ចក្រ​ភព​​អង់គ្លេស និង​ប្រទេស​អៀឡង់​ខាងជើង បាន​សម្រេចបន្ត​​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ​​​ទូទៅ​​ដល់​កម្ពុជា​​ បន្ទាប់ពី​មើល​ឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​កម្ពុជា​ក្នុង​​វិបត្តិ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស​កម្ពុជា។​

ក្នុង​សេចក្តីប្រកាសព័ត៌របស់ក្រសួងការបរទេស និងសហប្រត្តិការ​កម្ពុជា ចុះផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​​របស់ខ្លួននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០បញ្ជាក់ថា លោកស្រី​ Tina Redshaw​ ឯក​អគ្គ​រាជ​ទូត​​អង់គ្លេស​​ប្រចាំ​​កម្ពុជា ​បានសម្រេច​អនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ​ ដោយ​អនុវត្ត​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ដល់​កម្ពុជា​​​ ចា​ប់​ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះតទៅ។

សេចក្តី​ប្រកាស​ព័ត៌មាននោះ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «​រដ្ឋមន្រ្តីទាំងអស់​របស់​អង់គ្លេសបាន​ សម្រេចថា​​នឹង​មិន​បន្ត​អនុវត្ត​ការព្យួរ​មួយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហ​ភាព​​អឺរ៉ុប​ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​អនុគ្រោះពន្ធ​លើ​គ្រប់មុខ​ទំនិញ​ទាំងអស់​លើក​លែង​តែ​សព្វាវុធមក​លើ​កម្ពុជា​បន្ត​ទៀត​​ទេ ដោយ​ហេតុ​ថា ចក្រភពអង់គ្លេស​បាន​មើល​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ មក​​លើ​ក្រុម​មនុស្ស​ងាយរង​គ្រោះ​ជាច្រើន​នៃ​សង្គម​កម្ពុជា ដែល​ក្នុ​ងនោះ​មាន​ទាំង​​កម្មករ​រោង​ចក្រ​​ផ​​ង​ដែរ​»។​

ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានប្រាប់ Newsroom Cambodia តាម​រយៈ​សារ​អេឡិក​ត្រូ​និក ឬ​អ៊ី​​មែលថា ឯកអគ្គរាជ​ទូត​ពិតជា​បាន​សម្រេច​ផ្តល់​​​ប្រព័ន្ធអនុគ្រោះពន្ធ​លើ​មុខ​ទំនិញ​ជា​ទូទៅ (GSP) ដល់​កម្ពុជា​មែន។

«ឯកអគ្គរាជទូត​បាន​ប្រាប់ទៅឧបនាយករដ្ឋមន្រ្តី​ថា ​កម្ពុជា​នៅតែ​អាច​មាន​ឱកាស​ក្នុង​ការនាំ​ទំនិញ​ចេញ​ទៅ​កាន់​ប្រទេស​អង់គ្លេស​បាន​ ក្រោមប្រព័ន្ធអនុគ្រោះពន្ធលើ​មុខ​ទំនិញ​ជា​ទូទៅ (GSP)»។

ស្ថានទូតអង់គ្លេសបានបន្តថា ឯកអង្គរាជទូតអង់គ្លេស​ប្រចាំ​នៅកម្ពុជា​ក៏​បាន​បង្ហាញ​អំពី​ការព្រួយ​បារម្ភ​អំពី​បញ្ហា​ក៏​ដូចជា​ស្ថានភាព​សិទ្ធិ​មនុស្ស និង​សេរី​ភាព​ផ្សេងទៀត​​នៅ​កម្ពុជាផង​ដែរ​។

«រដ្ឋាភិបាលកម្ពុជា​បានយល់ស្របនឹងការលើកឡើង​របស់​ឯកអគ្គរាជទូតក្នុង​ការ​​​ពិភាក្សា​ជា​ទៀងទាត់​ជាមួយ​អាជ្ញាធរ​កម្ពុជា​ស្តីពី​បញ្ហា​ដែល​ទាក់ទ​ង​នឹង​សិទ្ធិមនុស្ស និង​សេរីភាព​ដទៃ​ទៀត​។ ចក្រភពអង់គ្លេសនឹងបន្តជាអ្នកគាំទ្រដ៏រឹងមាំខាង​ផ្នែក​សិទ្ធិមនុស្ស»។

កាល​ពី​ខែ​សីហា​  ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA មួយ​ផ្នែក​ គឺ​២០%​ពី​កម្ពុជា​ ​ដោយ​សាររក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ជាដើម។ ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​​ពន្ធ EBA ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​បំផុត​ ដែល​គោរព​ស្តង់ដារ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ (GSP) ​របស់​ចក្រភព​អង់គ្លេស​​ នឹង​ផ្តួចផ្តើម​ឲ្យមាន​ការ​ផ្តល់ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ ដូច​នឹង​ប្រទេស​ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។ នេះ​បើតាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស៕​