លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩​ សិស្ស​​​ថ្នាក់​ទី​១២​ទាំងអស់​នឹង​មិន​ចាំ​បាច់​ប្រឡង​បាក់​ឌុបនៅ​ថ្ងៃ១១ ខែមករា ឆ្នាំ២០២១​ខាង​មុខ​នោះទេ ប៉ុន្តែ​សិស្ស​នឹង​ត្រូវ​កំណត់​ជាប់​ ឬធ្លាក់​ដោយ​ការ​កំណត់​ពិន្ទុ​ប្រឡង​ឆមាស​​។​

លោក​​នាយករដ្ឋមន្រ្តី​ថ្លែង​បែប​នេះ​ក្នុង​ការ​ថ្លែង​សារ​​ពាក់ព័ន្ធនឹង​ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០​។

នៅ​ចំណុចមួយនៃ​ការ​ថ្លែង​​ប្រមាណ​ជា​៤ម៉ោង​​នោះ​ ​​លោក​នាយករដ្ឋមន្រ្តី​លើកឡើង​ថា  ការ​ប្រឡង​បាក់​ឌុប​ឆ្នាំសិក្សា​២០១៩​-​២០២០​នេះ មិន​ចាំ​បាច់​ប្រឡង​ក៏​បាន ប៉ុន្តែ​​លោក​​ថា ត្រូវ​ជំនួស​​​មក​វិញ​នូវ​ការយក​ពិន្ទុ​ប្រឡង​ឆមាស​ប្រចាំ​ឆ្នាំរ​បស់សិ​ស្ស​ដើម្បី​វាយ​តម្លៃ​អំពី​ការ​ជាប់ ឬ​ធ្លាក់​​ទៅ​តាម​ពិន្ទុ​ឆមាស​របស់​ពួកគេ។ លោក​ ហ៊ុន សែន បន្ថែម​ថា លោក​មិនមាន​ជម្រើស​អ្វី ផ្សេង​នោះ​ទេ​ ដោយសារ​កម្ពុជាកំពុង​ជួប​ប្រទះ​ស្ថានភាព​មិន​ច្បាស់​លាស់​​ ​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​ដើម្បី​ការពា​រ​ការ​ចម្លង​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ។​

លោក​បញ្ជាក់ថា៖ «ខ្ញុំ​សុំ​យោគ​យល់​ចំពោះ​មុខ​ឲ្យ​សិស្សា​នុសិស្ស​ដែល​គ្មាន​លទ្ធភាព​ប្រឡង​ដែល​​នឹង​​ត្រូវ​នៅ​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០២១​នេះ។ យើង​ត្រូវទទួល​យកនូវអ្វីដែលវាបានកើត សម្រាប់​ប្រទេស​របស់​យើង។​ គុណភាព​អប់រំ​ធ្លាក់​ចុះ​បន្ដិច​ហើយ ហើយ​ខ្ញុំ​ពិតជា​ឃើញ​ការ​លំបាក​​អំពី​ការមិនបាន​ប្រឡង។  ប្រសិនបើ​ការលំបាក​អញ្ចឹង ឲ្យ​ជាប់​ទាំងអស់​គ្នា​តែ​ម្ដង​ទៅ​ឆាប់​ចប់»។

លោក​នាយករដ្ឋមន្រ្តី​​ក៏បានស្នើ​ដល់ក្រសួងអប់រំ​ត្រូវតែប្រញាប់​មើល​ឡើងវិញ ហើយ​​ពិនិត្យ​មើល​នូវ​ពិន្ទុ​ឆមាស​របស់​ពួកគេ​ហើយ​វាយ​តម្លៃ​ឲ្យ​ជាប់ ឬ​ធ្លាក់​ដើម្បី​ឲ្យ​ពួកគេ​ងាយ​ស្រួល​​ចូល​រៀន​​នៅ​​ថ្នាក់​​មហា​វិទ្យាល័យ​បន្ត​ទៀត​ដែល​ពួកគេ​ចង់​រៀន៕