(កណ្តាល)៖ ​ផ្ទះ​​​​មួយខ្នង​ស្ថិត​​​នៅ​​​ក្បែរ​ទន្លេ​ ​ក្នុង​ភូមិ​ព្រែក​ថី សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ​ ខេត្ត​កណ្តាល បាន​បាក់​ស្រុត​ និង​ខូចខាតស្ទើរតែទាំងស្រុង ដោយសារទឹកនៅតាមដងព្រែក និង​ទន្លេ​​ឡើង​​ខ្ពស់​​ខ្លាំង កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក កម្ពុជា​បាន​ទទួល​រ​ង​​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​ទឹក​ជំនន់ ជា​ពិសេ​ស​​អ្នក​​​រស់​នៅ​តំបន់​​​​​​ពាយ័ព្យ​នៃ​ប្រទេស​ដូច​ជា ​ខេត្ត​ពោធិ៍​សាត់ បាត់​ដំបង ប៉ៃលិន ​បន្ទាយ​មានជ័យ ​​ ហើយក៏មានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​ផងដែរ។​

អ្នកស្រី ថូល ធារី ​ដែល​បាន​អះអាង​ថា​ជា​ម្ចាស់​ផ្ទះ​ដែល​បាក់​ស្រុត​ចូល​ទន្លេ ប្រាប់​​ Newsroom Cambodia ថា នៅ​មុន​ពេល​ផ្ទះ​របស់​អ្នកស្រី បាក់​ស្រុត​ ទឹកទន្លេ​នៅ​ក្រោយ​ផ្ទះ​អ្នកស្រី​ចាប់ផ្តើម​ឡើង​ខ្លាំង ប៉ុន្តែ​​អ្នកស្រី​ជាមួយ​ស្វាមី​ដែល​ជាអ្នកធ្វើការសំណង់ ព្រមទាំង​កូន​បី​នាក់​នៅ​ក្នុង​បន្ទុក​គ្រួសារ បន្ត​រស់នៅជា​ធម្មតា។ អ្នកស្រី​បន្ត​ថា​ ស្រាប់តែបាន២ទៅ៣ថ្ងៃបន្ទាប់​ ផ្ទះ​​របស់​អ្នកស្រី​ក៏​បាន​បាក់​ធ្នឹមក្រោយ និង​ប្រេះ​ជា​បន្តបន្ទាប់ ទើប​អ្នកស្រី និង​គ្រួសារ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​ទៅរកទីទួល​សុវត្ថិភាព​។ រយៈ​ពេល​៣​​ទៅ​៤ថ្ងៃបន្ទាប់​ពី​​​អ្នកស្រី​បាន​ចេក​ចេញ ផ្ទះ​ក៏​បាក់​ស្រុត​ចូល​ទន្លេ​។​

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំអត់មានដីធ្វើផ្ទះទៀតទេ ព្រោះដីបាក់ចូលទន្លេបាត់ហើយ ទម្រាំ​តែ​សាងសង់​បាន​ប៉ុណ្ណេះ​យូរ​ឆ្នាំ​ណាស់ ធ្វើការ​សំណង់​រាប់​ឆ្នាំ និង​ជាប់​ជំពាក់​លុយ​ខាង​ធនាគារ​ទៀត អត់​ពី​ទី​ហ្នឹង​ទៅ​មិនមាន​ទី​ជម្រក​ណាទេ​»។

លោក ម៉ន ម៉ាលី មេភូមិព្រែកថី ប្រាប់ Newsroom Cambodia ថា​ ​ផ្ទះ​មួយ​ខ្នង​ដែល​បាក់​ស្រុត​នេះ​ គឺ​បណ្តាល​មក​ពី​ទឹក​ជន់​លិច​ខ្លាំង ​តែ​​​​លោក​ថា​មិនបង្ក​ឲ្យ​​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ទេ។​ លោកបាន​បន្ថែម​ដោយ​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​តាម​មាត់​ទន្លេ មាត់ព្រែក​ មាន​ការប្រុង​ប្រយ័ត្ន​ឲ្យ​បានខ្ពស់ ជាពិសេស​អាណា​ព្យាបាល​គ្រប់រូប យក​ចិត្ត​ទុក​ដាក់​មើល​ថែរ​​កូនចៅ កុំ​ឲ្យ​ធ្វេស​ប្រហែល​ពីការ​លង់​ទឹក និង​សត្វអសិរពិស​ជាដើម។

លោក​ថា៖ «ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ដោយសារ​ខែ​នេះ​ជា​ខែ​ទឹក​ឡើង​ ពិសេស​គឺ​ក្មេងៗ»។​

​ក្នុង​ជំនន់​ដែល​កើត​មាន​ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក ​​បាន​​បណ្តាលឲ្យមនុស្ស​យ៉ាង​ហោច​ណាស់​​២៥​នាក់បាន​ស្លាប់ ​និង​ប៉ះពាល់​ដល់​មនុស្ស​ជិត​​២​សែន​​​នាក់៕​​