ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលហាងកាហ្វេ Hidden Coffee ចន្លោះម៉ោង១៥:៣០នាទី ដល់ម៉ោង១៦:០០នាទីរសៀល នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលបន្ថែមថា បុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ១៩) ធ្លាប់បានទៅអង្គុយពិសាកាហ្វេនៅហាង Hidden Coffee នេះ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងបន្ថែមថា ប្រជាពលរដ្ឋដែលបានចូលហាងកាហ្វេ Hidden Coffee ក្នុងអំឡុងពេលវេលានោះ ត្រូវទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះឲ្យគ្រប់រយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ អ្នកសះស្បើយមានចំនួន០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣៤នាក់៕