គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងនៅតែបន្តរៀបចំឥណទានឡើងវិញឲ្យអតិថិជនដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ ១៩រហូតដល់ពាក់កណ្ដាលឆ្នាំ២០២១។
លោកកាំង តុងងី ប្រធានទំនាក់ទំនងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា តាមរយៈសារាចរណ៍របស់ធនាគារជាតិដែលចេញកាលពីខែមីនាកន្លងទៅ បានអនុញ្ញាតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់រៀបចំឥណទានជូនអតិថិជនដែលប៉ះពាល់ជីវភាពដោយសារជម្ងឺកូវីដ ១៩ ដល់ត្រឹមចុងឆ្នាំ២០២០ ក៏ប៉ុន្តែមកទល់ពេលនេះឃើញថាអតិថិជនមួយចំនួននៅតែមានការលំបាកផ្នែកជីវភាព ជាពិសេសអតិថិជនក្នុងវិស័យទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។
លោកបានបន្តថា «យើងបានជជែកគ្នាក្នុងចំណោមសមាជិកយើងក៏ដូចជាជាមួយសមាគមធនាគារជាតិនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា យើងបានស្នើរសុំឲ្យផ្ដល់លក្ខខណ្ឌផ្លូវច្បាប់បន្ថែមទៀតដើម្បីយើងអាចបន្តរៀបចំឥណទានឡើងវិញដល់អតិថិជន អីចឹងខាងធនាគារជាតិនៃកម្ពុជា បានអនុម័តយល់ព្រមក្នុងការឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា រួមទាំងមីក្រូហិរញ្ញវត្ថុក៏ដូចជាធនាគារ នឹងអាចបន្តរៀបចំឥណទានឡើងវិញដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារកូវីដ ១៩រហូតដល់ពាក់កណ្ដាលឆ្នាំ២០២១»។
លោកស្រីជា សិរី អគ្គនាយិការធនាគារជាតិនៃកម្ពុជា មិនអាចស្នើរសុំការបកស្រាយបានទេក្នុងសប្តាហ៏នេះ។
បើតាមទិន្នន័យដែលផ្ដល់ដោយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានអតិថិជនជាង២៧ម៉ឺននាក់ ហើយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានអនុម័តរៀបចំឥណទានឡើងវិញជូនក្នុងរយៈពេល៨ខែ ដោយគិតចាប់ពីខែមិនា រហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោកកាំង តុងងី បានបន្ថែមថាកម្ចីដែលបានអនុគ្រោះសរុបគឺមានទំហំប្រហែល១៣០០លានដុល្លារអាមេរិក ដោយទិន្នន័យនេះ មិនបានរាប់បញ្ចូលកម្ចីដែលអនុគ្រោះដោយធនាគារនោះទេ គឺរាប់បញ្ចូលតែទិន្នន័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទតែប៉ុណ្ណោះ។
កាលពីខែមិនា ឆ្នាំ២០២០កន្លងទៅ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណ៍ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកចិត្តទុកដាក់លើអតិថិជនដែលប៉ះពាល់ជាក់ស្ដែងដោយសារជម្ងឺកូវីដ ១៩ និងរៀបចំឥណទានឡើងវិញជូនអតិថិជនក្នុងវិស័យអាទិភាពដូចជា វិស័យកាត់ដេរ សំណង់ ទេសចរណ៍ បដិសណ្ឋាកិច្ច ការដឹកជញ្ជូននិងឡូជីស្ទិក។
លោកសុខ វឿន អគ្គនាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC)បានឲ្យដឹងថាគ្រឹះស្ថានរបស់លោកបានរៀបចំឥណទានឡើងវិញជូនអតិថិជនប្រមាណ៥ម៉ឺននាក់ហើយ ដោយក្នុងនោះអតិថិជនមួយភាគធំ ស្ថិតក្នុងវិស័យវិស័យទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងការងារក្រៅប្រព័ន្ធដូចជាអ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ីជាដើម។
លោកបានអះអាងថាគិតត្រឹមខែធ្នូ ឆ្នាំ២០២០នេះ អតិថិជនភាគច្រើនបានត្រលប់មកបង់កម្ចីតាមធម្មតាវិញ ប៉ុន្តែក៏មានអតិថិជនថ្មីមួយចំនួនតូចដែលគាត់ទើបតែស្នើរសុំរៀបចំឥណទានឡើងវិញ។
លោកលើកឡើងថា «យើងនៅតែបន្តរៀបចំឥណទានឡើងវិញតាមការណែនាំរបស់ធនាគារជាតិ យើងអាចបន្តដល់ខែមិថុនា ឆ្នាំ២០២១ ប្រសិនណាបើវាពិតជារងការប៉ះពាល់មែន»។
អ្នកស្រី សេង សុខណា វ័យ៣៣ឆ្នាំ បានឲ្យដឹងថា អ្នកស្រីបានស្នើសុំពន្យាការបង់កម្ចីទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតកាលពីខែមេសា ដោយសារ ស្វាមីអ្នកស្រីដែលធ្វើការនៅឯប្រទេសថៃ ពុំអាចរកចំណូលបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារ។
អ្នកស្រីបាននិយាយថា «គេពន្យាឲ្យខ្ញុំ៣ខែ ព្រោះអី កូវីដអីចឹង ខ្ញុំសុំឡើងតែការទៅគាត់ ក៏ព្រមសំណើខ្ញុំ ចឹងគាត់ក៏ឲ្យទៅ។ នេះដល់ពេលឥឡូវ គេឲ្យឡើងទាំងដើម ទាំងការវិញទៅ ប្រហែលឡើងយឺតទៀតហើយ ព្រោះអី (ប្ដីខ្ញុំ) រកលុយនៅថៃអត់សូវបាន ណាមួយអត់សូវមានការងារធ្វើ»។
អ្នកស្រីបានបន្តថា «ខ្ញុំសុំគាត់ដល់៦ខែ តែគេថាថ្នាក់លើឲ្យបានតែ៣ខែទេ អីចឹងខ្ញុំក៏ថា៣ខែ ក៏៣ទៅ។ ពេលគាត់ពន្យាអីចឹង ខ្ញុំក៏រាងធូរដែរ កាលហ្នឹងខ្ញុំនៅពោះធំផង»។
អ្នកស្រីម៉ន សុខយឿន វ័យ៤៩ឆ្នាំ ជាអាជីវករមួយរូបបានយកកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទំហំ៧ពាន់ដុល្លារអាមេរិក។
អ្នកស្រីបានឲ្យដឹងថាអ្នកស្រីមិនបានស្នើសុំរៀបចំឥណទានឡើងវិញឡើយ បើទោះបីជាការលក់ដូររបស់អ្នកស្រីមានការប៉ះពាល់ក្នុងអំឡុងពេលកូវីដក៏ដោយ។
អ្នកស្រីមានប្រសាសន៍ថា «ខ្ញុំអត់បានសុំពន្យាអីទេ ខ្ញុំគិតថាបើពន្យាទៅនៅតែជំពាក់គេដដែលអីចឹងយើងមានលទ្ធភាពទៅរួច ចេះតែទៅៗ គ្រាន់តែថាសុំពន្យាថ្ងៃបង់»។
អ្នកស្រីបន្តថា «ជួនកាលខ្ញុំតេសុំគាត់ បើខ្ញុំអាចសង្ឃឹមថាបានពីនេះ ពីនោះ កូនឲ្យខ្លះអ៊ីចឹងទៅ ខ្ញុំសុំគាត់យឺត៤ ៥ថ្ងៃ ទៅមួយអាទិត្យ ដល់ថ្ងៃយើងរកបង្គ្រប់ឲ្យគាត់ទៅ»។
អ្នកស្រីម៉ន សុខយឿន ក៏បានសម្ដែងការព្រួយបារម្ភពីស្ថានភាពជម្ងឺកូវីដ ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់អ្នកស្រីជាបន្តបន្ទាប់។
តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បាននិយាយថាគាត់រវល់ហើយមិនអាចឆ្លើយតបបានជាមួយ Newsroom Cambodia។