ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យកម្ពុជាផ្អាកការសិក្សា និងការប្រឡងជាបន្តបន្ទាប់ជាច្រើនដង ជាពិសេសសិស្សថ្នាក់ទី១២ ជាឆ្នាំដែលត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០មក ក្រសួងអប់រំបានពន្យារពេលប្រឡងម្ដងហើយម្ដងទៀត រហូតដល់សម្រេចមិនមានការប្រឡង ហើយឲ្យជាប់ទាំងអស់ ដោយមិនបានផ្ដល់និទ្ទេស។
ការសម្រេចមិនមានការប្រឡងបាក់ឌុប ហើយឲ្យសិស្សទាំងអស់ជាប់ដោយស្វ័យប្រវត្តិដោយមិនមាននិទ្ទេសក្នុងឆ្នាំ២០២០នេះ បានធ្វើឲ្យសិស្សមួយចំនួនដែលអះអាងថាបានខិតខំប្រឹងប្រែងរៀនសូត្រតាំងពីដើមឆ្នាំមក មានការខកចិត្ត។
កញ្ញា សន រំចង់ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា កញ្ញារៀនថា្នក់វិទ្យាសាស្ត្រពិត ហើយខិតខំប្រឹងប្រែងតាំងពីដើមឆ្នាំដើម្បីប៉ងយកនិទ្ទេស A ប៉ុន្តែកញ្ញាថា ការសម្រេចឲ្យសិស្សទី១២ទាំងអស់ជាប់ដោយមិនមាននិទ្ទេសធ្វើឲ្យកញ្ញាមានការសោកស្ដាយយ៉ាងខ្លាំង ដោយសារមិនបានបញ្ចេញសមត្ថភាពរបស់ខ្លួន។
សិស្សវ័យ១៧ឆ្នាំរូបនេះបញ្ជាក់ថា៖ «អាចនឹងប៉ះពាល់ដល់ខ្ញុំនៅពេលដែលមិនមានការកំណត់និទ្ទេស ពេលទៅសិក្សាថ្នាក់មហាវិទ្យាល័យអាចនឹងបាត់បង់អាទិភាពមួយចំនួន និងគ្មានអ្វីទៅបង្ហាញពេលចង់ដាក់ទៅធ្វើការ»។
ចំណែកកញ្ញា សូត្រ សម្ភស្ស សិស្សទី១២ នៅវិទ្យាល័យសុខអានសំរោង ប្រាប់ថា កញ្ញាខំរៀនទាំងថ្ងៃទាំងយប់គ្មានពេលសម្រាក ដើម្បីចង់បាននិទ្ទេសល្អសម្រាប់អនាគតខ្លួនឯង និងគ្រួសារ។ ប៉ុន្តែកញ្ញាថា កញ្ញាបែរជាត្រូវខកចិត្តចំពោះការមិនបានប្រឡង ដោយក្រសួងអនុញ្ញាតឲ្យជាប់ទាំងអស់ ដែលកញ្ញាថា នេះ ជារឿងអយុត្តិធម៌សម្រាប់អ្នកប្រឹងប្រែងរៀនសូត្រដូចកញ្ញា។
សម្ភស្សលើកឡើងថា៖ «ខ្ញុំបាក់ទឹកចិត្តជាខ្លាំងដែលខំប្រឹងរៀនសូត្រដើម្បីបាននិទ្ទេសល្អ តែបែរជាមិនកំណត់និទ្ទេស»។
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ប្រាប់ Newsroom Cambodia ថា ថ្នាក់ទី១២ជាថ្នាក់បញ្ចប់នៃវិទ្យាល័យរបស់សិស្សដើម្បីឆ្ពោះទៅរកការងារ ឬក៏រៀនបរិញ្ញាបត្របន្តទៀត ដូច្នេះត្រូវតែមានការបញ្ចេញសមត្ថភាព និងការប្រកួតប្រជែងសម្រាប់ពួកគាត់។ លោកស្រីបន្ថែមថា លោកស្រី មិនគាំទ្រចំពោះការជាប់ដោយមិនបាច់ប្រឡងនោះទេ។
លោកស្រីបញ្ជាក់ថា៖ «ការស្រង់ពិន្ទុតាមសាលាគឺមិនសុក្រឹត្យដូចថ្នាក់ជាតិប្រសិនបើមានការប្រឡងតេស្តទូទាំងប្រទេស ប៉ុន្ដែមិនប្រមូលផ្ដុំតែទីរួមខេត្តមួយដូចរាល់ដងទេ យើងធ្វើតាមវិទ្យាល័យមួយៗអីចឹង ខ្ញុំគិតថាជាតេស្តមួយដ៏ល្អប្រសើរបំផុតក្នុងសម័យកូវីដនេះ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដោយមិនបានឆ្លើយសំណួរពីខាង Newsroom Cambodia ពាក់ព័ន្ធនឹងការមិនពេញចិត្តចំពោះការមិនកំណត់និទ្ទេននោះទេ ប៉ុន្តែលោកថា ក្រសួងនឹងជូនដំណឹងបន្ថែមស្ដីពីទិដ្ឋភាពពាក់ព័ន្ធក្នុងពេលឆាប់ៗនេះ។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាកំណត់ឲ្យជាប់ជាស្ថាពរ ចំពោះបេក្ខជនទាំងអស់ (រួមទាំងបេក្ខជនស្វៃរិនបំពេញវិជ្ជា និងស្វៃរិនបំពេញវិជ្ជា) ដែលបានចុះឈ្មោះប្រឡង ក្នុងឆ្នាំសិក្សា២០១៩-២០២០ ដោយគ្មានការកំណត់និទ្ទេស៕