ក្រុមប្រទេសសហគមន៍អឺរ៉ុប និងអង្គការអន្តរជាតិជាង៣០ នៅថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ សម្តែងការព្រួយបារម្ភពីការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ និងប្រជាធិបតេយ្យនៅកម្ពុជា និងបានស្នើឲ្យមានការត្រួតពិនិត្យ និងស្តារឡើងវិញ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោក Ralf Schröer តំណាងឲ្យសហគមន៍អឺរ៉ុប២៧ប្រទេស និងចេញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ បញ្ជាក់ថា សហគមន៍អឺរ៉ុប ជំរុញឲ្យកម្ពុជាបើកចំហរសេរីភាពនយោបាយ សង្គមស៊ីវិល និងធានាឲ្យបាននូវការការពារសិទ្ធិមនុស្សក្នុងប្រទេស ព្រមទាំងបានអំពាវនាវឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្ស និងអតីតមន្ត្រីគណបក្សប្រឆាំងទាំងអស់ ដែលត្រូវបានចាប់ខ្លួនកាលពីពេលកន្លងមក។
សហគមន៍អឺរ៉ុបបានលើកឡើងថា៖ «យើងសូមធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរកម្ពុជាចាត់វិធានការបន្ទាន់ និងជាក់លាក់ក្នុងការបើកចំហរឲ្យមានសេរីភាពក្នុងការធ្វើនយោបាយ សង្គមស៊ីវិល និងធានាឲ្យបាននូវការគោរព និងការពារសិទ្ធិមនុស្ស ជាពិសេសសម្រាប់សមាជិកគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានហាមឃាត់ពីសកម្មភាព នយោបាយកន្លងមក»។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រទេសស៊ុយអែតក៏បានបង្ហាញអំពីការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំងផងដែរជមវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៖ « ប្រទេសស៊ុយអែតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តថ្មីៗនៅកម្ពុជាជាមួយនឹងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សមួយចំនួន។ យើងសូមបញ្ជាក់ម្តងទៀតនូវតម្រូវការសម្រាប់ការផ្លាស់ប្តូរជាក់ស្តែងទាក់ទងនឹងការចូលរួមនយោបាយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងគំនិត ក៏ដូចជាសមាគម និងការជួបជុំ។ ប្រទេសស៊ុយអែតជំរុញឱ្យប្រទេសកម្ពុជាបើកលំហរប្រជាធិបតេយ្យឡើងវិញ រួមទាំងសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ»។
ក្នុងពេលជាមួយគ្នានោះ ប្រទេសហ្វាំងឡង់ ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដោយហៅស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ថាកំពុងស្ថិតក្នុង «ការប្រកាសអាសន្ន» ព្រមទាំងអំពាវនាវឲ្យមានការបើកលំហរប្រជាធិបតេយ្យឡើងវិញដូចគ្នា។
ចំណែកអង្គការអន្តរជាតិធំៗចំនួន៥ផ្សេងទៀតដែលក្នុងនោះរួមមានអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សជាដើម បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានលើកឡើង ពីការរកឃើញរបស់អង្គការខ្លួន ស្តីពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីមានការរំលាយគណបក្សប្រឆាំង ការរិតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល និងសេរីភាពក្នុងការបញ្ចេញមតិជាបន្តបន្ទាប់។
Newsroom Cambodia បានព្យាយាមសុំការអត្ថាធិប្បាយពីលោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប៉ុន្តែលោកបានបង្វែរឲ្យទៅមើលសេចក្តីជូនព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលចេញនៅថ្ងៃទី៧ ខែតុលានេះជំនួសវិញ។
ក្នុងសេចក្តីជូនព័ត៌មានដែល Newsroom Cambodia ទទួលបាននៅព្រឹកថ្ងៃពុធទី០៧ ខែតុលានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍នានារបស់សហគមន៍អន្តរជាតិថា ជាការចោទប្រកាន់ដោយលម្អៀង និងគ្មានមូលដ្ឋានពីសំណាក់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
ក្នុងសេចក្តីជូនព័ត៌មានដដែលនោះបន្ថែមថា វិធានការច្បាប់របស់សមត្ថកិច្ចនាពេលកន្លងមក គឺជាការអនុវត្តទូទៅស្របតាមច្បាប់ដូចៗគ្នា ទៅលើជនណាដែលប្រព្រឹត្តបទល្មើសប៉ុណ្ណោះ មិនបានផ្តោតជាក់លាក់ទៅលើក្រុមគោលដៅណាមួយទេ ហើយថាការចេញសេចក្តីថ្លែងការណ៍នានារបស់ក្រុមសហគមន៍អន្តរជាតិទាំងនោះគឺធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់អន្តរជាតិ និងអនាធិបតេយ្យនៃនយោបាយអន្តរជាតិ។
«ការដែលរដ្ឋមួយអាចរៀបចំច្បាប់តាមទំនើងចិត្ត និងជាឯកតោភាគី លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំងដាក់ទណ្ឌកម្មលើរដ្ឋ ថ្នាក់ដឹកនាំ និងសហគ្រាសឯកជន នៃរដ្ឋអធិបតេយ្យមួយទៀត ដោយមិនឆ្លងកាត់យន្តការរបស់អង្គការសហប្រជាជាតិ ហើយដែលទង្វើនេះធ្វើឡើងក្រោមរូបភាព និងផលប្រយោជន៍នយោបាយ ជាជាងហេតុផលសិទ្ធិមនុស្ស»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូបានប្រាប់ Newsroom Cambodia កាលពីរសៀលថ្ងៃអង្គារទី០៦តុលានេះថា លោកបានកត់សម្គាល់ពីការណ៍ដែលរដ្ឋាភិបាលតែងតែបដិសេធទៅនឹងការលើកឡើង ព្រមទាំងការអំពាវនាវរបស់សហគមន៍អន្តរជាតិ ដែលថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះជាលំដាប់។ លោកបន្ថែមថា កម្ពុជាគួរតែពិនិត្យ និងពិចារណាទៅតាមការលើកឡើង និងការអំពាវនាវរបស់អន្តរជាតិ ដែលថាមានចំណុចណាដែលកម្ពុជានៅមានភាពខ្វះខាត និងត្រូវពង្រឹងបន្ថែមទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជាជាងធ្វើការបដិសេធលើការលើកឡើងរបស់អន្តរជាតិ។
លោកថា៖ «បើយើងមិនផ្លាស់ប្តួរគោលការណ៍នេះទេ ការរិះគន់ និងការថ្កោលទោសទាក់ទងនឹងស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជានឹងមានបន្តទៅទៀត ហើយវាមិនបានផ្តល់ជាផលចំណេញសម្រាប់កម្ពុជា ផ្ទុយទៅវិញយើងឃើញសហគមន៍អឺរ៉ុបគេដកប្រព័ន្ធអនុគ្រោះពន្ធ២០%រួចហើយ បើសិនជាស្ថានភាពនៅតែបន្តទៀត យើងបារម្ភថាខ្លាចគេអាចនឹងរិះគន់ ឬប៉ះពាល់ទៅផ្នែកផ្សេងទៀតបាទ»។
នៅក្នុងសម័យប្រជុំលើកទី ៤៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១ ខែតុលា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានបង្ហាញក្តីព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយថាមានការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំ និងការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់។
បើតាមរបាយការណ៍របស់លោកស្រី ចាប់ពីដើមខែមិថុនា ឆ្នាំ២០១៩ ដល់មិថុនា ឆ្នាំ២០២០ អ្នករាយការណ៍ពិសេសបានកត់ត្រាមនុស្ស១៥៦ នាក់ ដែលពាក់ព័ន្ធនឹងគណបក្សប្រឆាំងត្រូវបានចាប់ខ្លួន ហើយ១៤នាក់ស្ថិតក្នុងការឃុំឃាំង៕