រាល់ថ្ងៃ លោកលី សំណាង វ័យ៣៩ឆ្នាំ ឈរនៅកណ្តាលទ្រូងផ្លូវ ហើយលើកដៃឱ្យជាសញ្ញាប្រាប់ទៅកាន់អ្នកបញ្ជាយានយន្ត នៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ​ដើម្បីបញ្ជៀសការកកស្ទះ ទាំងខ្លួនមានពិការភាពពីកំណើត។

ស្ថានភាពចរាចរណ៍នៅទីនោះមានសភាពមមាញឹកខ្លាំង ដោយសារមានយានជំនិះជាច្រើន កំពុងបើកបរ សំដៅទៅគោលដៅរៀងៗខ្លួន និងជាតំបន់ទីប្រជុំជនដែលមានប្រជាពលរដ្ឋប្រកបរបរអាជីវកម្មច្រើន។

ទោះបីជាជើងរបស់លោកសំណាង ដើរមិនបានត្រង់ដូចអ្នកដទៃក៏ដោយ ប៉ុន្តែលោកបានប្រាប់ថា គាត់បានស្ម័គ្រចិត្តមកធ្វើចរាចរណ៍ ដើម្បីសម្រួលការកកស្ទះ រយៈពេលជាង២០ឆ្នាំមកហើយ នៅក្នុងខណ្ឌច្បារអំពៅនេះ។

មានមាឌតូចល្អិត សម្បុរខ្មៅ  លោកសំណាងបានរៀបរាប់ទាំងញើសកំពុងហូរជោគខ្លួនថា លោកចាប់់ផ្តើមជួយសម្រួលចររណ៍នៅទីនេះ នៅពេលដែលលោកបានមើលឃើញនូវការកកស្ទះខ្លាំង និងបារម្ភមានគ្រោះថ្នាក់ចរាចរណ៍កើតមាននៅតំបន់ដែលលោករស់នៅ ជាពិសេសគឺនៅម្តុំគល់ស្ពានអាកាសច្បារអំពៅ។

លោកលី សំណាង បញ្ជាចរាចរណ៌ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រូបភាព៖ ទូក ពិសិដ្ឋ

ក្នុងមួយថ្ងៃលោកបានចំណាយពេល ប្រមាណ៨ម៉ោង ដើម្បីជួយធ្វើចរាចរណ៍នៅទីនោះ ពោលគឺចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។ ក្នុងពេលសម្រួលចរាចរណ៍ លោកក៏តែងតែទទួលបានការលើកទឹកចិត្ត និងការអាណិតពីអ្នកបើកបរផងដែរ ដោយអ្នកខ្លះ ជួយជាថវិកា និងចំណីអាហារមួយចំនួនដល់រូបលោក។

លោកនិយាយថា ៖ «ទឹកចិត្តនេះ ដើម្បីកុំឱ្យបងប្អូនយ៉ាប់យ៉ឺន ធ្វើដំណើរកកស្ទះ ជារៀងរាល់ថ្ងៃ ពីព្រោះការកកស្ទះនេះ! ម៉ូតូយានយន្តធ្វើដំណើរតាមនេះច្រើន ហើយខ្លាចមានគ្រោះថ្នាក់ផង»។

ជីវិតរបស់បុរសស្ម័គ្រចិត្តជួយសម្រួលចរាចរណ៍នេះ មិនមានភាពងាយស្រួលរស់នៅដូចពលរដ្ឋដទៃនោះទេ ដោយសារតែលោកមានពិការភាពផង ហើយមានជំងឺតេតាណូសប្រចាំកាយផង ដោយលោកត្រូវចំណាយថវិកាទិញថ្នាំម្តងចន្លោះពី ៤០០០០រៀល ទៅ៥០០០០រៀលក្នុងមួយខែ។

បើតាមលោកលី  សំណាង ថវិកាដែលលោកមានសម្រាប់ចំណាយទិញថ្នាំ និងអាហារហូបចុកផ្សេងៗ គឺទទួលបានមកពីពលរដ្ឋដែលមានការអាណិតអាសូរ នៅពេលដែលឃើញលោកនៅតាមផ្លូវធ្វើចរាចរណ៍។

ដោយសារតែមានជំងឺតេតាណូសប្រចាំកាយផង បានធ្វើឱ្យលោកមានសភាពហត់ខ្លាំងនៅពេលសម្រាកពីការងារស្ម័គ្រចិត្តរបស់លោក ដោយមានអាការៈចុកដៃ រោយជើង និងឈឺចង្កេះជាដើម។

ជាកូនទី២ ក្នុងគ្រួសារ ក្នុងចំណោមបងប្អូន៥នាក់ មានតែលោកសំណាងប៉ុណ្ណោះដែលមានពិការភាព ចំណែកបងប្អូនរបស់លោកផ្សេងទៀតគឺមានកាយសម្បទាគ្រប់គ្រាន់  ហើយបច្ចុប្បន្នលោកត្រូវស្នាក់នៅជាមួយម្តាយ និងបងប្អូន២នាក់ទៀតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា  ចំណែកបងប្អូនរបស់លោក២នាក់ទៀតរៀបការបែកផ្ទះរៀងៗខ្លួន។

កាលពីនៅកុមារភាព លោកបានប្រាប់ថា គាត់ធ្លាប់ទទួលការវះកាត់ដុំសាច់ដែលដុះនៅជាប់ច្រមុះដែលសភាពលានចេញដូចជាប្រមោយដំរីម្តង នៅមន្ទីរពេទ្យរុស្សីដោយជោគជ័យ ដោយមានការជួយជាថវិកាពីជនបរទេសម្នាក់។

ទោះបីជាយ៉ាងណា លោកបង្ហាញទឹកចិត្តរបស់ខ្លួនថា នឹងបន្តការងារសម្រួលចរាចរណ៍នេះ ដើម្បីឱ្យអ្នកបើកបរងាយស្រួលធ្វើដំណើរ។

លោក ថា ៖ «ហត់! ប៉ុន្តែនៅទ្រាំទ្រ ធ្វើការដើម្បី [សម្រួលចរាចរណ៍] ឱ្យបងប្អូនដែលធ្វើដំណើរ តាមផ្លូវជារៀងរាល់ថ្ងៃ។ រោយដៃជើង ឈឺចង្កេះចិងទៅ ជួនកាលបែកញើញជោគខ្លួន ពេញអាវ ដូចងូតទឹកចិង »។

ពលរដ្ឋរស់នៅតាមបណ្តោយ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា លោក អ៊ុក សុខា ដែលមានមុខរបរជាជាងជួសជុលម៉ូតូ បានឱ្យដឹងថា តំបន់នេះតែងតែមានការកកស្ទះជាប្រចាំ ជាពិសេសគឺនៅពេលព្រឹក និងពេលរសៀល។លោកបន្តថា លោក លី សំណាង តែងតែមកជួយសម្រួលចរចរណ៍នៅក្បែរផ្ទះលោកជាប្រចាំ និងជួយបោសសម្អាតផ្លូវសាធារណៈនេះថែមទៀត។

ពលរដ្ឋ វ័យ៥៥ឆ្នាំរូបនេះ ​បានបង្ហាញការកោតសសើរ ចំពោះ លោក សំណាង ដែលជាជនពិការ ប៉ុន្តែមានទឹកចិត្តចូលរួមធ្វើការងារសង្គម ដោយមិនលើកដៃសុំទានគេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសរសើរគាត់ គាត់មានទឹកចិត្តរបស់គាត់។ គាត់ពិការ តែខំខ្នះខ្នែងជួយសម្រូលចរាចរណ៍ គ្រប់ពេលវេលា។គាត់មកជួយបោសដី រើស សំរាមអីទៀត»។

កំពុងអង្គុយលក់ខោអាវនៅមុខផ្ទះ  លោក​ ជា ថាន់ ជាពលរដ្ឋម្នាក់ទៀតរស់តាមបណ្តោយផ្លូវលេខ ៣៦៩ បានសង្កេតឃើញថា នៅពេលដែលលោក លី សំណាង បានមកជួយសម្រួលសរាចរណ៍នៅម្តុំផ្ទះរបស់លោក គឺបានចូលរួមកាន់បន្ថយការកកស្ទះបានមួយកម្រិត។លោកចាន់ បន្ថែមថា ដោយសារការអាណិត ទើបលោកតែងតែ ផ្តល់ចំណីអាហារដល់ជនមានពិការភាពនេះផងដែរ។

លោកជា ថាន់ និយាយថា៖ «និយាយរួមទៅ មានគាត់ទៅ កាត់បន្ថយស្ទះចរាចរណ៍ច្រើន»។

យោងតាមទិន្នន័យនៃចំនួនយានយន្ត ដែលផ្តល់ដោយ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន​ លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានឱ្យដឹងថាចំនួនរថយន្តនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នបានកើនឡើងដល់ជិត ៦ ០០០ ០០០គ្រឿង (៥ ៩៤៤ ០០០ គ្រឿ) ក្នុងនោះមានប្រភេទរថយន្តទេសចរណ៍ និងរថយន្តគ្រួសារមានចំនួន ៨០៤ ៤០០  គ្រឿង ចំណែក ប្រភេទរថយន្តធុនធំ និងរថយន្តផ្សេងៗទៀតមានចំនួន ១៤០ ០០០គ្រឿង។ដោយឡែក ម៉ូតូ និងរឺម៉កវិញមានចំនួន ៥ ០០០ ០០០ គ្រឿង។

អ្នកជំនាញផ្នែកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ មាន ប្រសាសន៍ថា បញ្ហាកកស្ទះចរាចរណ៍គឺ ដោយសារតែកំណើនយានយន្តច្រើនលើសលប់ក្នុងទីក្រុង និងឥរិយាបទរបស់អ្នកបើកបរដែលមិនបានចូលរួមគោរពច្បាប់ចរាចរណ៍ និងគ្មានការយោគយល់គ្នាក្នុងពេកបើកបរ។លោកបន្តថា ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅរាជធានីភ្នំពេញនេះ លោក បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតមធ្យោបាយដឹកជញ្ជូនសាធារណៈបន្ថែមទៀត។

លោកថ្លែងថា៖ «អ្វីដែលអាចបញ្ជៀសការកកស្ទះបាន ខ្ញុំគិតថា រាជធានីភ្នំពេញគួរតែបង្កើនឱ្យមានមធ្យោបាយដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការប្រើប្រាស់យានឯកជនឱ្យបានជាអតិបរិមា។អាចបន្ថែម ជារថយន្តក្រុង និងរថភ្លើង ឬមធ្យោបាយផ្សេងៗទៀត ដែលប្រជាពលរដ្ឋអាចប្រើជំនួសការប្រើឡានខ្លួនឯង ឬម៉ូតូខ្លួនឯង»។

លោកបន្ថែមថា៖ «ប៉ុន្តែទោះជាយ៉ាងណាខ្ញុំនៅតែឃើញថាឥរិយាបទរបស់អ្នកបើកបរ បើសិនគាត់គោរពច្បាប់ផ្តល់ការអធ្យាស្រ័យគ្នាហើយគាត់យល់ថា មិនត្រូវចតផ្តេសផ្តាស់អីហ្នឹង ក៏វាចូលរួមចំណែកកាត់បន្ថយការកកស្ទះដែរ»។

សម្រាប់លោក គង់ រតនៈ យល់ឃើញថា ចំនួនមន្ត្រីនគរបាលចរាចរណ៍នៅរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយទៅនឹងកំណើនយានយន្តបាននៅឡើយទេ។

លោកបន្ថែមថា ការស្ម័គ្រចិត្តរបស់ពលរដ្ឋក្នុងការជូយសម្រួលការកកស្ទះនៅតាមដងផ្លូវណាមួយនោះគឺ គ្រាន់តែជា វិធានការមួយជួយដោះស្រាយបានមួយពេលៗតែប៉ុណ្ណោះ។

លោកគង់ រតនៈ ៖ «ខ្ញុំគោរព និងកោតសសើរនូវ សណ្តាន ចិត្តរបស់គាត់ ប៉ុន្តែវាមិនមែនជាមធ្យោបាយ ដែលមាននិរន្តរភាពទេ»។​

ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃក្រសួងសាធារណៈការ និងដឹងជញ្ជូន លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានលើកឡើងថា មន្ទីរសាធារណការ និងដឹកជញ្ជូន និងស្នងការនគរបាលជាតិ ក៏បានសហការគ្នាដើម្បីដោះស្រាយលើបញ្ហានេះផងដែរ។

លោក​បានបន្ថែមថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើសេចក្តីព្រាងច្បាប់ស្តីចរាចរណ៍ផ្លូវគោកថ្មី និងបានជួយរៀបចំបំពាក់សម្ភារៈបរិក្ខាសម្រួលចរាចរណ៍ និងបច្ចេកវិទ្យាថ្មីៗ បង្កលក្ខណៈងាយស្រួលដល់នគរបាលចរាចណ៍ ព្រមទាំងផ្សព្វផ្សាយដោយផ្ទាល់ និងតាមរយៈសារព័ត៌មាន ជំរុញឱ្យពលរដ្ឋចូលរួម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះផងដែរ។

លោកបន្តថា ៖ «ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារដ្ឋបាលរាជធានីខេត្ត ក៏បានខិតខំសាងសង់ ស្ថាបនា ពង្រីកផ្លូវ ស្ពាន ដាក់បណ្តាញលូ សំខាន់ៗ គ្រប់ច្រកល្ហក ដើម្បីចូលរួមសម្រួលដោះស្រាយបញ្ហាចារចរណ៍នេះផងដែរ»។

បើតាមលោក ហ៊ាង សុទ្ធា​យុ​ត្តិ ឱ្យដឹងថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនទទួលបន្ទុកលើចំនួនមន្រ្តីនគបាលចរាចរណ៍ឡើយព៉ុន្តែលោកសង្កេតឃើញថា ពួកគាត់ក៏កំពុងមានវត្តមានស្ទើគ្រប់ច្រកល្ហក ដើម្បីជួយដោះស្រាយបញ្ហាចរាចរណ៍នានាដែលកើតមាននៅលើដងផ្លូវសាធារណៈ។

ដើម្បីចូលរួមដោះស្រាយការកកស្ទះចរាចរណ៍ លោក ហ៊ាង សុទ្ធា​យុ​ត្តិ ក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រើប្រាស់ដងផ្លូវដោយការទទួលខុសត្រូវ ជៀសវាងការរំលោភបំពានលើដីចំណីផ្លូវសាធារណៈ​ដែលងាយឱ្យមានការកកស្ទះ  បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្ករជាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

ត្រលប់ទៅកាន់ លោកលី សំណាង វិញ ទោះបីជាមានពិការភាពក៏ដោយ ប៉ុន្តែលោកបានប្តេជ្ញាចិត្តមិនលើកដៃសុំទានគេនោះទេ ដោយលោកសុខចិត្ត យកខ្លួនមកធ្វើការស្ម័គ្រជួយសម្រួលការកកស្ទះចរាចរណ៍វិញ។

លោកលី សំណាង៖ «មានការងារណាធ្វើ ខ្ញុំធ្វើការងារធ្ងន់អត់បាន។ ខ្ញុំបាន [តែ] សម្រួលចិងបាន ជួយមើលការខុសត្រូវតិចតួច ឱ្យបងប្អូនប្រជាជនពលរដ្ឋទាំងអស់ក្នុងសង្គមបានសុខសម្បាយទាំងអស់គ្នា»៕