ការរីករាលដាល​ជំងឺ​កូវីដ១៩ បានធ្វើឲ្យ​​កម្ពុជា​ផ្អាក​​ការសិក្សា និង​ការប្រឡង​ជាបន្ត​បន្ទាប់​ជាច្រើន​ដង​ ជាពិសេស​សិស្សថ្នាក់ទី១២ ជា​ឆ្នាំ​ដែល​ត្រូវ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២០​មក ក្រសួងអប់​រំ​​បាន​​​​ពន្យារពេលប្រឡងម្ដងហើយម្ដងទៀត រហូត​ដល់​​​សម្រេច​មិនមានការ​​ប្រឡង​ ហើយ​ឲ្យ​​ជាប់ទាំងអស់ ដោយ​មិន​បាន​ផ្ដល់​និទ្ទេស។

ការ​សម្រេច​មិនមានការ​ប្រឡង​បាក់ឌុប ហើយ​ឲ្យ​សិស្ស​ទាំង​អស់​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិនមាន​និទ្ទេស​​ក្នុង​ឆ្នាំ២០២០​នេះ បាន​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួន​ដែល​​អះអាង​ថា​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​តាំង​ពី​ដើម​ឆ្នាំ​មក​ មានការ​ខក​ចិត្ត​។​

កញ្ញា សន រំចង់ សិស្ស​ថ្នាក់​ទី​១២ នៅវិទ្យាល័យមេសាង ខេត្ត​ព្រៃវែង បានឲ្យ​ដឹងថា ​​កញ្ញា​រៀន​ថា្នក់​វិទ្យាសាស្ត្រពិត ហើយខិតខំប្រឹងប្រែងតាំងពីដើមឆ្នាំ​ដើម្បី​ប៉ង​យក​និទ្ទេស A ប៉ុន្តែ​កញ្ញា​ថា ការ​សម្រេច​ឲ្យ​សិស្ស​ទី​១២​ទាំងអស់​ជាប់​ដោយ​មិនមាន​និទ្ទេស​ធ្វើ​ឲ្យ​កញ្ញា​មានការ​សោកស្ដាយយ៉ាង​ខ្លាំង ដោយសារ​មិន​បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។

សិស្ស​វ័យ​១៧​ឆ្នាំ​រូបនេះ​បញ្ជាក់​ថា៖​ «អាចនឹង​ប៉ះពាល់​ដល់​ខ្ញុំ​នៅពេល​ដែល​មិនមាន​ការកំណត់​និទ្ទេស​ ពេល​ទៅសិក្សា​ថ្នាក់​មហា​វិទ្យាល័យ​​អាច​នឹង​បាត់បង់​អាទិភាព​មួយ​ចំនួន និង​គ្មាន​អ្វី​ទៅ​បង្ហាញ​ពេល​ចង់​ដាក់​ទៅ​ធ្វើការ​»។

ចំណែក​កញ្ញា សូត្រ សម្ភស្ស សិស្សទី​១២ នៅវិទ្យាល័យសុខអានសំរោង ប្រាប់​ថា កញ្ញា​ខំរៀន​ទាំងថ្ងៃ​ទាំងយប់​គ្មាន​ពេល​សម្រាក ដើម្បី​ចង់​បាន​និទ្ទេសល្អ​សម្រាប់​អនាគត​ខ្លួន​ឯង និងគ្រួសារ។ ប៉ុន្តែ​កញ្ញាថា កញ្ញា​បែរ​ជា​ត្រូវ​ខកចិត្ត​ចំពោះការ​មិន​បាន​ប្រឡង ដោយ​​ក្រសួង​អនុញ្ញាតឲ្យ​​ជាប់​ទាំងអស់ ដែល​កញ្ញា​ថា នេះ​ ជារឿង​អយុត្តិធម៌​សម្រាប់​អ្នក​ប្រឹងប្រែង​រៀនសូត្រដូចកញ្ញា។

សម្ភស្ស​លើកឡើងថា៖ «​ខ្ញុំបាក់ទឹកចិត្ត​ជា​ខ្លាំង​ដែល​ខំប្រឹង​រៀន​សូត្រ​ដើម្បី​បាន​និទ្ទេស​ល្អ តែ​បែរ​ជា​មិន​កំណត់​និទ្ទេស»។

លោកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគមគ្រូបង្រៀនឯករាជ្យ ប្រាប់ Newsroom Cambodia​ ថា ថ្នាក់ទី១២​ជាថ្នាក់​បញ្ចប់នៃ​វិទ្យាល័យរបស់សិស្ស​​ដើម្បី​ឆ្ពោះ​ទៅ​រក​ការងារ ឬក៏​រៀ​ន​បរិញ្ញាបត្រ​បន្ត​ទៀត ដូច្នេះ​ត្រូវ​តែ​មានការបញ្ចេញ​សមត្ថភាព និង​ការប្រកួត​ប្រជែង​សម្រាប់​ពួកគាត់។ លោកស្រី​បន្ថែម​ថា​ លោកស្រី មិនគាំទ្រ​ចំពោះ​ការជាប់​ដោយ​មិន​បាច់​ប្រឡង​​នោះ​ទេ។

លោក​ស្រី​បញ្ជាក់ថា៖ «ការស្រង់ពិន្ទុ​តាមសាលា​គឺ​មិន​សុក្រឹត្យ​ដូច​ថ្នាក់​ជាតិ​ប្រសិន​បើ​មាន​ការប្រឡង​តេស្តទូទាំង​ប្រទេស ប៉ុន្ដែ​មិន​ប្រមូល​ផ្ដុំ​តែ​ទីរួម​ខេត្ត​មួយ​ដូច​រាល់​ដង​ទេ យើង​ធ្វើតា​ម​វិទ្យាល័យមួយៗអី​ចឹង ខ្ញុំ​គិត​ថា​ជាតេស្ត​មួយ​ដ៏​ល្អប្រ​សើរ​បំផុត​ក្នុងសម័យកូវីដនេះ​»។

លោក រស់ សុវាចា អ្នក​នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដោយ​មិន​បាន​ឆ្លើយ​សំណួរ​ពី​ខាង Newsroom Cambodia ពាក់ព័ន្ធ​នឹង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​មិនកំណត់​និទ្ទេន​នោះ​ទេ ប៉ុន្តែលោកថា ក្រសួង​នឹង​ជូនដំណឹង​បន្ថែម​ស្ដី​ពី​ទិដ្ឋភាព​ពាក់ព័ន្ធ​ក្នុង​ពេល​ឆាប់ៗ​នេះ។

កាល​​ពី​ថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២០ ក្រសួង​អប់រំ យុវជន និងកីឡាកំណត់​ឲ្យ​ជាប់​ជា​ស្ថាពរ ចំពោះ​បេក្ខជន​ទាំង​អស់ (រួមទាំង​បេក្ខជន​ស្វៃរិនបំពេញវិជ្ជា និង​ស្វៃរិន​បំពេញវិជ្ជា) ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង ក្នុងឆ្នាំសិក្សា២០១៩-២០២០ ដោយគ្មានការកំណត់និទ្ទេស៕