ក្រុម​ប្រទេស​សហគមន៍អឺរ៉ុប និង​អង្គការ​អន្តរជាតិ​ជាង​៣០​ ​នៅ​ថ្ងៃចន្ទ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ សម្តែង​ការព្រួយបារ​ម្ភ​ពី​ការធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា និង​បាន​ស្នើឲ្យ​​មានការត្រួតពិនិត្យ និងស្តារឡើងវិញ។​

ក្នុង​សេចក្តីថ្លែងការណ៍​របស់លោក ​Ralf Schröer តំណាង​ឲ្យ​សហគមន៍អឺរ៉ុប​​២៧​ប្រទេស និង​ចេញ​នៅ​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ២០២០នេះ ​បញ្ជាក់ថា ​សហគមន៍​អឺរ៉ុប​​  ជំរុញ​ឲ្យ​កម្ពុជា​បើក​ចំហរ​សេរីភាព​នយោបាយ សង្គម​ស៊ីវិល និង​ធានា​ឲ្យ​បាន​នូវ​ការការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​អ្នកការពារ​សិទ្ធិ​មនុស្ស និង​អតីត​មន្ត្រី​គណ​បក្ស​ប្រឆាំង​ទាំងអស់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​កន្លង​មក​។​

សហគមន៍​អឺរ៉ុប​បាន​លើកឡើង​ថា៖ «យើង​សូម​ធ្វើការ​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ដល់​អាជ្ញាធរ​កម្ពុជា​​​ចាត់​វិធានការ​បន្ទាន់ និង​ជាក់លាក់​​ក្នុង​ការបើក​ចំហរ​ឲ្យ​មាន​សេរីភាព​ក្នុង​ការធ្វើ​នយោ​បាយ សង្គម​​ស៊ីវិល និង​ធានា​ឲ្យ​បាន​នូវ​ការគោរព និង​ការពារ​សិទ្ធិ​មនុស្ស ជាពិសេស​សម្រាប់​សមាជិក​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​ហាមឃាត់​ពី​សកម្មភាព   នយោ​បាយ​កន្លង​មក»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​​ដោយ​ឡែក​មួយ​ ​ប្រទេស​ស៊ុយ​អែត​ក៏​​បាន​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ផង​ដែរ​ជមវិញ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ « ប្រទេស​ស៊ុយអែត​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្ត​ថ្មីៗ​នៅ​កម្ពុជា​ជាមួយ​នឹង​ការចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន។ យើង​សូម​បញ្ជាក់​ម្តង​ទៀត​នូវ​តម្រូវ​ការ​សម្រាប់​ការផ្លាស់​ប្តូរ​ជាក់ស្តែង​ទាក់ទង​នឹង​ការចូលរួម​នយោបាយ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​គំនិត ក៏​ដូចជា​សមាគម និងការជួបជុំ។ ប្រទេស​ស៊ុយអែត​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​បើក​លំហរ​ប្រជាធិបតេយ្យ​ឡើងវិញ រួមទាំង​សង្គម​ស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ»។

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ប្រទេស​ហ្វាំង​ឡង់ ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក ដោយ​ហៅ​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ថា​កំពុង​ស្ថិត​ក្នុង «ការប្រកាស​អាសន្ន» ព្រមទាំង​អំពាវ​នាវ​ឲ្យ​មានការ​បើក​លំហរ​ប្រជាធិបតេយ្យឡើង​វិញ​​ដូចគ្នា។​

ចំណែក​អង្គការ​អន្តរជាតិ​ធំៗ​ចំនួន៥​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​រួម​មាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​ជាដើម បាន​ចេញសេចក្តី​ថ្លែងការណ៍​រួម​មួយ​​ដោយ​បាន​លើក​ឡើង ពី​ការរកឃើញ​របស់​អង្គការ​ខ្លួន ស្តីពី​ការធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ រាប់​ចាប់​តាំង​ពី​មាន​ការរំលាយ​គណបក្ស​ប្រឆាំង ការរិត​ត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សង្គម​ស៊ីវិល និង​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ជា​បន្ត​​បន្ទាប់។

Newsroom Cambodia បានព្យាយាម​​សុំ​ការ​អត្ថាធិប្បាយ​ពី​​​លោក ជិន ម៉ាលីន​ អនុប្រធានគណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ប៉ុន្តែលោក​បាន​បង្វែរ​ឲ្យ​​ទៅ​មើល​​សេចក្តី​ជូន​ព័ត៌មាន​របស់គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ចេញ​នៅថ្ងៃទី​៧ ខែតុលានេះ​ជំនួ​ស​​វិញ។

ក្នុង​សេចក្តីជូនព័​ត៌មាន​ដែល Newsroom Cambodia ទទួល​បាន​នៅព្រឹកថ្ងៃពុធទី០៧ ខែតុលា​នេះ គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់ និង​របាយការណ៍​នានា​របស់​សហគមន៍​អន្តរជាតិ​​ថា​ ​ជា​ការចោទ​ប្រកាន់​ដោយ​លម្អៀង និង​គ្មាន​មូលដ្ឋាន​ពី​សំណាក់​ក្រុម និង​អង្គការ​ស្ថាប័ន​មួយ​ចំនួន ដែល​មា​​ននិន្នាការ​នយោបាយ​ប្រឆាំង​នឹង​​រដ្ឋា​ភិ​បាល​កម្ពុជា​។​

ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល​នោះ​បន្ថែម​ថា វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​នា​ពេល​កន្លងមក គឺជា​​ការអនុវ​ត្ត​​ទូទៅ​​ស្របតាម​​ច្បាប់​ដូចៗ​គ្នា​ ទៅ​លើ​ជន​ណាដែ​លប្រព្រឹត្ត​បទល្មើសប៉ុណ្ណោះ​ មិន​​បាន​​ផ្តោត​​ជាក់លាក់​​​ទៅ​​លើ​​ក្រុម​​គោលដៅ​​ណាមួយ​​ទេ ហើយ​ថា​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នានា​របស់​ក្រុម​សហគមន៍​អន្តរជាតិ​ទាំង​នោះ​គឺ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់​អន្តរជាតិ និង​អនាធិបតេយ្យ​នៃ​នយោបាយ​អន្តរជាតិ។

«ការ​ដែល​រដ្ឋ​មួយ​អាច​រៀបចំ​ច្បាប់​តាម​ទំនើង​ចិត្ត និង​ជា​ឯកតោ​ភាគី លូកលាន់​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ដទៃ​ក្រោម​លេស​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ព្រមទាំង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ ថ្នាក់​ដឹកនាំ និង​សហគ្រាស​ឯកជន នៃ​រដ្ឋ​អធិបតេយ្យ​មួយទៀត ដោយ​មិន​ឆ្លងកាត់​យន្តការ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ដែល​ទង្វើ​នេះ​ធ្វើ​ឡើង​ក្រោម​រូបភាព និង​ផល​ប្រយោជន៍​នយោបាយ ជា​ជាង​ហេតុផល​សិទ្ធិមនុស្ស»។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​​បា​ន​ប្រាប់ Newsroom Cambodia កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ទី​០៦​តុលា​នេះ​ថា លោក​បាន​កត់​សម្គាល់ពី​ការណ៍​​ដែល​រដ្ឋាភិបាល​តែងតែ​បដិសេធ​ទៅ​នឹង​ការលើក​ឡើង ព្រមទាំង​ការអំពាវនាវ​របស់​សហគមន៍​អន្តរជាតិ ដែល​ថា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការធ្លាក់​ចុះ​ជា​លំដាប់។​ លោកបន្ថែម​ថា កម្ពុជា​គួរ​តែពិនិត្យ និង​ពិចារណា​ទៅ​តាម​ការលើកឡើង និង​ការអំពាវ​​​នាវ​របស់​អន្តរជាតិ ដែល​ថា​មាន​ចំណុច​ណា​ដែល​កម្ពុជា​នៅ​មាន​ភាព​ខ្វះខាត និង​ត្រូវ​ពង្រឹង​បន្ថែម​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាជាង​ធ្វើ​ការបដិសេធ​លើ​ការលើកឡើង​របស់​អន្តរ​ជាតិ។​

លោកថា៖ «បើ​យើង​មិន​ផ្លាស់ប្តួរ​គោលការណ៍​នេះ​ទេ ការរិះគន់ និង​ការថ្កោលទោស​ទាក់ទង​នឹង​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​មាន​បន្ត​ទៅ​ទៀត ហើយ​វា​មិន​បាន​ផ្តល់​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​សហគមន៍​អឺរ៉ុប​គេ​ដក​ប្រព័ន្ធ​អនុគ្រោះព​ន្ធ​២០%​រួចហើយ បើសិនជា​ស្ថានភាព​នៅ​តែ​បន្តទៀត យើង​បារម្ភ​ថា​ខ្លាច​គេ​អាច​នឹង​រិះគន់ ឬ​ប៉ះពាល់​ទៅ​ផ្នែក​ផ្សេង​ទៀតបាទ»​។

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី ​៤៥ ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូណា ស្មីត បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​​កម្ពុជា ដោយ​ថា​​​មាន​ការ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​​ប្រមូល​ផ្តុំ និង​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់។

បើ​តាម​របាយការណ៍​របស់​លោកស្រី​ ចាប់​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៩ ដល់​មិថុនា ឆ្នាំ​២០២០ អ្នក​រាយការណ៍​ពិសេស​បាន​កត់ត្រា​មនុស្ស​១៥៦​ នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​១៤​នាក់ស្ថិត​ក្នុង​ការ​ឃុំឃាំង៕​