(ភ្នំពេញ)៖ នៅម៉ោង​​ប្រមាណជា​៣រសៀល ខណៈ​ខ្យល់​នៅ​រដូវ​រំហើយ​កំពុង​តែ​បក់រសៀកៗ លោក សុខ ពៅ ​ដែល​មាន​វ័យ​៥១ឆ្នាំ កំពុង​​ឈរ​ស្រូប​យក​ខ្យល់​អាកាស​​​នៅ​ខាង​មុខ​មាត់​​ទន្លេ​​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​។ ទន្ទឹម​នឹង​ខ្យល់​កំពុង​បក់ គេក៏​ឃើញ​​សំរាម​ថង់​ប្លាស្ទិក និង សំណល់​ចំណី​អាហារ​ផ្សេងៗដែល​​ត្រូវ​បាន​គេ​បោះចោលតាមសួន​ច្បារ​ជ្រោយ​ចង្វារ និង​ទី​កន្លែង​អង្គុយ​​នៅ​ទីនោះ​​រាយប៉ាយ​ដោយ​កន្លែង​។

លោក សុខ ពៅ ​​អ្នក​បម្រើកា​រងា​រ​នៅ​ឯ​ព្រលាន​យន្តហោះ ប្រាប់ Newsroom Cambodia នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា​ថា ជាយូរៗប្រមាណ២អាទិត្យម្តង ទើបលោកមកលម្ហែរកាយនៅ​ខាង​មុខ​មាត់​ទន្លេ​ជ្រោយ​ចង្វារ​នេះ​ ប៉ុន្តែ​លោក​ថា លោក​តែង​រង​ការ​រំខាន​ដោយ​សារ​សំរាម​តាម​ដង​​​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះចោល​​​។ លោក​បន្ត​ថា សំរាម​ដែល​ត្រូវ​បាន​បោះចោល​ទាំង​នោះ​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ទីក្រុង និង​ទេសចរណ៍។​

«បើនិយាយពីសំរាមប្រជាពលរដ្ឋយើងគាត់អត់ទាន់យល់ដឹងអ្វីដែលហៅថាការចោលសំរាមប៉ះពាល់ដល់មនុស្សទូទៅទេ»។

លោក សុខ ពៅ បន្ថែម​ថា ​បច្ចុប្បន្ន​សាលារាជធានី​ភ្នំពេញ​បាន​ដាក់​ធុង​សំរាម​ស្ទើរ​គ្រប់​កន្លែង ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់។​

«​ជាទម្លាប់អាក្រក់​មិនអាចទទួលយកបាន»។

កញ្ញា ឆម សុខឡេង និស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង លើកឡើងថា ការណ៍​ដែល​​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​បោះចោល​សំរាម​ក្រៅធុង និង​តាម​ទី​សាធារណៈ គឺ​ជា​គំរូ​អាក្រក់​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ។

«ចង់អោយពួកគាត់ចូលរួមពេលញ៉ាំ​អីហើយ យកអស់ហ្នឹងទៅចោលនៅធុងសំរាម»។

និស្សិត​វ័យ​១៩​ឆ្នាំ​រូប​នេះ​បន្ថែម​ថា កញ្ញា​ចង់​ឲ្យ​ក្រសួង​ដាក់​ពិន័យ និង​ពិន័​យ លើ​ជន​ណាដែ​ល​បោះចោល​សំរា​មក្រៅធុង​។

អ្នកស្រី ចេត ស្រីមុំ អាយុ២២ឆ្នាំ​​ អ្នករែកនំ​បញ្ចុក​លក់​តាម​សួនច្បារ​មាត់​ទន្លេ​ជ្រោយ​ចង្វារ​បានរៀ​បរាប់ពីស្ថានភាពអ្នកដែលធ្លាប់ទិញនំបញ្ចុកគាត់ប្រាប់ Newsroom Cambodiaថា

អ្នកស្រី​តែង​ប្រាប់​អ្នក​ដែល​ញ៉ាំ​នំ​បញ្ចុក​របស់​អ្នកស្រី​ឱ្យ​ទុក​ដាក់​ចាន​នៅ​​មួយ​កន្លែង​ដើម្បី​អ្នកស្រី​អាច​ប្រមូល​យក​ទៅ​ដាក់​ធុង​សំរាម​ និង​តែង​ប្រាប់​អ្ន​រស់នៅ និង​ធ្វើ​ដំណើរ​ទីនោះ​កុំ​ចោល​សំរាម​ក្នុង​ទឹក។​ អ្នកស្រី​បន្ថែម​ថា ការចោល​សំរាម​នៅ​តាម​សួន​សាធារណៈ គឺ​ជាគំរូ​អាក្រក់​​ ក្នុង​សង្គម។

«អ្នកខ្លះស្ដាប់យើង អ្នកខ្លះអត់ស្ដាប់យើងទេ គាត់​ទទឹង​ទទែង ជួនកាល​នោះ​បោះនៅ​តាម​នេះ [សួនច្បារ] ពេលខ្លះខ្ញុំមើល​ឃើញ​ថាសំរាម​មិនទាន់​ចូល​ទៅ​ក្នុង​ទន្លេ​អី​ចឹង ខ្ញុំ​ចុះ​ទៅ​រើស»។

លោក​ ម៉ៅ ​ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ ផ្ដល់បទ​សម្ភាសន៍​ដល់​​ Newsroom​ Cambodia​ ថា ការបោះចោល​សំរាម​របស់​ប្រជាជន​នៅ​តាម​ទីសាធារណៈ ពិសេស​នៅ​សួន​អង្គុយ​លេង ​នៅ​តែ បន្ត​មាន​ដោយ​សារ​តែការអប់រំ​របស់ពួ​កគាត់នៅ​មា​ន​កម្រិត។ លោក​ថា​ ខាង​សង្កាត់ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្នះខ្នែង​​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ។

«រាល់​ថ្ងៃ​នេះ ពួក​អ៊ុំ ក៏​ដូចជា​ភាគី​ពាក់ព័ន្ធ​បាន​ជំរុញ​ឲ្យ​មាន​ការ​បញ្ជ្រៀប​ចំណេះ​ដឹង​ទាក់ទង​នឹង​ការទុក​ដាក់​កាក​សំណល់​ទៅ​កាន់​ប្រជាពលរដ្ឋ​យ៉ាង​ផុស​ផុល តែ​យ៉ាងណាក៏​នៅ​តែ​មិន​អាច​ដោះស្រាយ​អស់​ភ្លាមៗ​ដែរ ព្រោះ​ការអប់​​រំ​របស់​ប្រជាពលរដ្ឋ​យើង​នៅ​មាន​កម្រិត​ នៅ​ត្រូវ​ការពេល​បន្ដ​ទៀត»។

លោក​​បន្ថែម​​​ថា ខាង​សង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​នៅ​តែ​បន្ដ​ប្រឹងប្រែង​ ក្នុង​ការចុះ​អប់រំ​ប្រជា​ពល​រដ្ឋ​ឲ្យ​យល់​ដឹង និង​ចូលរួម​ដោះស្រាយ​បញ្ហា​សំរាម​ទាំងអស់​គ្នា។

នៅ​កម្ពុជា​​ ក្នុង​មួយ​ថ្ងៃ​មាន​សំរាម​ជាង​មួយ​ម៉ឺន​តោន ក្នុង​នោះ​សំណល់​ប្លាស្ទិក​មាន​ប្រមាណ​ជា២០ភាគរយ។ ចំណែក​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​មាន​សំរាម​ជិត៣ពាន់​តោន ដោយ​ជិត២០ភាគរយ​ជា​សំណល់​ប្លាស្ទិក។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​។​

ប្លាស្ទិក​ត្រូវ​បាន​រក​ឃើញថា ​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ដូចជា ​បណ្តាល​ឱ្យ​កើតមាន​ជំងឺមហារីក ពិការភាព​ពី​កំណើត ភាព​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ភាពសាំ ជំងឺ​រលាក​ពោះវៀន និង​ជំងឺ​ផ្លូវដង្ហើម​ ជាដើម។ បើ​តាម​គេហទំព័រ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ហៅ​កាត់​ថា UNDP បង្ហាញថា នៅ​ភ្នំពេញ ថង់​ប្លាស្ទិក​ប្រហែល១០លាន​ថង់​ត្រូវ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​៕