រាល់ថ្ងៃ លោកលី សំណាង វ័យ៣៩ឆ្នាំ ឈរនៅកណ្តាលទ្រូងផ្លូវ ហើយលើកដៃឱ្យជាសញ្ញាប្រាប់ទៅកាន់អ្នកបញ្ជាយានយន្ត នៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីបញ្ជៀសការកកស្ទះ ទាំងខ្លួនមានពិការភាពពីកំណើត។
ស្ថានភាពចរាចរណ៍នៅទីនោះមានសភាពមមាញឹកខ្លាំង ដោយសារមានយានជំនិះជាច្រើន កំពុងបើកបរ សំដៅទៅគោលដៅរៀងៗខ្លួន និងជាតំបន់ទីប្រជុំជនដែលមានប្រជាពលរដ្ឋប្រកបរបរអាជីវកម្មច្រើន។
ទោះបីជាជើងរបស់លោកសំណាង ដើរមិនបានត្រង់ដូចអ្នកដទៃក៏ដោយ ប៉ុន្តែលោកបានប្រាប់ថា គាត់បានស្ម័គ្រចិត្តមកធ្វើចរាចរណ៍ ដើម្បីសម្រួលការកកស្ទះ រយៈពេលជាង២០ឆ្នាំមកហើយ នៅក្នុងខណ្ឌច្បារអំពៅនេះ។
មានមាឌតូចល្អិត សម្បុរខ្មៅ លោកសំណាងបានរៀបរាប់ទាំងញើសកំពុងហូរជោគខ្លួនថា លោកចាប់់ផ្តើមជួយសម្រួលចររណ៍នៅទីនេះ នៅពេលដែលលោកបានមើលឃើញនូវការកកស្ទះខ្លាំង និងបារម្ភមានគ្រោះថ្នាក់ចរាចរណ៍កើតមាននៅតំបន់ដែលលោករស់នៅ ជាពិសេសគឺនៅម្តុំគល់ស្ពានអាកាសច្បារអំពៅ។
ក្នុងមួយថ្ងៃលោកបានចំណាយពេល ប្រមាណ៨ម៉ោង ដើម្បីជួយធ្វើចរាចរណ៍នៅទីនោះ ពោលគឺចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។ ក្នុងពេលសម្រួលចរាចរណ៍ លោកក៏តែងតែទទួលបានការលើកទឹកចិត្ត និងការអាណិតពីអ្នកបើកបរផងដែរ ដោយអ្នកខ្លះ ជួយជាថវិកា និងចំណីអាហារមួយចំនួនដល់រូបលោក។
លោកនិយាយថា ៖ «ទឹកចិត្តនេះ ដើម្បីកុំឱ្យបងប្អូនយ៉ាប់យ៉ឺន ធ្វើដំណើរកកស្ទះ ជារៀងរាល់ថ្ងៃ ពីព្រោះការកកស្ទះនេះ! ម៉ូតូយានយន្តធ្វើដំណើរតាមនេះច្រើន ហើយខ្លាចមានគ្រោះថ្នាក់ផង»។
ជីវិតរបស់បុរសស្ម័គ្រចិត្តជួយសម្រួលចរាចរណ៍នេះ មិនមានភាពងាយស្រួលរស់នៅដូចពលរដ្ឋដទៃនោះទេ ដោយសារតែលោកមានពិការភាពផង ហើយមានជំងឺតេតាណូសប្រចាំកាយផង ដោយលោកត្រូវចំណាយថវិកាទិញថ្នាំម្តងចន្លោះពី ៤០០០០រៀល ទៅ៥០០០០រៀលក្នុងមួយខែ។
បើតាមលោកលី សំណាង ថវិកាដែលលោកមានសម្រាប់ចំណាយទិញថ្នាំ និងអាហារហូបចុកផ្សេងៗ គឺទទួលបានមកពីពលរដ្ឋដែលមានការអាណិតអាសូរ នៅពេលដែលឃើញលោកនៅតាមផ្លូវធ្វើចរាចរណ៍។
ដោយសារតែមានជំងឺតេតាណូសប្រចាំកាយផង បានធ្វើឱ្យលោកមានសភាពហត់ខ្លាំងនៅពេលសម្រាកពីការងារស្ម័គ្រចិត្តរបស់លោក ដោយមានអាការៈចុកដៃ រោយជើង និងឈឺចង្កេះជាដើម។
ជាកូនទី២ ក្នុងគ្រួសារ ក្នុងចំណោមបងប្អូន៥នាក់ មានតែលោកសំណាងប៉ុណ្ណោះដែលមានពិការភាព ចំណែកបងប្អូនរបស់លោកផ្សេងទៀតគឺមានកាយសម្បទាគ្រប់គ្រាន់ ហើយបច្ចុប្បន្នលោកត្រូវស្នាក់នៅជាមួយម្តាយ និងបងប្អូន២នាក់ទៀតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ចំណែកបងប្អូនរបស់លោក២នាក់ទៀតរៀបការបែកផ្ទះរៀងៗខ្លួន។
កាលពីនៅកុមារភាព លោកបានប្រាប់ថា គាត់ធ្លាប់ទទួលការវះកាត់ដុំសាច់ដែលដុះនៅជាប់ច្រមុះដែលសភាពលានចេញដូចជាប្រមោយដំរីម្តង នៅមន្ទីរពេទ្យរុស្សីដោយជោគជ័យ ដោយមានការជួយជាថវិកាពីជនបរទេសម្នាក់។
ទោះបីជាយ៉ាងណា លោកបង្ហាញទឹកចិត្តរបស់ខ្លួនថា នឹងបន្តការងារសម្រួលចរាចរណ៍នេះ ដើម្បីឱ្យអ្នកបើកបរងាយស្រួលធ្វើដំណើរ។
លោក ថា ៖ «ហត់! ប៉ុន្តែនៅទ្រាំទ្រ ធ្វើការដើម្បី [សម្រួលចរាចរណ៍] ឱ្យបងប្អូនដែលធ្វើដំណើរ តាមផ្លូវជារៀងរាល់ថ្ងៃ។ រោយដៃជើង ឈឺចង្កេះចិងទៅ ជួនកាលបែកញើញជោគខ្លួន ពេញអាវ ដូចងូតទឹកចិង »។
ពលរដ្ឋរស់នៅតាមបណ្តោយ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា លោក អ៊ុក សុខា ដែលមានមុខរបរជាជាងជួសជុលម៉ូតូ បានឱ្យដឹងថា តំបន់នេះតែងតែមានការកកស្ទះជាប្រចាំ ជាពិសេសគឺនៅពេលព្រឹក និងពេលរសៀល។លោកបន្តថា លោក លី សំណាង តែងតែមកជួយសម្រួលចរចរណ៍នៅក្បែរផ្ទះលោកជាប្រចាំ និងជួយបោសសម្អាតផ្លូវសាធារណៈនេះថែមទៀត។
ពលរដ្ឋ វ័យ៥៥ឆ្នាំរូបនេះ បានបង្ហាញការកោតសសើរ ចំពោះ លោក សំណាង ដែលជាជនពិការ ប៉ុន្តែមានទឹកចិត្តចូលរួមធ្វើការងារសង្គម ដោយមិនលើកដៃសុំទានគេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសរសើរគាត់ គាត់មានទឹកចិត្តរបស់គាត់។ គាត់ពិការ តែខំខ្នះខ្នែងជួយសម្រូលចរាចរណ៍ គ្រប់ពេលវេលា។គាត់មកជួយបោសដី រើស សំរាមអីទៀត»។
កំពុងអង្គុយលក់ខោអាវនៅមុខផ្ទះ លោក ជា ថាន់ ជាពលរដ្ឋម្នាក់ទៀតរស់តាមបណ្តោយផ្លូវលេខ ៣៦៩ បានសង្កេតឃើញថា នៅពេលដែលលោក លី សំណាង បានមកជួយសម្រួលសរាចរណ៍នៅម្តុំផ្ទះរបស់លោក គឺបានចូលរួមកាន់បន្ថយការកកស្ទះបានមួយកម្រិត។លោកចាន់ បន្ថែមថា ដោយសារការអាណិត ទើបលោកតែងតែ ផ្តល់ចំណីអាហារដល់ជនមានពិការភាពនេះផងដែរ។
លោកជា ថាន់ និយាយថា៖ «និយាយរួមទៅ មានគាត់ទៅ កាត់បន្ថយស្ទះចរាចរណ៍ច្រើន»។
យោងតាមទិន្នន័យនៃចំនួនយានយន្ត ដែលផ្តល់ដោយ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថាចំនួនរថយន្តនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នបានកើនឡើងដល់ជិត ៦ ០០០ ០០០គ្រឿង (៥ ៩៤៤ ០០០ គ្រឿ) ក្នុងនោះមានប្រភេទរថយន្តទេសចរណ៍ និងរថយន្តគ្រួសារមានចំនួន ៨០៤ ៤០០ គ្រឿង ចំណែក ប្រភេទរថយន្តធុនធំ និងរថយន្តផ្សេងៗទៀតមានចំនួន ១៤០ ០០០គ្រឿង។ដោយឡែក ម៉ូតូ និងរឺម៉កវិញមានចំនួន ៥ ០០០ ០០០ គ្រឿង។
អ្នកជំនាញផ្នែកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ មាន ប្រសាសន៍ថា បញ្ហាកកស្ទះចរាចរណ៍គឺ ដោយសារតែកំណើនយានយន្តច្រើនលើសលប់ក្នុងទីក្រុង និងឥរិយាបទរបស់អ្នកបើកបរដែលមិនបានចូលរួមគោរពច្បាប់ចរាចរណ៍ និងគ្មានការយោគយល់គ្នាក្នុងពេកបើកបរ។លោកបន្តថា ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅរាជធានីភ្នំពេញនេះ លោក បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតមធ្យោបាយដឹកជញ្ជូនសាធារណៈបន្ថែមទៀត។
លោកថ្លែងថា៖ «អ្វីដែលអាចបញ្ជៀសការកកស្ទះបាន ខ្ញុំគិតថា រាជធានីភ្នំពេញគួរតែបង្កើនឱ្យមានមធ្យោបាយដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការប្រើប្រាស់យានឯកជនឱ្យបានជាអតិបរិមា។អាចបន្ថែម ជារថយន្តក្រុង និងរថភ្លើង ឬមធ្យោបាយផ្សេងៗទៀត ដែលប្រជាពលរដ្ឋអាចប្រើជំនួសការប្រើឡានខ្លួនឯង ឬម៉ូតូខ្លួនឯង»។
លោកបន្ថែមថា ៖ «ប៉ុន្តែទោះជាយ៉ាងណាខ្ញុំនៅតែឃើញថាឥរិយាបទរបស់អ្នកបើកបរ បើសិនគាត់គោរពច្បាប់ផ្តល់ការអធ្យាស្រ័យគ្នាហើយគាត់យល់ថា មិនត្រូវចតផ្តេសផ្តាស់អីហ្នឹង ក៏វាចូលរួមចំណែកកាត់បន្ថយការកកស្ទះដែរ»។
សម្រាប់លោក គង់ រតនៈ យល់ឃើញថា ចំនួនមន្ត្រីនគរបាលចរាចរណ៍នៅរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយទៅនឹងកំណើនយានយន្តបាននៅឡើយទេ។
លោកបន្ថែមថា ការស្ម័គ្រចិត្តរបស់ពលរដ្ឋក្នុងការជូយសម្រួលការកកស្ទះនៅតាមដងផ្លូវណាមួយនោះគឺ គ្រាន់តែជា វិធានការមួយជួយដោះស្រាយបានមួយពេលៗតែប៉ុណ្ណោះ។
លោកគង់ រតនៈ ៖ «ខ្ញុំគោរព និងកោតសសើរនូវ សណ្តាន ចិត្តរបស់គាត់ ប៉ុន្តែវាមិនមែនជាមធ្យោបាយ ដែលមាននិរន្តរភាពទេ»។
ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណៈការ និងដឹងជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានលើកឡើងថា មន្ទីរសាធារណការ និងដឹកជញ្ជូន និងស្នងការនគរបាលជាតិ ក៏បានសហការគ្នាដើម្បីដោះស្រាយលើបញ្ហានេះផងដែរ។
លោកបានបន្ថែមថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើសេចក្តីព្រាងច្បាប់ស្តីចរាចរណ៍ផ្លូវគោកថ្មី និងបានជួយរៀបចំបំពាក់សម្ភារៈបរិក្ខាសម្រួលចរាចរណ៍ និងបច្ចេកវិទ្យាថ្មីៗ បង្កលក្ខណៈងាយស្រួលដល់នគរបាលចរាចណ៍ ព្រមទាំងផ្សព្វផ្សាយដោយផ្ទាល់ និងតាមរយៈសារព័ត៌មាន ជំរុញឱ្យពលរដ្ឋចូលរួម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះផងដែរ។
លោកបន្តថា ៖ «ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារដ្ឋបាលរាជធានីខេត្ត ក៏បានខិតខំសាងសង់ ស្ថាបនា ពង្រីកផ្លូវ ស្ពាន ដាក់បណ្តាញលូ សំខាន់ៗ គ្រប់ច្រកល្ហក ដើម្បីចូលរួមសម្រួលដោះស្រាយបញ្ហាចារចរណ៍នេះផងដែរ»។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ឱ្យដឹងថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនទទួលបន្ទុកលើចំនួនមន្រ្តីនគបាលចរាចរណ៍ឡើយព៉ុន្តែលោកសង្កេតឃើញថា ពួកគាត់ក៏កំពុងមានវត្តមានស្ទើគ្រប់ច្រកល្ហក ដើម្បីជួយដោះស្រាយបញ្ហាចរាចរណ៍នានាដែលកើតមាននៅលើដងផ្លូវសាធារណៈ។
ដើម្បីចូលរួមដោះស្រាយការកកស្ទះចរាចរណ៍ លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រើប្រាស់ដងផ្លូវដោយការទទួលខុសត្រូវ ជៀសវាងការរំលោភបំពានលើដីចំណីផ្លូវសាធារណៈដែលងាយឱ្យមានការកកស្ទះ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្ករជាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
ត្រលប់ទៅកាន់ លោកលី សំណាង វិញ ទោះបីជាមានពិការភាពក៏ដោយ ប៉ុន្តែលោកបានប្តេជ្ញាចិត្តមិនលើកដៃសុំទានគេនោះទេ ដោយលោកសុខចិត្ត យកខ្លួនមកធ្វើការស្ម័គ្រជួយសម្រួលការកកស្ទះចរាចរណ៍វិញ។
លោកលី សំណាង៖ «មានការងារណាធ្វើ ខ្ញុំធ្វើការងារធ្ងន់អត់បាន។ ខ្ញុំបាន [តែ] សម្រួលចិងបាន ជួយមើលការខុសត្រូវតិចតួច ឱ្យបងប្អូនប្រជាជនពលរដ្ឋទាំងអស់ក្នុងសង្គមបានសុខសម្បាយទាំងអស់គ្នា»៕