ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារនេះបានប្រកាសឲ្យពលរដ្ឋតាមដងទន្លេមេគង្ ប្រុងប្រយ័ត្នពីការកើនឡើងកម្ពស់ទឹកទន្លេមេគង្គខាងលើក្នុងរយៈពេល៤ទៅ៦ថ្ងៃខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកចេញនៅថ្ងៃទី២០ ខែតុលានេះ បញ្ជាក់ថា៖ «ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននិងកំពុងបន្តអូសបន្លាយលើកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគ ឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ក្នុងរយៈពេលពី៤ ទៅ៦ថ្ងៃខាងមុខ»។
សេចក្តី ប្រកាសព័ត៌មានដដែលបន្តថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់៩,៥០ម៉ែត្រ។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រមេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់២០,០០ម៉ែត្រ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់១៤,១០ម៉ែត្រ។
ក្រសួងបានបញ្ជាក់ថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះនៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ។
ទោះយ៉ាងណាក្តីសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកដដែលបញ្ជាក់តាមន័យដើមថា៖ «សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ»។
ក្រសួងធនធានទឹកក៏បានបន្ថែមថា បណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹកដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប៕