អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៣នៅថ្ងៃទី៩ ខែធ្នូ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចេញវិធានការការពារអ្នកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារពីជំងឺកូវីដ១៩ បន្ទាប់ពី មានការរកឃើញមន្ត្រីពន្ធធនាគារឆ្លងជំងឺកូវីដ១៩។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ ចេញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថា ដោយសាររកឃើញមានមន្ត្រីពន្ធនាគារមួយចំនួនមានផ្ទុកជំងឺកូវីដ១៩ ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភទៅដល់អ្នកជាប់ឃុំថាអាចងាយនឹងឆ្លងជំងឺនេះ។
សេចក្តីថ្លែងការណ៍រួមនោះបញ្ជាក់ក្នុងន័យដើមថា៖ «ដោយសារពន្ធនាគារនៅក្នុងប្រទេសកម្ពុជាមានភាពចង្អៀតណែនខ្លាំង កង្វះនូវការទទួលបានសេវាថែរទាំ និងព្យាបាលជំងឺ ក៏ដូចជាតម្រូវការមូលដ្ឋានដូចជាសាប៊ូ និងទឹកស្អាត ដើម្បីអនុវត្តវិធានការអនាម័យ អ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជាជិត៤ម៉ឺននាក់ គឺកំពុងតែប្រឈមយ៉ាងខ្លាំងពីការឆ្លងវីរុសកូវីដ១៩ ដែលអាចបណ្ដាលឱ្យមានការស្លាប់បាត់បង់ជីវិតដោយសារការឆ្លងវីរុសនេះ»។
អង្គការទាំងនេះក៏បានទទូចឲ្យអាជ្ញាធរចាត់វិធានការឲ្យបានឆាប់ ដើម្បីការពារសិទ្ធិក្នុងការរស់រានមានជីវិត និងសិទ្ធិក្នុងការទទួលបានសេវាសុខភាពរបស់មនុស្សគ្រប់រូបដែលកំពុងជាប់ឃុំនៅក្នុងប្រទេសកម្ពុជា។
«សូមស្នើសុំដោយទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការឱ្យបានឆាប់ ដើម្បីការពារសិទ្ធិទទួលបានសេវាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ មន្រ្តីពន្ធនាគារ និងសហគមន៍នៅខាងក្រៅ ដោយការធ្វើតេស្តរកមេរោគកូវីដ១៩ដោយប្រុងប្រយ័ត្នសម្រាប់អ្នកដែលនៅក្នុងពន្ធនាគារ អនុវត្តវិធានការអនាម័យនិងរក្សាគម្លាតសង្គមនៅក្នុងពន្ធនាគារប្រកបដោយប្រសិទ្ធភាព និងចាត់វិធានការភ្លាមៗដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ»។
លើសពីនេះទៅទៀតអង្គការទាំងបីក៏បានអំពាវនាវឲ្យអាជ្ញាធរគោរព និងការពារសិទ្ធិក្នុងការទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងផ្តល់អាទិភាពក្នុងការដោះលែងអ្នកជាប់ឃុំដែលត្រូវបានកាត់ទោសបទល្មើសស្រាល អ្នកជាប់ឃុំដែលបានអនុវត្តទោសជិតចប់ មនុស្សចាស់ អ្នកជាប់ឃុំដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ស្រ្ដីជាប់ឃុំដែលមានកូនតូចនៅជាមួយ អ្នកជាប់ឃុំជាស្រ្ដីមានផ្ទៃពោះ និងអនីតិជន។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានប្រាប់ Newsroom Cambodia ថា មកដល់ពេលនេះមិនទាន់មានជងឺកូវីដ១៩នៅពន្ធនាគារនៅឡើយទេ។ លោកបន្តថា នៅពន្ធនាគារតែងមានការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកថា៖ «ទីមួយអនុលោមទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ ហើយទីពីរយកវិធានការបង្ការនេះជាគោល»។
កម្ពុជាឲ្យកើតមានករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍កាលពីពីរសប្តាហ៍មុន ដែលបានបង្កឲ្យមានកាព្រួយបារម្ភបន្ថែមទៀតអំពីជំងឺផ្លូវដង្ហើមមួយនេះ៕