ចក្រភពអង់គ្លេស និងប្រទេសអៀឡង់ខាងជើង បានសម្រេចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់កម្ពុជា បន្ទាប់ពីមើលឃើញស្ថានភាពធ្ងន់ធ្ងររបស់កម្ពុជាក្នុងវិបត្តិជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌របស់ក្រសួងការបរទេស និងសហប្រត្តិការកម្ពុជា ចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០បញ្ជាក់ថា លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានសម្រេចអនុវត្តគោលនយោបាយពាណិជ្ជកម្មឯករាជ្យ ដោយអនុវត្តការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះតទៅ។
សេចក្តីប្រកាសព័ត៌មាននោះសរសេរក្នុងន័យដើមថា៖ «រដ្ឋមន្រ្តីទាំងអស់របស់អង់គ្លេសបាន សម្រេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធមកលើកម្ពុជាបន្តទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះមានទាំងកម្មកររោងចក្រផងដែរ»។
ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានប្រាប់ Newsroom Cambodia តាមរយៈសារអេឡិកត្រូនិក ឬអ៊ីមែលថា ឯកអគ្គរាជទូតពិតជាបានសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញជាទូទៅ (GSP) ដល់កម្ពុជាមែន។
«ឯកអគ្គរាជទូតបានប្រាប់ទៅឧបនាយករដ្ឋមន្រ្តីថា កម្ពុជានៅតែអាចមានឱកាសក្នុងការនាំទំនិញចេញទៅកាន់ប្រទេសអង់គ្លេសបាន ក្រោមប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញជាទូទៅ (GSP)»។
ស្ថានទូតអង់គ្លេសបានបន្តថា ឯកអង្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាក៏បានបង្ហាញអំពីការព្រួយបារម្ភអំពីបញ្ហាក៏ដូចជាស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពផ្សេងទៀតនៅកម្ពុជាផងដែរ។
«រដ្ឋាភិបាលកម្ពុជាបានយល់ស្របនឹងការលើកឡើងរបស់ឯកអគ្គរាជទូតក្នុងការពិភាក្សាជាទៀងទាត់ជាមួយអាជ្ញាធរកម្ពុជាស្តីពីបញ្ហាដែលទាក់ទងនឹងសិទ្ធិមនុស្ស និងសេរីភាពដទៃទៀត។ ចក្រភពអង់គ្លេសនឹងបន្តជាអ្នកគាំទ្រដ៏រឹងមាំខាងផ្នែកសិទ្ធិមនុស្ស»។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក គឺ២០%ពីកម្ពុជា ដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយគណបក្សសង្រ្គោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំងជាដើម។ ប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ត្រូវបានផ្តល់ទៅឱ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលគោរពស្តង់ដារអន្តរជាតិសម្រាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ចក្រភពអង់គ្លេស នឹងផ្តួចផ្តើមឲ្យមានការផ្តល់ការអនុគ្រោះពាណិជ្ជកម្ម ដូចនឹងប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ នេះបើតាមការផ្សព្វផ្សាយនៅលើវេបសាយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស៕