(សៀមរាប) – ចម្ងាយប្រហែលជាង ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាប នៅភូមិមួយចំនួនក្នុងស្រុកបន្ទាយស្រី នៅមិនទាន់មានចរន្តអគ្គិសនីប្រើប្រាស់នៅឡើយ ដែលធ្វើឱ្យពួកគាត់ត្រូវប្រើចរន្តអគ្គិសនីដែលបានមកពីការចាប់អាគុយ និងសូឡា ដើម្បីបំភ្លឺនៅពេលរាត្រី ខណៈប្រជាជនខ្លះទៀត ដែលមានលទ្ធភាព បានទិញម៉ាស៊ីនភ្លើងមកប្រើប្រាស់ តែត្រូវចំណាយអស់ថ្លៃសាំងច្រើន និងបង្ករជាសំឡេងរំខាន នាពេលរាត្រី។
មានលំនៅដ្ឋាននៅភូមិអូប៉ោង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកឆើត ឈន ដែលមានសមាជិកគ្រួសារ ៨នាក់ បានរៀបរាប់ថា នៅក្នុងភូមិនេះ បើទោះបីជាមានខ្សែភ្លើងចូលដល់ ក៏ពិតមែន តែមិនទាន់មានអគ្គិសនីសម្រាប់ប្រើប្រាស់នៅឡើយទេ។
លោកបន្តថា ផ្ទះរបស់លោក បានប្រើប្រាស់ភ្លើងគោយន្ត សូឡា និងអាគុយ សំរាប់បំភ្លឺក្នុងផ្ទះ ហើយប្រើម៉ាស៊ីនភ្លើង សំរាប់បូមទឹកពីអណ្តូង និងប្រើប្រាស់សំរាប់តម្រូវការក្នុងការធ្វើការងារផ្សេងៗ។
លោកឆើត ឈន បានរៀបរាប់យ៉ាងដូច្នេះថា៖ «បើមានភ្លើង[អគ្គិសនី]រដ្ឋមកវាស្រួល ពួកខ្ញុំប្រើភ្លើងគោយន្តនេះពេលយើងចង់ផ្សាអីផ្សេងៗវាស្រួល។ ពេលខ្ញុំមានធុងបាស់អញ្ចេះ ពេលចង់ស្តាប់បើកលេងទៅ ដល់អានោះពិបាកបញ្ចេះម៉ាស៊ីនវាថ្លង់ [… ] ប្រើសូឡាអត់បានទេ ទាល់តែបញ្ចេះម៉ាស៊ីន។ សូឡា បានតែអំពូលទេ បើយើងប្រើកម្តៅរាល់ព្រឹកក៏អស់ដែរ បើអាគុយទៅរត់បានប៉ុន្មានទេ»។
លោកបានបន្ថែមថា ការប្រើម៉ាស៊ីនភ្លើង បូមទឹកពីអណ្តូងសំរាប់យកមកប្រើប្រាស់ប្រចាំថ្ងៃ មានតំលៃខ្ពស់ និងអស់សាំងច្រើន។ ករណីនេះ លោកស្នើទៅអាជ្ញាធរខេត្តជួយពន្លឿនការតចរន្តអគ្គីសនីដល់ភូមិនេះ ឱ្យបានប្រើប្រាស់ឆាប់ៗ ដើម្បីកាត់បន្ថយការចំណាយ និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។
លោកឆើត ឈន បានថ្លែងថា៖ «សំណូមពរចង់ឱ្យគេដាក់ភ្លើងឆាប់ អាងបានប្រើនឹងគេស្រួល ឱ្យតែបានភ្លើងមកយើងធ្វើអីក៏បានដែរ យើងចង់ផ្សា យើងទិញបំពង់ខ្យល់មកទុកប៉ះកង់អីបាន វាស្រួលអត់ពិបាកទៅបញ្ឆេះម៉ាស៊ីន សព្ធថ្ងៃគេប្រើម៉ូទ័រស្រួល[…]បើបូមទឹកផង មួយខែប៉ះណា អស់សាំង១០ទៅ២០លីត ព្រោះប្រើច្រើន ម៉ាលូអស់សាំង១លីត្រជាង អីម៉ាលីត្រសុទ្ធតែជាងបីពាន់ប្រាំរយ(រៀល) […] ប្រើបោកខោអាវអីផងប្រហែសភ្លេចខ្លួនអស់ទឹកបោករលើង»។
រីឯ ពលរដ្ឋម្នាក់ទៀតរស់នៅភូមិអូប៉ោងនេះដែរ អ្នកស្រីយៀត យន់ ដែលកំពុងទន្ទឹងរង់ចាំមើលការតភ្ជាប់ចរន្តអគ្គិសនី ទៅដល់ភូមិរបស់គាត់នោះ បាននិយាយថា អ្នកស្រីធ្លាប់បានដាក់ពាក្យស្នើរសុំអគ្គិសនីប្រើប្រាស់ម្តងហើយ តែមិនទាន់បាន។
គ្រួសារអ្នកស្រី ប្រើអាគុយតូច និងសូឡា ដើម្បីបំភ្លឺក្នុងផ្ទះនៅពេលរាត្រី តែត្រូវត្បិតត្បៀតខ្លាំង ក្នុងការប្រើប្រាស់ ដោយសារថាមពលមិនសូវមានគ្រប់គ្រាន់ ហើយបើចង់យកទឹកមកប្រើប្រាស់ ត្រូវប្រើម៉ាស៊ីនភ្លើងបូមទឹកពីអណ្តូង។
អ្នកស្រីយៀត យន់ បាននិយាយថា៖ «ពិបាកមែនទែន ងងឹត ជួនថ្ងៃណាអាគុយ ពេលមេឃវាអាប់មក អាគុយវាអត់ចាប់ វាអស់ទៅ សូឡាតែអត់ត្រូវកម្តៅក៏អត់ភ្លើងដែរ មានបានចាប់អាគុយផ្ទាល់ ដល់ហូបបាយហើយរួច មានដែលហ៊ានប្រើ ខ្ជះខ្ជាយអីមកពីអត់មានកំដៅ [… ] ប្រើអំពូល មួយពី មានអីដាក់អំពូលច្រើន កង្ហាអត់ មានកង្ហាមិនហ៊ានប្រើ អាគុយតូចដែរ»។
ពាក់ព័ន្ធនឹងករណីនេះ អភិបាលរងខេត្តសៀមរាប លោកលី សំរិទ្ធ បានទទួលស្គាល់ថា តំបន់នៅតាមទីជនបទមួយចំនួនក្នុងខេត្តនេះ ពិតជាពុំទាន់មានអគ្គិសនីប្រើប្រាស់មែន ដោយសារកម្លាំងអគ្គិសនីមិនអាចមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់បាន។
លោកលី សំរិទ្ធ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាបានដឹងថា ប្រជាជននៅភូមិ អូប៉ោង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពួកគាត់ពិតជាមានការខ្វះខាតអគ្គិសនីប្រើប្រាស់មែន ដោយសារតែពួកគាត់គឺជាអ្នកចំណូលថ្មី ដូចនេះ ក្នុងនាមយើងជាអ្នកដឹកនាំ យើងត្រូវតែជួយកន្លែងណាដែលចាំបាច់មុនសិន ហើយប្រទេសរបស់យើងមិនដូចជាប្រទេសជប៉ុនទេ។ ប្រទេសជប៉ុនទាញយកអគ្គិសនីតាមរយៈនុយក្លែអ៊ែរ ចំណែកប្រទេសយើងទាញយកអគ្គិសនីតាមរយៈវារីអគិ្គសនី»។
លោកបានមានប្រសាសន៍បន្តថា៖ «ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើតសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទជាបន្តទៀត ដើម្បីធ្វើយ៉ាងណាសម្រេច ឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្តចំនួនពីរ គឺ ទី១. ដល់ឆ្នំា២០២០ ភូមិទំាងអស់ទូទំាងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និងទី២.ដល់ឆ្នំា២០៣០ យ៉ាងហោច ៩០% នៃគ្រួសារទំាងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីដែលមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់»។
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានប្រសាសន៍ថា សម្រាប់ស្រុកបន្ទាយស្រី មានប្រជាពលរដ្ឋមិនដល់១០ភាគរយទេ ដែលនៅមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់។
ជុំវិញបញ្ហាខាងលើនេះ ប្រធានអគ្គីសនីខេត្តសៀមរាប លោកគង់ ផល្លា បានបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងថា៖ «ខ្ញុំមិនអាចមានសមត្ថកិច្ចក្នុងការផ្តល់បទសំភាសន៏បានទេ»។
យោងតាមរបាយការណ៍ឆ្នាំ២០១៩ ដែលចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា ឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ អគ្គិសនីកម្ពុជា អាចផ្គត់ផ្គង់បានដល់ពលរដ្ឋជិត ៣លាននាក់ប៉ុណ្ណោះ ខណៈពលរដ្ឋកម្ពុជា មានជាង ១៥,៣លាននាក់។
ប្រធានទីប្រឹក្សានៃគំរោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចនៃក្រសួងពាណិជ្ជកម្ម លោកអ៊ុង តារារ័ត្នមុនី មានប្រសាសន៍ថា អគ្គិសនី គឺចាំបាច់ខ្លាំងបំផុតសម្រាប់ប្រជាកសិករ និងអ្នកបង្កើតអាជីវកម្មទាំងអស់នៅកម្ពុជា ដោយថា វាបានជួយសម្រួលច្រើនដល់ការងារប្រចាំថ្ងៃរបស់ពលរដ្ឋ និងថ្លៃចំណាយដែលមិនចាំបាច់មួយចំនួន។
លោកបន្តថា ការពង្រីកសេវាអគ្គិសនីដល់មូលដ្ឋានរបស់ពលរដ្ឋ នឹងសម្រួលដល់ការចំណាយរបស់ពលរដ្ឋ និងអាចបង្កើននូវឱកាសអាជីវកម្មដល់ពលរដ្ឋផងដែរ។
ទាក់ទងនឹងរឿងនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល លោកវិចទ័រ ហ្សូនា បានមានប្រសាសន៍ថា កន្លងមក ក្រសួងមានផែនការកំណត់ថា ក្នុង២០២០កន្លងទៅនេះ កម្ពុជានឹងអាចផ្គត់ផ្គង់ភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ប៉ុន្តែផ្ទុយទៅវិញ ឆ្នាំ២០២១ទៅហើយ នៅតែមិនទាន់មានគ្រប់គ្រាន់នៅឡើយ។
ប៉ុន្តែយ៉ាងណាក្តី ក្រសួងមានផែនការឱ្យប្រជាពលរដ្ឋកម្ពុជា មានថាមពលអគ្គិសនីប្រើប្រាស់សម្រេចឱ្យបាន ៩៧,៤% ទូទាំងប្រទេស ក្នុងចំណោម ១៤ ១៦៨ ភូមិ។ នៅសល់ជាង ៤០០ភូមិទៀត ដែលមិនទាន់មានភ្លើងប្រើប្រាស់។ តាមផែនការរបស់ក្រសួង និងរដ្ឋាភិបាល ក្នុងរយៈពេលបីឆ្នាំទៀត ទើបសំរេចគោលដៅបាន១០០%។
លោកបន្តថា ថាមពលអគ្គិសនីកម្ពុជាបច្ចុប្បន្ន មានប្រភពពីក្នុងស្រុកមានចំនួន ៨៥% ដែលបានមកពីវារីអគ្គិសនី ធ្យូងថ្ម ថាមពលសូឡា ថាមពលបាយយ៉ូម៉ាក់ និងប្រភពនាំចូលពីប្រទេសជិតខាងប្រមាណជា ១៥%។
ត្រឡប់ទៅកាន់គ្រួសារ អ្នកស្រី យៀត យន់ វិញ អ្នកខេត្តសៀមរាបរូបនេះ រំពឹងថា នឹងទទួលបានចរន្តអគ្គិសនីប្រើប្រាស់ឆាប់ៗនេះ ពោលគឺនៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។
អ្នកស្រីមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំចង់បានភ្លើងមុនចូលឆ្នាំ តែអត់ទាន់ឃើញដាក់ គេដាក់តែបង្គោល ចូលឆ្នាំខ្មែរ ត្រូវការសប្បាយមានភ្លើងមានអី »៕