អង្គការសង្គមស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន៣​នៅថ្ងៃទី​៩ ខែធ្នូ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​​កម្ពុជា​ចេញ​វិធានការ​ការពារ​​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​​ពី​ជំងឺ​កូវីដ​១៩ ​បន្ទាប់​ពី​ មាន​ការ​រក​ឃើញ​មន្ត្រី​ពន្ធធនាគារ​ឆ្លង​ជំងឺ​កូវីដ​១៩។

បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​​អង្គការលើកលែងទោសអន្តរជាតិ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​​សិទ្ធិ​មនុស្ស​លីកាដូ​ ចេញ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០ បញ្ជាក់​ថា ដោយសារ​រកឃើញមាន​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន​មាន​ផ្ទុក​ជំងឺកូវីដ១៩​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ទៅ​ដល់​អ្នក​ជាប់​ឃុំ​ថា​អាច​ងាយ​នឹង​ឆ្លង​ជំងឺ​នេះ។

សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ដោយសារ​ពន្ធនាគារ​នៅក្នុង​ប្រទេសកម្ពុជា​មាន​ភាព​ចង្អៀតណែនខ្លាំង កង្វះនូវ​ការទទួល​បាន​សេវាថែរទាំ ​និង​ព្យាបាលជំងឺ​ ក៏ដូចជា​តម្រូវការ​មូលដ្ឋាន​​ដូចជា​សាប៊ូ​ និងទឹកស្អាត​ ដើម្បី​អនុវត្ត​វិធាន​ការ​​អនាម័យ​ អ្នកជាប់ឃុំ​​ក្នុង​ពន្ធនាគារ​នៅកម្ពុជា​ជិត​៤ម៉ឺននាក់​ គឺកំពុងតែប្រឈម​យ៉ាងខ្លាំង​ពី​ការឆ្លង​វីរុស​កូវីដ​១៩​ ដែលអាច​បណ្ដាល​ឱ្យមានការ​ស្លាប់បាត់បង់​ជីវិត​ដោយសារ​ការឆ្លងវីរុសនេះ»។​

អង្គការទាំងនេះក៏បាន​ទទូច​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​ឆាប់ ដើម្បី​ការពារ​សិទ្ធិ​ក្នុង​ការ​រស់​រាន​​មាន​ជីវិត និងសិទ្ធិក្នុងការទទួលបានសេវាសុខភាពរបស់មនុស្សគ្រប់រូបដែលកំពុង​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«សូមស្នើសុំដោយ​ទទូច​ឱ្យរាជរដ្ឋាភិបាល​កម្ពុជា​​ចាត់វិធានការ​ឱ្យបានឆាប់​ ដើម្បី​ការពារសិទ្ធិ​ទទួល​បាន​សេវា​​សុខភាព​​របស់​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​ មន្រ្តីពន្ធនាគារ​ និងសហគមន៍​នៅខាងក្រៅ ​ដោយ​ការ​ធ្វើតេស្ត​​រក​មេរោគ​កូវីដ១៩​​ដោ​យប្រុងប្រយ័ត្ន​សម្រាប់​អ្នកដែល​នៅក្នុងពន្ធនាគារ​ អនុវត្ត​វិធានការ​អនាម័យ​និងរក្សាគម្លាត​សង្គម​នៅក្នុងពន្ធនាគារ​ប្រកបដោយប្រសិទ្ធភាព​ និងចាត់វិធានការ​ភ្លាមៗ​ដើម្បីកាត់បន្ថយភាព​ចង្អៀតណែន​នៅក្នុងពន្ធនាគារ»។ ​

លើសពីនេះទៅទៀតអង្គការ​ទាំង​បី​​ក៏​បាន​អំពាវនាវឲ្យ​អាជ្ញាធរ​គោរព និង​ការពារ​សិទ្ធិ​ក្នុង​ការទទួល​បាន​ការជំនុំជម្រះ​ក្ដី​ដោយយុត្តិធម៌ និង​ផ្តល់​អាទិភាព​ក្នុងការ​ដោះលែង​អ្នកជាប់​ឃុំ​ដែល​ត្រូវបានកាត់ទោសបទល្មើសស្រាល​ អ្នកជាប់ឃុំដែលបានអនុវត្តទោសជិតចប់ មនុស្ស​ចាស់ អ្នកជាប់ឃុំដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ស្រ្ដីជាប់​ឃុំ​ដែល​មាន​កូនតូច​នៅ​ជាមួយ អ្នកជាប់ឃុំ​ជាស្រ្ដីមានផ្ទៃពោះ និងអនីតិជន​។

លោក នុត​​​ សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានប្រាប់ Newsroom Cambodia ថា មកដល់​ពេល​នេះ​មិន​ទាន់​មាន​ជងឺ​កូវីដ​១៩​​នៅ​ពន្ធនាគារ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា នៅ​ពន្ធ​នា​គារ​​តែង​មានការ​អនុវត្ត​តាម​ការណែនាំរបស់ក្រសួងសុខា​ភិបាល។

លោក​ថា៖ «ទីមួយអនុលោមទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ ហើយ​ទីពីរ​យក​វិធានការ​បង្ការ​នេះ​ជា​គោល»។

កម្ពុជា​ឲ្យ​កើត​មាន​ករណី​​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​កា​ល​ពី​ពីរ​សប្តាហ៍​មុន ដែល​បាន​បង្ក​ឲ្យ​មានកា​ព្រួយ​បារម្ភបន្ថែម​ទៀត​អំពី​ជំងឺ​​ផ្លូវ​ដង្ហើម​មួយ​នេះ៕​