ​វិនិ​យោគ យើង​មាន​សហគ្រាសធុនតូចមួយចំនួន​ ដែលបានធ្វើការកែច្នៃសំណល់សំរាម ប៉ុន្តែ​រាជ​រដ្ឋា​ភិបាលយើងបានលើកទឹកចិត្តបន្ថែមឱ្យក្រុមហ៊ុនឯកជន ឬសហគ្រាស ចូលរួម​ក្នុង​ការវិនិ​យោគលើការកែច្នៃកាកសំណល់​សំរាមនេះ​ឱ្យ​បាន​ច្រើន​ តាម​តែ​អាច​ធ្វើ​ទៅ​បាន» ។

កញ្ញា អាត សុធាវី ជាស្ថាបនិក Think Plastic ប្រាប់ Newsroom Cambodia តាមបណ្តាញសង្គមតេលេក្រាម​ថា ប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សម្រស់ទីក្រុង និង​បរិស្ថាន​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ​ប្លាស្ទិក​អាច​បំផ្លាញ​ដល់​សុខភាព​អ្នក​នៅ​ជុំវិញ​ខ្លួន​ ទទួល​រង​ដោយសារ​ការ​មិន​ស្វែង​យល់​ឱ្យ​ច្បាស់​របស់​អ្នក​ប្រើប្រាស់។

«ប្លាស្ទិក​ដែល​យើង​ប្រើ​តែ​ម្តង​បោះ​ចោល ដូចជា​ការវេច​ខ្ចប់​ចំណី​អាហារ​ក្តៅ​ដែល​វា​អាច​ប៉ះពាល់​ដល់​សុខភាព ហើយ​ការប្រើប្រាស់​ដោយ​មិនមាន​ការទុកដាក់​ត្រឹមត្រូវ ដូចជា​បោះ​ចោល​តាម​ដង​ទន្លេ តាម​ដង​ផ្លូវ ​ដែល​ធ្វើឱ្យ​ខូច​សោភ័ណ​ភាព​ទីក្រុង ​ព្រោះអី​បើ​គេ​បោះ​ចោល​ច្រើន ប្លាស្ទិក​វា​មិន​រលា​យ​ទៅ​ណា​ទេ ហើយ​បើ​កប់​ក្នុង​ដី​វា​ប៉ះពាល់​ដល់​គុណភាព​ដី បើ​បោះចោល​ក្នុង​ទឹក​ខូច​គុណភា​ព​ទឹក ហើយ​សារធាតុ​ដែល​ស្អុយ​រលួយ​នៅ​ក្នុង​សំរា​ម​ហ្នឹង​វា​មាន​ក្លិន​មិន​ល្អ ហើយ​អ្នក​ដែល​នៅ​ជុំ​វិញ​ហ្នឹង​ហើយ​ជា​អ្នក​រងគ្រោះ»។

កញ្ញា សុធាវី សង្កេត​ឃើញ​ថា ដោយសារ​តែ​ប្លាស្ទិក​មាន​តម្លៃ​ថោក និង​ងាយស្រួល​វេច​ខ្ចប់ ទើប​ប្រជាជន​នាំ​គ្នា​ប្រើ​តា​មគ្នា ប៉ុន្តែ​អ្វី​ដែល​ប្រជាជន​យើង​ត្រូវ​ការ គឺ​ចំណេះដឹង​ពី​ផល​ប្រយោជន៍ និង​ផល​ប៉ះពាល់​របស់​ប្លាស្ទិក ទាល់តែ​ពួកគាត់​យល់​ដឹង​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​ទាំង​អស់​ហ្នឹង​​​សិន​ទើប​អាច​ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថកាត់បន្ថយប្លាស្ទិកបាន ។

«ថា​ទៅ​ម្នាក់ៗ​ហាក់បី​ដូចជា​ដឹង​ពី​ផល​ប្រយោជន៍​របស់​វា​ដែ​លប្រើ​ទៅ​ស្រួល មើល​ទៅ​វា​ស្អាត វា​អនាម័យ ប៉ុន្តែ​គាត់​អត់​សូវ​បាន​ស្វែង​យល់​ច្រើន​ទាក់ទង​ទៅ​នឹង​គុណ​វិបត្តិ​ទេ​ ពីព្រោះ​អ្វី​ដែល​យើង​សង្កេត​ឃើញ​ពេល​ខ្លះ​អត់​ចាំ​បាច់​ក៏​គាត់​ប្រើ​ដែរ ពីព្រោះ​ប្លាស្ទិក​ថោក​ពេក ដូចជា​ទិញ​ទឹក​សុទ្ធ​១ដប​ក៏​ត្រូវ​ដាក់​ស្បោង​ឱ្យ​គេ​មួយ និង​ដាក់​បំពង់​បឺត​ឱ្យ​គេ​មួយ​ដែរ ចឹង​ហើយ​អាហ្នឹង​វា​គឺ​ជា​ទម្លាប់ ខ្ញុំ​គិត​ការប្រើ​បែប​ហ្នឹង​វា​គឺជា​ការខ្ជះខ្ជាយ»​។

បើតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន ក្នុង​មួយ​ថ្ងៃ នៅ​កម្ពុជា​មាន​សំរាម​ជាង​មួយ​ម៉ឺន​តោន​ ក្នុង​នោះ​សំណល់​​ប្លាស្ទិកមាន​​ប្រមាណជា​២០​ភាគ​រយ។ ចំណែក​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ​មាន​សំរាម​ជិត​៣​ពាន់​តោន ដោយ​ជិត​២០​ភាគ​រយ​ជាសំណល់​ប្លាស្ទិក៕​