ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានសម្រេច​ផ្អាក​​បញ្ជូន​ពលករ​តាម​រយៈអនុស្សារណៈនៃ​ការ​យោគយល់ (MoU)​ និង​ពលករ​តាម​រដូវ​កាល​ ទៅធ្វើការ​នៅប្រទេសថៃ​ជា​បណ្ដោះ​អាសន្ន ​​បន្ទាប់ពី​មាន​ការ​រាតត្បាត​ជម្ងឺ​កូវីដ១៩ នៅខេត្តសាមុតសាខន​​ ​ប្រទេស​ថៃ​។

​សេចក្ដី​ជូន​ដំណឹងរបស់​ក្រសួង​ការងារ​ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈ ចុះថ្ងៃ​ទី២១ ខែធ្នូ​ ឆ្នាំ២០២០ បានអំពាវនាវ​ដល់ពលករខ្មែរទាំងអស់​​ដែល​កំពុង​​ធ្វើការ​នៅប្រទេស​ថៃត្រូវ​គោរព​​តាម​ការ​ណែនាំ ​និង​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​​ការពារ​ និង​ទប់​​ស្កាត់​​ការ​រីក​​រាល​ដាលបន្ត​​​នៃ​ជម្ងឺ​កូវីដ១៩។

តាម​រយៈ​សេចក្ដី​ប្រកាស​ដដែល​នេះ ​ក្រសួងការងារ​ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈក៏បានហាមប្រាម​​ពលករ​ខ្មែរ​ដែលស្នាក់​នៅប្រទេស​ថៃ​កុំ​ឲ្យ​ផ្លាស់​​ប្ដូរ​ទី​កន្លែង​​ស្នាក់​​នៅ ​ឬទីកន្លែងធ្វើការ​ពី​ខេត្ត​មួយ​ ទៅខេត្ត​មួយទៀត និង​ត្រូវ​រក្សារអនាម័យ​ ពាក់ម៉ាស់ លាងដៃឲ្យ​បានជាប្រចាំទាំង​នៅ​កន្លែងធ្វើការ​ និងកន្លែង​ស្នាក់​នៅ។

ក្រសួងក៏បាន​បន្ថែមទៀតថា​ សម្រាប់​ពលករ​ដែលមាន​កិច្ចការ​ចាំបាច់​ត្រូវ​ត្រលប់​មក​ស្រុក​កំណើត​​វិញ​ ដាច់ខាត​ត្រូវ​ធ្វើ​ដំណើរចូល​ប្រទេស​កម្ពុជា​តាម​ច្រកណាមួយក្នុងចំណោម​ច្រកអូរស្មាច់ ច្រកដូង​ ឬច្រក​ប៉ោយប៉ែត និងចាំបាច់​ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។​

គួរបញ្ជាក់​ផង​ដែរ​ថា​ គិតមក​ត្រឹម​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅខេត្តសាមុតសាខននៃប្រទេស​ថៃ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ ​ចំនួន​ជាង ​៥០០​នាក់ ហើយ​ដែលក្នុងនោះ​ភាគ​ច្រើន​ជា​ប្រជា​ជន​ភូមា​ដែល​មក​ធ្វើ​ការ​នៅ​ខេត្តនោះ​៕