ក្រសួងបរិស្ថាននៅ​ថ្ងៃ​ចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០​​ បាន​ប្រកាស​​ចាត់​​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ធ្វើ​អាជីវ​កម្ម​​ធំ និង​អ្នកដែល​បំផ្លិច​បំផ្លាញ​​​កេសរ​កូលព្រៃ ដោយ​បញ្ជាក់ថា ប្រមូល​ទិញ និង​ប្រកប​អាជីវកម្ម​នាំ​ចេញ​ទៅ​ឲ្យ​​ឈ្មួញ​បរទេស ថា​អាច​បង្ក​ឲ្យ​ដាច់​ពូជ និង​វិនាស​បាត់​អត្តសញ្ញាណ​​ជាតិ។

យោងតាមទំព័រហ្វេសបុកក្រសួងបរិស្ថាន​កាល​ពី​ថ្ងៃទី២១ ខែ​ធ្នូ​ ឆ្នាំ២០២០ ផ្សាយដោយ​ស្រង់​សម្តី​របស់​ លោក នេត្រ ភក្រ្តា  អ្នក​នាំពាក្យក្រសួងបរិស្ថាន​​ក្នុង​​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​កាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ២០២០​​ថា កេសរកូលព្រៃ គឺជា​ធនធាន​ធម្មជាតិ​ដ៏កម្រ ហើយ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ដែល​ចាំបាច់​ត្រូវ​ថែរក្សា និងអភិរក្ស។ លោក​បន្ថែម​ថា ក្រសួងបរិស្ថានបាន​បង្ហាញការព្រួយបារម្ភ​ចំពោះ​ទំហំ​​ធំ​នៃ​ការបាត់បង់​ពូជ​កេសរកូលព្រៃ ឬ​អ័រគីដេ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ប្រទេសកម្ពុជា ដោយ​សារ​​​ឈ្មួញ​​ក្នុង​ស្រុកកំពុង​​ប្រមូល​ទិញ និង​ប្រកប​អាជីវកម្ម​នាំ​ចេញទៅឲ្យ​ឈ្មួញបរទេស ថា​អាច​បង្ក​ឲ្យ​ដាច់​ពូជ និង​វិនាស​បាត់​អត្តសញ្ញាណ​ជាតិ។

លោកលើកឡើង​ថា៖ «ក្រសួងបរិស្ថាន​សូមប្រកាស​ពី​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ធ្វើ​អាជីវ​កម្ម​​ធំ អ្នកដែល​បំផ្លិចបំផ្លាញ​កេសរ​កូលព្រៃ​ហើយក្រសួង​បរិស្ថាន​បានព្រមាន​រួចហើយ​ចំពោះ​អ្ន​ក​ដែលធ្វើអាជីវកម្មកេសរកូលព្រៃដែលហួសប្រមាណ ដែលឈា​នទៅដល់កម្រិត​បំផ្លិច​បំផ្លាញ​នេះ»។

Newsroom Cambodia មិនអាចសុំការ​ឆ្លើយ​តប​ពី​លោក នេត្រ ភក្រ្តា ពាក់ព័ន្ធ​នឹង​ព័ត៌មាន​លម្អិត​ជុំ​វិញ​ការ​នាំ​ចេញ​កេសរ​កូល​បាន​ទេ។​

លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​ដដែល​បញ្ជាក់​ថា ក្រុមការងារជំនាញបាន​កំណត់​អត្តសញ្ញាណ​ពូជកេសរកូលព្រៃចំនួន ១៧០ប្រភេទ ក្នុងចំណោម​ពូជ​កេសរកូល​ព្រៃដែល​ត្រូវ​បាន​គេប៉ាន់ប្រមាណ មាន​ចន្លោះពី៥០០ ទៅ៧០០ប្រភេទ នៅ​ទូទាំងប្រទេស។

ច្បាប់ស្តីពី តំបន់ការពារធម្មជាតិ មាត្រា៥៩ ត្រង់ចំណុច៣ និង៤ បានចែងថាអ្នកដឹកជញ្ជូន និង​​ប្រមូល​អនុផល ធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងប្រមូល​សន្និធិផល​ អនុផល​ធនធាន​ធម្មជាតិដោយគ្មានការអនុញ្ញាត និង​ត្រូវ​ទទួល​ការពិន័យ​អន្តរការ ជាប្រាក់ពី ១លាន​រៀល ដល់១០លានរៀល ឬត្រូវធ្វើការជួសជុលស្តារការខូចខាត និង​រឹបអូស​វត្ថុតាង​ជា​សម្បត្តិ​រដ្ឋ។

ចំណែកមាត្រា៦១ ចំណុច៤ បានចែងថា ការកាប់ចងរឹត គាស់រម្លឹង កាប់រំលំ ប្រមូល បំផ្លាញ រុករាន និងធ្វើសន្និធិរុក្ខជាតិដែលកំពុងរងគ្រោះថ្នាក់ ឬមានដោយកម្រ និង​ជិត​ផុតពូជ​ដែល​បាន​កំណត់​ដោយ​ប្រកាស​ក្រសួង​បរិស្ថាន​នឹង​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី៣ ដែលអាចជាប់ពន្ធនាគារពី១ឆ្នាំ ទៅ​៥ឆ្នាំ និង/ឬទោសពិន័យជាប្រាក់ពី ១៥លានរៀល ដល់​១៥០​លាន​រៀល៕​