(កណ្តាល)៖ ផ្ទះមួយខ្នងស្ថិតនៅក្បែរទន្លេ ក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបាក់ស្រុត និងខូចខាតស្ទើរតែទាំងស្រុង ដោយសារទឹកនៅតាមដងព្រែក និងទន្លេឡើងខ្ពស់ខ្លាំង កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
ចាប់តាំងពីដើមខែតុលាមក កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ ជាពិសេសអ្នករស់នៅតំបន់ពាយ័ព្យនៃប្រទេសដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ហើយក៏មានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញផងដែរ។
អ្នកស្រី ថូល ធារី ដែលបានអះអាងថាជាម្ចាស់ផ្ទះដែលបាក់ស្រុតចូលទន្លេ ប្រាប់ Newsroom Cambodia ថា នៅមុនពេលផ្ទះរបស់អ្នកស្រី បាក់ស្រុត ទឹកទន្លេនៅក្រោយផ្ទះអ្នកស្រីចាប់ផ្តើមឡើងខ្លាំង ប៉ុន្តែអ្នកស្រីជាមួយស្វាមីដែលជាអ្នកធ្វើការសំណង់ ព្រមទាំងកូនបីនាក់នៅក្នុងបន្ទុកគ្រួសារ បន្តរស់នៅជាធម្មតា។ អ្នកស្រីបន្តថា ស្រាប់តែបាន២ទៅ៣ថ្ងៃបន្ទាប់ ផ្ទះរបស់អ្នកស្រីក៏បានបាក់ធ្នឹមក្រោយ និងប្រេះជាបន្តបន្ទាប់ ទើបអ្នកស្រី និងគ្រួសារបានសម្រេចចិត្តចាកចេញពីផ្ទះទៅរកទីទួលសុវត្ថិភាព។ រយៈពេល៣ទៅ៤ថ្ងៃបន្ទាប់ពីអ្នកស្រីបានចេកចេញ ផ្ទះក៏បាក់ស្រុតចូលទន្លេ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់មានដីធ្វើផ្ទះទៀតទេ ព្រោះដីបាក់ចូលទន្លេបាត់ហើយ ទម្រាំតែសាងសង់បានប៉ុណ្ណេះយូរឆ្នាំណាស់ ធ្វើការសំណង់រាប់ឆ្នាំ និងជាប់ជំពាក់លុយខាងធនាគារទៀត អត់ពីទីហ្នឹងទៅមិនមានទីជម្រកណាទេ»។
លោក ម៉ន ម៉ាលី មេភូមិព្រែកថី ប្រាប់ Newsroom Cambodia ថា ផ្ទះមួយខ្នងដែលបាក់ស្រុតនេះ គឺបណ្តាលមកពីទឹកជន់លិចខ្លាំង តែលោកថាមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ លោកបានបន្ថែមដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមមាត់ទន្លេ មាត់ព្រែក មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអាណាព្យាបាលគ្រប់រូប យកចិត្តទុកដាក់មើលថែរកូនចៅ កុំឲ្យធ្វេសប្រហែលពីការលង់ទឹក និងសត្វអសិរពិសជាដើម។
លោកថា៖ «ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយសារខែនេះជាខែទឹកឡើង ពិសេសគឺក្មេងៗ»។
ក្នុងជំនន់ដែលកើតមានចាប់តាំងពីដើមខែតុលាមក បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៥នាក់បានស្លាប់ និងប៉ះពាល់ដល់មនុស្សជិត២សែននាក់៕