ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចផ្អាកបញ្ជូនពលករតាមរយៈអនុស្សារណៈនៃការយោគយល់ (MoU) និងពលករតាមរដូវកាល ទៅធ្វើការនៅប្រទេសថៃជាបណ្ដោះអាសន្ន បន្ទាប់ពីមានការរាតត្បាតជម្ងឺកូវីដ១៩ នៅខេត្តសាមុតសាខន ប្រទេសថៃ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអំពាវនាវដល់ពលករខ្មែរទាំងអស់ដែលកំពុងធ្វើការនៅប្រទេសថៃត្រូវគោរពតាមការណែនាំ និងចូលរួមសហការជាមួយអាជ្ញាធរថៃដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលបន្តនៃជម្ងឺកូវីដ១៩។
តាមរយៈសេចក្ដីប្រកាសដដែលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានហាមប្រាមពលករខ្មែរដែលស្នាក់នៅប្រទេសថៃកុំឲ្យផ្លាស់ប្ដូរទីកន្លែងស្នាក់នៅ ឬទីកន្លែងធ្វើការពីខេត្តមួយ ទៅខេត្តមួយទៀត និងត្រូវរក្សារអនាម័យ ពាក់ម៉ាស់ លាងដៃឲ្យបានជាប្រចាំទាំងនៅកន្លែងធ្វើការ និងកន្លែងស្នាក់នៅ។
ក្រសួងក៏បានបន្ថែមទៀតថា សម្រាប់ពលករដែលមានកិច្ចការចាំបាច់ត្រូវត្រលប់មកស្រុកកំណើតវិញ ដាច់ខាតត្រូវធ្វើដំណើរចូលប្រទេសកម្ពុជាតាមច្រកណាមួយក្នុងចំណោមច្រកអូរស្មាច់ ច្រកដូង ឬច្រកប៉ោយប៉ែត និងចាំបាច់ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅខេត្តសាមុតសាខននៃប្រទេសថៃ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ ចំនួនជាង ៥០០នាក់ ហើយដែលក្នុងនោះភាគច្រើនជាប្រជាជនភូមាដែលមកធ្វើការនៅខេត្តនោះ៕