ក្រសួងប្រៃសនីយ៍ និងទូរគមន៍នៅសប្តាហ៍នេះ បានប្រកាសឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម (Telegram) ឲ្យមានការប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជន (hacker) ដែលបានធ្វើសកម្មភាពក្លែងបន្លំជានរណាម្នាក់ដើម្បីបញ្ជូនមេរោគតាមសារតេឡេក្រាម ដែលអាចលួចយកទិន្នន័យ និងឯកសារផ្សេងៗរបស់អ្នកប្រើដោយស្វ័យប្រវត្តិ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងប្រៃសនីយ៍ និងទូរគមន៍ បានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានសង្កេត ឃើញមានការបញ្ជូនសារតាមប្រព័ន្ធតេឡេក្រាម ដោយក្លែងបន្លំធ្វើជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ឬនរណាម្នាក់។ នៅពេលដែលអ្នកប្រើប្រាស់ចុកលើសារនោះ មេរោគនឹងស្រូបយកទិន្នន័យ និងលេខសម្ងាត់កម្មវិធីផ្សេងៗ ព្រមទាំងបញ្ជាមាស៊ីនថតរូប ឬឧបករណ៍ថតសំឡេងដើម្បីលួច យកព័ត៌មានរបស់ជនរងគ្រោះ បន្ទាប់មកទៀតឧក្រិដ្ឋជននឹងយកអត្តសញ្ញាណជនគ្រោះទៅបោក បញ្ឆោតអ្នកដទៃផ្សេងទៀត។
ក្រសួងប្រៃសនីយ៍បានបន្ថែមដោយក្រើនរំឮកដល់អ្នកប្រើប្រាស់ប្រព័ន្ធតេឡេក្រាមទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ដោយពុំត្រូវចុចលើតំណរភ្ជាប់ដែលពុំមានប្រភពច្បាស់លាស់ និងត្រូវជៀសវាងការផ្តល់លេខសម្ងាត់គណនីឲ្យទៅនរណាម្នាក់ ឬឃើញមានករណីសង្ស័យលើគណនីតេឡេក្រាមណាមួយមិនប្រក្រតី ត្រូវចុកប្លុកជាបន្ទាន់៕