លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះប្រកាសថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ សិស្សថ្នាក់ទី១២ទាំងអស់នឹងមិនចាំបាច់ប្រឡងបាក់ឌុបនៅថ្ងៃ១១ ខែមករា ឆ្នាំ២០២១ខាងមុខនោះទេ ប៉ុន្តែសិស្សនឹងត្រូវកំណត់ជាប់ ឬធ្លាក់ដោយការកំណត់ពិន្ទុប្រឡងឆមាស។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះក្នុងការថ្លែងសារពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
នៅចំណុចមួយនៃការថ្លែងប្រមាណជា៤ម៉ោងនោះ លោកនាយករដ្ឋមន្រ្តីលើកឡើងថា ការប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០នេះ មិនចាំបាច់ប្រឡងក៏បាន ប៉ុន្តែលោកថា ត្រូវជំនួសមកវិញនូវការយកពិន្ទុប្រឡងឆមាសប្រចាំឆ្នាំរបស់សិស្សដើម្បីវាយតម្លៃអំពីការជាប់ ឬធ្លាក់ទៅតាមពិន្ទុឆមាសរបស់ពួកគេ។ លោក ហ៊ុន សែន បន្ថែមថា លោកមិនមានជម្រើសអ្វី ផ្សេងនោះទេ ដោយសារកម្ពុជាកំពុងជួបប្រទះស្ថានភាពមិនច្បាស់លាស់ ចំពោះវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺផ្លូវដង្ហើមមួយនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំសុំយោគយល់ចំពោះមុខឲ្យសិស្សានុសិស្សដែលគ្មានលទ្ធភាពប្រឡងដែលនឹងត្រូវនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ។ យើងត្រូវទទួលយកនូវអ្វីដែលវាបានកើត សម្រាប់ប្រទេសរបស់យើង។ គុណភាពអប់រំធ្លាក់ចុះបន្ដិចហើយ ហើយខ្ញុំពិតជាឃើញការលំបាកអំពីការមិនបានប្រឡង។ ប្រសិនបើការលំបាកអញ្ចឹង ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅឆាប់ចប់»។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់ក្រសួងអប់រំត្រូវតែប្រញាប់មើលឡើងវិញ ហើយពិនិត្យមើលនូវពិន្ទុឆមាសរបស់ពួកគេហើយវាយតម្លៃឲ្យជាប់ ឬធ្លាក់ដើម្បីឲ្យពួកគេងាយស្រួលចូលរៀននៅថ្នាក់មហាវិទ្យាល័យបន្តទៀតដែលពួកគេចង់រៀន៕