(ភ្នំពេញ) នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានសម្រេចដំឡើងប្រាក់ឈ្នួល ចំនួន ២ដុល្លារអាមេរិកដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំក្រោយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិយាយក្នុងសេចក្តីប្រកាសព័ត៏មានថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគីមានរដ្ឋាភិបាល សហជីព និង និយោជក បានឯកភាពគ្នា ជាឯកច្ឆន្ទគាំទ្រប្រាក់ឈ្នួលក្នុង១ខែ ១៩០ដុល្លារដដែល ដូចឆ្នាំ២០២០ ដោយឡែកការដំឡើង២ដុល្លារ គឺបានពីនាយករដ្ឋមន្ត្រី។
ក្រសួងបាននិយាយក្នុងសេចក្តីប្រកាសព័ត៏មានដូច្នេះថា៖ «យោងរបាយការណ៏របស់…រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ …ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩០ (មួយរយកៅសិប) ដុល្លារអាម៉េរិក»។
ក្រសួងបានបន្តថា៖ «ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨០ (មួយរយប៉ែតសិបប្រាំពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បាននិយាយថាការកើនឡើងប្រាក់ឈ្នួល២ដុល្លារនេះគឺវា «តិចតួច» ដែលធ្វើឲ្យកម្មករនិយោជិត មិនអាចដោះស្រាយនូវជីវភាពពួកគាត់បានទេ ចំពេលដែអតិផរណាមាប្រហែល៣ភាគរយ។
លោក អាត់ ធន់ បាននិយាយដូច្នេះថា៖ «បានន័យថាពួកគាត់នៅតែពិបាករស់នៅដដែល ព្រោះជាចំនួនដែលទាបមែនទែន»។
លោកបានបន្តទៀតថា ខាងសហជីព បានស្នើទៅក្រសួងការងារឲ្យដំឡើងចំនួន១២,៣៥ដុល្លារដល់កម្មករនិយោជិត ប៉ុន្តែមិនបានជោគជ័យ ហើយបានអះអាងថាកម្មករមិនពេញចិត្តនឹងការដំឡើងលើកនេះទេ។
លោក អាត់ ធន់ បានអះអាងដូច្នេះថា៖ «ពួកគាត់ទាមទារឲ្យមានការតំឡើងខ្ពស់ជាងនេះបន្តិច។ ជាទូទៅប្រាក់ឈ្នួលតិច ប្រសិនបើរដ្ឋាភិបាលអាចបញ្ចុះតម្លៃថ្លៃទឹក ថ្លៃភ្លើង អាហារហូបចុក និងសម្ភារៈផ្សេងៗ គិតថាវាជាការល្អ ប៉ុន្តែបើរាល់ទំនិញនៅតែថ្លៃដដែល ហើយប្រាក់ឈ្នួលតិច វាមិនអាចធ្វើអ្វី ឫអាចជួយអ្វីបានឡើយ»។
អ្នកនាងស្រេង សុខខុន អាយុ ៣៤ឆ្នាំ កម្មការីរោងចក្រកាត់ដេរឈ្មោះ សាង ហ្វូ បានលើកសំណូមពរកុំឲ្យមានការឡើងថ្លៃឈ្នួលផ្ទះនៅឆ្នាំក្រោយពីព្រោះតែប្រាក់ឈ្នួលនឹងកើនតែ២ដុល្លារ។
អ្នកនាងស្រេង សុខខុនបាននិយាយថា៖ «ខ្ញុំសំណូមពរកុំឲ្យមានការកើនឡើងនូវតម្លៃថ្លៃផ្ទះជួល អាហារហូបចុក ថ្លៃទឹក ថ្លៃភ្លើងបន្តទៀត ណាមួយរោងចក្រមួយចំនួនត្រូវបានបិទ កម្មករគ្មានការងារធ្វើទេ»។
គាត់បានបន្តថា៖ «សម្រាប់កម្មករទាំងអស់មិនមានការពិតចិត្តទេ ព្រោះរាល់ដង ការតំឡើងប្រាក់ឈ្នួលធ្លាប់តែតំឡើងច្រើន ឥឡូវមកបន្ថែមត្រឹម២ដុល្លារ គឺវាវេទនាណាស់»៕