អង្គការ សង្គមស៊ីវិល ចំនួន៦៧ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងសូមឲ្យដោះលែង អ្នកសារព័ត៌មាន សកម្មជន និងអ្នកគាំទ្របក្យជំទាស់រួចពីការឃុំឃាំង នៅក្នុងទិវាសិទ្ធិមនុស្ស។
អង្គការ សង្គមស៊ីវិល បានអះអាងក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា មានការការវិវត្តន៍ច្បាប់គួរឲ្យព្រួយបារម្ភមួយចំនួនក្នុងឆ្នាំនេះ ដែលមានគោលបំណងកាត់បន្ថយបន្តិចម្តងៗនូវសេរីភាពរបស់ប្រជាពលរដ្ឋ រួមទាំងលើបណ្តាញអ៊ិនធើណែត និងការបង្រ្កាបលើសកម្មជន អ្នកការពារសិទ្ធិមនុស្ស និងសមាជិកបក្យជំទាស់។
អង្គការ សង្គមស៊ីវិល បាននិយាយបន្តថា រហូតដល់ពេលនេះ មនុស្សជាង១២០នាក់ត្រូវបានចាប់ខ្លួនដោយសារតែការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន។
«ជាការព្រួយបារម្ភខ្លាំងដែលការរំលោភបំពានសិទ្ធិមនុស្សទាំងនេះពុំមែនជារឿងចម្លែកតែជាលំអានគួរឲ្យព្រួយបារម្ភនៅរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ប្រការនេះមានឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមកម្ពុជា ជាការបន្ទច់បង្អាក់បុគ្គលនានាក្នុងការចូលរួមកិច្ចការសាធារណៈ និងជំរុញឲ្យមានវប្បធម៌ភ័យខ្លាច ការជិនណាយក្នុងនយោបាយ និងការដាក់គំនាបខ្លួនឯង»។
អង្គការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា Sithi.org កាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់ចេញនូវប្រតិទិនសិទ្ធិមនុស្សអំពីកាលប្បវត្តិនៃបញ្ហាសិទ្ធិមនុស្សផ្សេងៗ ដែលកើតមានឡើងក្នុងកំឡុងពេញ១ទស្សវតន៍ចុងក្រោយនេះ រួមមានរំលោភសិទ្ធិមនុស្ស ទាក់ទងនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំ សិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត។
អ្នកនាំពាក្យគណបក្យកាន់អំណាច លោកសុខ ឥសាន្ត បានច្រានការអះអាងថារដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ដោយនិយាយថាបើពិតជាមានការរំលោទសិទ្ធិមនុស្សមែននោះ ប្រជាពលរដ្ឋប្រាកដជាបះបោរហើយ។
លោកសុខ ឥសាន្ត បាននិយាយដូច្នេះថា «រាល់ថ្ងៃហ្នឹង កម្ពុជាយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយហើយ មិនដែលមានប្រទេសណា មានសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយល្អទេ។ បើកម្ពុជាមានការរំលោភសិទ្ធិមនុស្សនោះ វាមានការតវ៉ាបះបោរហើយ»។
លោកបានបន្ថែមថាអ្នកដែលនិយាយថាកម្ពុជារំលោភសិទ្ធិមនុស្សគ្រាន់តែអ្នកកាន់ជើងក្រុមមេ ដឹកនាំក្រៅច្បាប់ដែលកំពុងនៅក្រៅប្រទេសនោះទេ៕