រដ្ឋាភិបាលជប៉ុនកាលពីសប្តាហ៍មុន បានសម្រេចផ្តល់ជំនួយឥតសំណងចំនួនពីរគម្រោង ដែលមានថវិកាសរុបជាងមួយលានដុល្លារអាមេរិកសម្រាប់ជួយដល់កម្ពុជា ក្នុងការសាងសង់ផ្លូវក្នុងខេត្តកោះកុង ស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង ពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគិរី និងជំនួយសម្រាប់សុខភាពកុមារ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចុះផ្សាយដោយទំព័រហ្វេសបុកស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០បញ្ជាក់ថា ឯកអគ្គរាជទូតជប៉ុនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងតំណាងកម្ពុជា បានព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសរុប ចំនួន៣៩២, ៣៧១ដុល្លារអាមេរិក ដល់អង្គភាពចំនួនបីក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិរបស់ជប៉ុន។
សេចក្តីប្រកាសបន្តទៀតថា គម្រោងទាំងបីនោះមានដូចជាការកែលម្អរផ្លូវថ្នល់ក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង គម្រោងស្តារប្រព័ន្ធធារាសាស្រ្តរោងដំរីខេត្តកំពង់ឆ្នាំង និងគម្រោងពង្រឹងសហគមន៍កសិកម្មនៅស្រុកកោះញែក និងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតសរសេរក្នុងន័យដើមថា៖ «យើងជឿជាក់ថា ជំនួយទាំងនេះនឹងជួយក្នុងការកែលម្អរគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង»។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦២លានដុល្លារអាមេរិកលើគម្រោងចំនួន៦៣៥ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិនៅទូទាំងប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ហិរញ្ញប្បទានឥតសំណងជាថវិកាសរុបចំនួន៩៦៨,៣៩០ដុល្លារអាមេរិកដល់កម្ពុជាសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការពង្រឹងប្រព័ន្ធថែរទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នាក្នុងខេត្តកណ្តាលផងដែរ៕