គណបក្សប្រជាជនកម្ពុជា ហៅកាត់ថា CPP បានតែងតាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មការកណ្ដាល ទៅតាមសំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាលរបស់បក្ស។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា។
សេចក្តីសម្រេចស្តីពីការតែងតាំងដំឡើងឋានៈមន្រ្តីគណបក្ស ចេញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ធ្វើឡើងដោយលោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។
ក្នុងលិខិតតែងតាំងនោះ លោក សាយ ឈុំ លើកឡើងថា គណៈអចិន្ត្រៃយ៍សម្រេចដំឡើងឋានៈលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលតាមសំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត លើកឡើងថា មូលហេតុនៃការតែងតាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈកម្មការមហាជនរបស់គណបក្សប្រជាជនកម្ពុជា គឺផ្អែកទៅលើសំណូមពរការងារនយោបាយចាំបាច់របស់គណបក្ស។
លោកបន្ថែមថា៖ «យើងដឹងហើយថា គណបក្សប្រជាជនមានត្រៀមលក្ខណៈម្ចាស់ការក្នុងការរៀបចំជួរមន្រ្តីវ័យក្មេងដែលយើងហៅថា ទំពាំងស្នងឬស្សី ដើម្បីបន្តដឹកនាំឱ្យប្រទេសជាតិតទៅអនាគត វែងឆ្ងាយតទៅទៀត។ អីចឹងទេយើងគ្មានពឹងពាក់ ក្រៅពីជួយយុវជនទេ អីចឹងគឺគ្រប់គណបក្សនយោបាយទាំងអស់គេសុទ្ធតែមានតួនាទីក្នុងការកសាងជួយយុវជនដើម្បីបន្តវេនរបស់ខ្លួន»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការដំឡើងមុខតំណែងលោក ហ៊ុន ម៉ាណែត ហាក់ដូចជាលឿនខុសប្រក្រតី ហើយលោកថា វាអាចជាដំណើរការរៀបចំបេក្ខភាពនាយករដ្ឋមន្រ្តីនៅពេលអនាគត។
លោកថា៖ «ជាទូទៅ មិនមែនតែខ្ញុំទេ ជាមតិសាធារណៈជនទូទៅ យើងឃើញថាការដំឡើងឋាន្តរស័ក្តរបស់ឯកឧត្តម ហ៊ុន ម៉ាណែត គឺលឿនខុសពីប្រក្រតី ដូច្នេះ នេះជាដំណើរការមួយរៀបចំខ្លួនដើម្បីឱ្យលោក ហ៊ុន ម៉ាណែត អាចមានលទ្ធភាពកាន់តំណែងបេក្ខភាពនាយករដ្ឋមន្រ្តីនៅពេលខាងមុន នេះជាការយល់ឃើញរបស់ខ្ញុំ»។
លោកក៏បានឆ្លើយតបជាមួយនឹងការលើកឡើងរបស់លោក សុខ ឥសាន្ត ដែលថាគណបក្សប្រជាជនបានចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់អ្នកដឹកនាំវ័យក្មេង ដែលជាទំពាំងស្នងឬស្សីថា៖ «វាជានិរន្តភាពគណបក្សនយោបាយ ហ្នឹងមិនមានធំអីទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំ ចង់ឃើញសម្រាប់អ្នកដឹកនាំគណបក្សប្រជាជនជំនាន់ក្រោយថាតើនឹងអាចធ្វើការកំណែទម្រង់ដើម្បីជាតិ និងបញ្ហាសង្គមទាំងឡាយដែលកំពុងកើតមានដូចជា បញ្ហាដីធ្លី បញ្ហាពុករលួយ ហើយយើងហៅថាធ្វើយ៉ាងណាឱ្យប្រទេសមួយមាននីតិរដ្ឋពិតប្រាកដ កុំឱ្យមានតែឈ្មោះ ហើយមានអ្នកនៅក្នុង និងអ្នកនៅខាងក្រៅច្បាប់ »។
កាលពីខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាសហរដ្ឋអាមេរិក West Point និងមានតំណែងជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
កាលពីពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាឪពុក ក៏បានបង្ហើបថា លោក ហ៊ុន ម៉ា ណែត អាចជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្ទាប់ពីលោកផងដែរ៕