ក្រសួង​សុខា​ភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ​បាន​​ប្រកាស​​ដល់​​ប្រជា​ពល​រដ្ឋ​​​​ដែល​ធ្លាប់​ចូល​ហាង​កាហ្វេ Hidden Coffee ចន្លោះ​ម៉ោង​១៥:៣០​នាទី ដល់​ម៉ោង១៦:០០​នាទី​​រសៀល នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ទៅធ្វើតេស្តរក​ជំងឺ​កូវីដ​១៩ និង​ធ្វើ​ចត្តាឡីស័ក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ដដែលបន្ថែម​ថា ​បុរស​ជា​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់ (​មុន​ពេល​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩) ធ្លាប់​បាន​ទៅ​អង្គុយ​ពិសា​កាហ្វេ​នៅ​ហាង​ Hidden Coffee នេះ កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២០​។ ក្រសួង​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ហាង​កាហ្វេ​ Hidden Coffee ​ក្នុង​អំឡុង​ពេល​វេលា​នោះ ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​នៅ​វិទ្យាស្ថាន​ជាតិ​សុខា​ភិបាល​​សាធារណៈ និង​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាម​ផ្ទះឲ្យ​គ្រប់​រយៈពេល​១៤​ថ្ងៃ តាម​ការណែ​នាំ​របស់​ក្រសួង​សុខា​ភិបាល។

អ្នក​ជំងឺ​កូវី​ដ​១៩ ដែល​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍សហគមន៍​២៨​វិច្ឆិកា ចាប់​ពី​ថ្ងៃទី២៨ ខែវិច្ឆិកា ដល់​ព្រឹក​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មាន​ចំនួន​៤១​នាក់ អ្នក​សះស្បើយ​មាន​ចំនួន​​០៧​​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មាន​ចំនួន ៣៤នាក់៕