មន្រ្តីយុរិយោដីម្នាក់នៅខេត្តកំពង់ស្ពឺថាការដកដំណែងលោកចេញពីក្របខណ្ឌជារឿងគំនុំ

លោកឡុង សុភាព មន្រ្តីបម្រើការនៅការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រូបភាព ៖ ហ្វេសប៊ុក ឡុង សុភាព

មន្រ្តីសុរិយោដីម្នាក់ ដែលត្រូវបានអភិបាលស្រុកសំរោងទងលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការ បានចាត់ទុកថាករណីនេះជារឿងគំនុំចាស់ និងប៉ះពាល់ប្រយោជន៍បុគ្គលក្រោយពេលលោកផ្សព្វផ្សាយឱ្យពលរដ្ឋដឹងពីតម្លៃសេវាផ្ទេរកម្មសិទ្ធិដីធ្លី និងដំណើរការកាត់ប្លង់មិនអស់លុយ។​

យោងតាមដីកាលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលដែលចុះហត្ថលេខាដោយអភិបាលស្រុកសំរោងទង លោកស៊ឹម រតនៈ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឡុង សុភាព ត្រូវបានលុបឈ្មោះចេញពីមន្រ្តីបម្រើការនៅការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលស្រុក ដោយចោទថា បានប្រព្រឹត្តកំហុស និងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលស្រុកសំរោងទងបានចេញលិខិតបំភ្លឺមួយ ដោយបញ្ជាក់មូលហេតុសំខាន់ៗចំនួន ៦ចំនុច ដែលសម្រចលុបឈ្មោះ លោកឡុង សុភាព ចេញពីក្របខណ្ឌក្នុងនោះរួមមាន មិនគោរពវិន័យក្នុងការបំពេញការងារ មានឥរិយាបថមិនសមរម្យដោយមិនគោរពឋានានុក្រម ការប្រើប្រាស់ពាក្យសម្តីវាយប្រហារថ្នាក់ដឹកនាំ ផ្សព្វផ្សាយឯកសារតាមបណ្តាញសង្គមដោយគ្មានការអនុញ្ញាតពីប្រធានអង្គភាព យកម៉ោងរដ្ឋបាលជាកន្លែងប្រកបរបរឯកជន និងបានធ្វើការងារដើម្បីផលប្រយោជន៍បក្សនយោបាយ ឬប្រឆាំងនិងបក្សនយោបាយណាមួយ ជាដើម។

តាមរយៈលិខិតនេះ លោកឡុង សុភាព បានឱ្យដឹងថា លោកទើបតែទទួលបាន នៅថ្ងៃទី១៥ ​ខែធ្នូ ឆ្នាំ២០២១ ហើយបានចាត់ទុកថា ការចេញដីកាលុបឈ្មោះនេះ គឺជា ការគុំកួនពីមន្រ្តីថ្នាក់លើ និងប៉ះពាល់ដល់ប្រយោជ​ន៍របស់ពួកគេ។

លោកឡុង សុភាព៖ «ជាការសម្រេចមួយដែលស្ថិតក្នុងភាពអាថ៌កំបាំង ដែលខ្ញុំហៅថា គឺការគុំកួន ជាការធ្វើឡើងយ៉ាងរហ័ស ដោយការខឹងសម្បារ គុំកួន និងខ្លាចខូចប្រយោជន៍»។

មន្រ្តីសុរិយោដីរូបនេះបានរំឭកថាកាលពីឆ្នាំ ២០១៧ លោកបានតវ៉ា ឱ្យដកប្រធានការិយាល័យភូមិបាលស្រុកមួយរូបដែលលោកមើលឃើញថា មានភាពមិនប្រក្រតីក្នុងការតែងតាំងពីថ្នាក់លើ  ក្រោយមកឈ្មោះរបស់លោកត្រូវបានលុបចេញជាបន្តបន្ទាប់ពីក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំស្រុកសំរោងទង ប​ន្ទាប់ពីការតវ៉ារបស់លោកបានសម្រេច ពោលគឺប្រធានការិយាល័យភូមិបាលស្រុករូបនោះត្រូវបានដកចេញពីតំណែង។

លោកបន្ថែមថា ដីកានេះបានធ្វើឡើងស្របពេលដែលក្នុងរយៈពេលប៉ុន្មានខែមកនេះ លោកបាន ផ្សព្វផ្សាយជាសាធារណៈនូវតម្លៃសេវា នៃការផ្ទេរកម្មសិទ្ធដីធ្លី និងបានពន្យល់ពលរដ្ឋនូវនីតិវិធី នៃដំណើរការកាត់ប្លង់ដីដោយមិនយកលុយ ដោយលោកអះអាងថា ជាទូទៅពលរដ្ឋត្រូវចំណាយ ថវិកាយ៉ាងហោចណាស់ចន្លោះពី ១០ម៉ឺន ទៅ ២០ម៉ឺនរៀលតាមប្រភេទប្លង់កម្មសិទ្ធនីមួយៗ។

ទោះយ៉ាងណាលោកលោកឡុង សុភាព បានបញ្ជាក់ថា នាពេលកន្លងមក លោកមិនបានទទួលលិខិតព្រមាន ឬការណែនាំណាមួយ ដូចការចោទប្រកាន់របស់រដ្ឋបាលស្រុក ថាលោកបានប្រព្រឹត្តកំហុសនោះទេ។​ លោកថានឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពី អភិបាលខេត្តកំពង់ស្ពឺ ​និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីទាមទារកដំណោះស្រាយ ។

លោក​ឡុង សុភាព ​៖ «ក្នុងពេលនេះខ្ញុំក៏បានត្រៀមលិខិតផ្លូវការដើម្បីជូនថ្នាក់ដឹកនាំដើម្បីរកអន្តរាគមន៍។ លិខិតដែលខ្ញុំគ្រោងនេះ នឹងដាក់ជូនឯកឧត្តមអភិបាលខេត្ត [កំពង់ស្ពឺ] ក៏ដូចជាសម្តេចក្រឡាហោមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។

ពាក់ព័ន្ធករណីនេះ អភិបាលស្រុក សំរោងទង លោកស៊ីម រតនៈ បានមានប្រសាសន៍ថា រដ្ឋបាលស្រុកធ្លាប់បានណែនាំ លោកឡុង សុភាព​ ជាច្រើនលើកពាក់ព័ន្ធការប្រព្រឹត្តខុសវិជ្ជាជីវៈក្នុងនាមជាមន្រ្តីរាជការ ។

លោក ស៊ីម រតនៈ ៖«រឿងគំនុំគុំកួនដូចជាគ្មានអីគុំកួនជាមួយគាត់ផង ។យើងបានជួបគាត់ច្រើនដង ឱ្យគាត់ពិនិត្យ ឱ្យគាត់មើល តវ៉ា ពាក់ព័ន្ធនឹងកំហុសឆ្គង ជាមួយវិជ្ជាជីវៈរបស់គាត់ហ្នឹង ហើយបានណែនាំគាត់ ឱ្យគាត់កុំប្រព្រឹត្តចឹងទៀតក៏មាន ទាំងផ្ទាល់មាត់ ទាំងធ្វើកិច្ចសន្យាលាយលក្ខអក្សរប៉ុន្តែគាត់នៅតែមិនទទួល»។