ការជ្រើសរើសជំនាញមួយ​ដើម្បីសិក្សាគឺជារឿងសំខាន់​សម្រាប់​យុវជន មិន​ថា​ជា​ការពេញ​ចិត្ត​ដោយ​ខ្លួនឯង ឬ​គ្រួសារ​ជា​អ្នក​រៀបចំ​ឲ្យ​ឡើយ​​។ រយៈពេល​បួនឆ្នាំ​នៃ​​ការសិក្សា​លើជំ​នាញមួ​យ​មុ​ខ គឺ​មិន​គ្រប់គ្រាន់​ទេ តែ​ត្រូវ​ចំណាយ​ពេល​ខ្លះៗ​ទៅ​លើជំនាញ​បន្ទាប់​បន្សំ ដូចជាភាសាអង់គ្លេស កុំព្យូទ័រ​ជាដើម ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​សម្រាប់​ឱកាសការងារជាច្រើនពីទីផ្សារ​។​

ក្នុងចំណោមបណ្ដាអ្នកកំពុងសិក្សា និង​បញ្ចប់​ការសិក្សា​​​មួយ​ចំនួន​មាន​​ការ​បារម្ភ​ខ្លះៗ​ទៅ​លើ​ជំនាញ​ដែល​កំពុ​ង​​សិក្សា ​ដោយ​ពួកគេ​ខ្លាចខ្វះ​សមត្ថភាព​ដើម្បី​បំពេញ​ការងារ។​

លោក​ អាត់ ដេត និស្សិត​កំពុងសិក្សា​ជំនាញ​វិស្វករសំណង់ស៊ីវិល បានប្រាប់ Newsroom Cambodia តាមរយៈ​​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ថា លោក​បាន​ជ្រើស​រើស​ជំនាញ​វិស្វករសំណង់​នេះ​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​លោក​បោះបង់​ជម្រើស​ទី​១​ធ្វើ​ជា​គ្រូ​បង្រៀន។  លោក​បន្ត​ថា ជំនាញដែលលោកបាន​និង​កំពុង​​រៀន បាន​លើក​ស្ទួយ​វិស័យ​ស្ថាបត្យ​កម្ម (សាងសង់) កម្ពុជា​ឲ្យ​ឈាន​ទៅ​មុខ។

លោក​បញ្ជាក់​ថា៖​ «ចំពោះទី​​ផ្សារ​ការងា​របច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​ មានសុខ​សន្តិភាព ហើយ​ក៏​មាន​ការសាងសង់​ផ្ទះ អគារនានា​ជាច្រើន អីចឹង​ហើយការងារ​ក៏​មាន​ច្រើន​ដែរ​សម្រាប់​ជំនាញ​នេះ»។​

ចំណែក​លោក សុខ ទៀង ​និស្សិតបញ្ចប់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ នៅ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស ហើយសព្វថ្ងៃនេះលោកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ បានប្រាប់ Newsroom Cambodia តាម​ទូរស័ព្ទថា សម្រាប់​លោក ក្រៅ​ពី​​ជំនាញ​ដែល​លោក​រៀន​ ​​លោក​តែង​ចំណាយ​ពេល​ខ្លះ​ដើម្បី​រៀន​ជំនាញ​បន្ទាប់បន្សំ ដូចជា​ភាសាអង់គ្លេស និង​​​កុំព្យូទ័រជាដើម។ លោក​បន្ថែម​ថា ទីផ្សារ​ការងារ​សម្រាប់​ជំនាញ​របស់​លោក​មាន​លក្ខណៈទូលាយ បើទោះបីជា​​ដើម​​ទុ​នរ​កស៊ី​ត្រូវ​ពឹង​ផ្អែក​ពី​ក្រៅប្រទេស​ក៏ដោយ។

លោក​បញ្ជាក់​ថា៖ «ត្រូវ​ពង្រឹង​សមត្ថភាព​ជំនាញ​របស់​ខ្លួនឯង​ឲ្យ​ច្បាស់​លាស់ និង​ចាប់​យក​អ្វី​ដែល​ជា​ចំណូល​ចិត្ត​របស់​ខ្លួន​ឯង ជាពិសេស​​គឺ​ការកំណត់​គោលដៅ និង​រៀបចំ​ផែនការ​ជីវិ​តឲ្យ​បាន​ត្រឹមត្រូវ»។

មិនមែន​តែ​សិស្ស​និស្សិត​នោះ​ទេ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាកើ​លើ​ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា សម្រាប់​សាលារៀន​ក៏មានការកែប្រែ​យុទ្ធសាស្ត្រមួយចំនួន​តាមក្រសួងអប់រំ យុវជន និងកីឡា ដូចជា​ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន ការផ្អាកលើជំនាញដែលមានទីផ្សារចង្អៀត​ជាដើម។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ Newsroom Cambodia តាម​រយៈ​បណ្តាញ​សង្គម​តេលេក្រាម​ថា ក្រសួងអប់រំ បានដាក់​បញ្ចូល​ជំនាញ​បច្ចេកទេស​ថ្មីៗ​មួយ​ចំនួន​ទៅ​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​វិទ្យាល័យ ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​សម្រាប់​ចូលរួម​ចំណែក​​អភិវឌ្ឍន៍​វិស័យឧស្សាហកម្ម។ លោក​បន្ថែម​ថា ជំនាញ​បច្ចេកទេស​ថ្មីៗ​នោះមា​នដូ​ចជា អេឡិចត្រូនិក អគ្គិសនី ក្សេត្រសាស្ត្រ មេកានិក និងគណនេយ្យ។

លោក​សរសេរ​តាម​ន័យ​ដើម​ថា៖ «ជំនាញ​បច្ចេកទេស​ទាំងនេះ​​នឹ​ងជួយប​ង្កើន​បរិមាណ និង​គុណភាព​ធនធាន​មនុស្ស​ផ្នែក​ជំនាញ​បច្ចេកទេស​នៅ​តាម​រោងចក្រ ទីផ្សារ​ការងារ​ផ្សេងៗ និង​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ដល់​សិស្ស​មួយ​ចំនួន​ដែល​ចង់​រៀន​ជំនាញ​នេះបន្ត។

កាលពី​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ផ្អាក​ការផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ការបើក​មុខ​ជំនាញ​គ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា ដើម្បី​ជំរុញ​ការអនុវត្ត​កំណែ​ទម្រង់​នៅ​ឧត្តម​សិក្សា ឲ្យ​ឆ្លើយតប​នឹង​តម្រូវ​ការទីផ្សារ​ការងារ និង​ការវិវត្ត​សេដ្ឋកិច្ច​ជាតិ​ក្នុង​យុគ្គ​សម័យ​ឧស្សាហកម្ម៤.០៕​