សម្ព័ន្ធអ្នកសាព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា នៅថ្ងៃទី២២ ខែធ្នូ នេះ បង្ហាញការព្រួយបារម្ភចំពោះការសម្រេចរបស់តុលាការកាត់ទោស លោក សុខ ឧត្តម ម្ចាស់ស្ថានីយ៍វិទ្យុ និងគេហទំព័ររិទ្ធីសែន ឱ្យជាប់ពន្ធនាគារចំនួន២០ខែ ថាជាការធ្វើទុក្ខបុកម្នេញបន្ថែមទៀតលើអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានផ្សាយបន្តផ្ទាល់ពីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងមន្ត្រីយោធា នៅខេត្តកំពង់ឆ្នាំង។
ក្នុងសេចក្តីថ្លែងការណ៍ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានស្រង់សម្តីរបស់លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាថា ការសម្រេចឱ្យ លោក សុខ ឧត្តម មានទោស បង្ហាញថា អ្នកសារព័ត៌មានដែលហ៊ានផ្សព្វផ្សាយ និងរាយការណ៍ព័ត៌មានដែលប៉ះពាល់ផលប្រយោជន៍របស់មន្ត្រីយោធា និងអ្នកមានអំណាច គឺនៅតែទទួលរងការធ្វើទុក្ខបុកម្នេញតាមរយៈប្រព័ន្ធតុលាការដែលប្រើច្បាប់ព្រហ្មទណ្ឌ ជាជាងប្រើប្រាស់ច្បាប់ស្ដីពីរបបសារព័ត៌មាន។
លោកបញ្ជាក់ថា៖ «យើងបារម្ភថា យន្តការតាមដាននឹងជំរុញយុត្តិធម៌សង្គម និងមិនត្រូវបានពង្រឹង»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ លើកឡើងថា ក្រសួងគាំទ្រសមត្ថកិច្ចរបស់ស្ថាប័នតុលាការក្នុងការសម្រេចក្ដីទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ លោកបន្ថែមថា ចំណាត់ការនេះគឺជាការអនុវត្តច្បាប់ មិនមែនជាការគំរាមកំហែង ឬបំភិតបំភ័យទៅដល់បុគ្គលណាម្នាក់នោះទេ។
លោកបន្ថែមថា៖ «ប្រសិនបើជនជាប់ចោទ ឬបុគ្គលដែលត្រូវបានគេអនុវត្តច្បាប់នោះយល់ឃើញថា ការអនុវត្តនោះវាមិនត្រឹមត្រូវ អយុត្តិធម៌សម្រាប់ខ្លួន ខ្លួនអាចដាក់ពាក្យប្ដឹងជំទាស់នឹងការសម្រេចហ្នឹង ទៅតាមនីតិវិធីផ្លូវច្បាប់ដែលមានចែងជាធរមានទៅ»។
លោក មាស សុភ័ណ្ឌបានបន្ថែមថា ប្រសិនបើស្ថាប័ន ឬអង្គការណាមួយយល់ឃើញថា ការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ចលើបុគ្គលណាម្នាក់ ថាមានភាពអយុត្តិធម៌ អង្គការនោះអាចជួយជំនួយផ្លូវច្បាប់ទៅដល់បុគ្គលនោះដើម្បីប្ដឹងតវ៉ាជំទាស់។
លោកបញ្ជាក់ថា៖ «គាត់យល់ឃើញថាការអនុវត្តហ្នឹងមិនត្រឹមត្រូវទេ គឺគាត់អាចផ្ដល់ជាជំនួយផ្លូវច្បាប់ ដើម្បីប្ដឹងជំទាស់ទៅនឹងការសម្រេចនានារបស់ស្ថាប័នមានសមត្ថកិច្ចទៅតាមនីតិវិធីទៅ»។
លោក សុខ ឧត្តម ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា និងត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅពន្ធនាគារខេត្តកំពង់ឆ្នាំង បន្ទាប់ពីលោកផ្សាយបន្តផ្ទាល់ពីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងមន្ត្រីយោធានៅក្នុងមូលដ្ឋាន ឃុំជាប់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលពីទី១២ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ជាមួយនឹងក្រុមសាព័ត៌មានមកពីស្ថានប័នព័ត៌មានផ្សេងៗទៀតជាច្រើន។ លោកត្រូវបានចោទប្រកាន់ពី «បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕