នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសេរលិខិតអបអរសាទរលោក ចូ បៃដិន ដែលត្រូវបានប្រជាជនអាមេរិកបានបោះឆ្នោតឲ្យជាប់ជាប្រធានាធិបតីទី៤៦ ហើយបាន «ប្តេជ្ញាចិត្តយ៉ាងពេញលេញ» ដើម្បីធ្វើការជាមួយរដ្ឋបាលទីក្រុងវ៉ាស៊ិនតោន ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង។
ក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានលើកឡើងថា លោកមានជំនឿចិត្តយ៉ាងមុតមាំថា ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីនេះ នឹងបន្តការរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោកមានស្ថិរភាព និងវិបុលភាពកាន់តែល្អ។
លោកហ៊ុន សែនបានសរសេរដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្ដេជ្ញាចិត្តយ៉ាងពេញលេញក្នុងការធ្វើការងារ ជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត»។
លោក បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា វាជារឿងមួយដែលគ្រប់អ្នកនយោបាយកំពុងតែដឹកនាំប្រទេសនីមួយៗ តែងតែធ្វើក្នុងការទទួលស្គាល់មេដឹកនាំស្របច្បាប់។
លោកបាននិយាយថា «រឿងការផ្ញើលិខិត ជាទូទៅក្នុងកិច្ចការងារ ការទូតសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងការងាររដ្ឋបាល ជាទូទៅកាលណាគេទទួលស្គាល់ថ្នាក់ដឹកនាំ ដែលទទួលបានការបោះឆ្នោតស្របច្បាប់ហ្នឹងគឺគេផ្ញើ»។
«ជាទូទៅអ្នកនយោបាយដែលកំពុងតែអ្នកដឹកនាំប្រទេសនីមួយៗហ្នឹង គេចាប់ផ្ដើមផ្ញើលិខិតទៅអបអរសាទរហើយ។ ហើយលិខិតអបអរសាទរហ្នឹង គឺស្មើនឹងលិខិតការទទួលស្គាល់មេដឹកនាំហ្នឹង ជាមេដឹកនាំស្របច្បាប់បាទ»។
លោក ស ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជា ក៏បានលើកឡើងថា ការផ្ញើលិខិតជូនចំពោះប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកនេះ គឹជាការគួរសមសម្រាប់ទំនាក់ទំនងការទូត។
លោកបាននិយាយថា «សម្រាប់ខ្ញុំយល់ឃើញថាវាជារឿងល្អមួយដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើលិខិតទៅជូនពរលោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោត ហើយនេះគឹជាការគួរសមក្នុងទំនាក់ទំនងការទូត»។
លោកស ម៉ូរី បានមើលឃើញទំនាក់ទំនងកិច្ចការបរទេសរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មាននេះ មិនសូវល្អប្រសើរទេ ហើយរដ្ឋាភិបាលកម្ពុជានឹងព្យាយាមកសាង និងពង្រឹងទំនាក់ទំនងឡើងវិញជាពិសេស កិច្ចសហប្រតិបត្តិការទាំងផ្នែកអភិវឌ្ឍន៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាមួយរដ្ឋបាលលោកបៃដិន៕