សាលាដំបូងខេត្តព្រះសីហនុ កាលថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២០ បានផ្ដន្ទាទោសបុរសជាឪពុកដែលមានអាយុ៤១ឆ្នាំពីបទរំលោភសេពសន្ថវៈទៅលើកូនស្រីរបស់ខ្លួនដែលមានអាយុ១២ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសកម្មភាពដើម្បីកុមារ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសកម្មភាពដើម្បីកុមារ ចេញនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថា ហេតុការណ៍នៃការរំលោភកូនស្រីខ្លួនឯងនេះបានកើតឡើងនៅពេលដែលម្ដាយក្មេងស្រីរងគ្រោះទុកកូនៗនៅជាមួយឪពុក ដោយម្ដាយបានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៩ រហូតមកដល់ខែមករា ឆ្នាំ២០២០។ សេចក្តីប្រកាសដដែលបន្ថែមថា ស្រ្ដីដែលជាម្ដាយក្មេងស្រីរងគ្រោះបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយដឹងថាប្ដីរបស់ខ្លួនបានរំលោភកូនស្រីបង្កើតខ្លួនឯង ក៏បានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនប្ដីយកទៅចាត់ការតាមច្បាប់។
លោក ឃឹម វ៉ាន់ដូ ជាអ្នកឯកទេសផ្នែកគាំពារកុមារនៅអង្គការសកម្មភាពដើម្បីកុមារ ប្រាប់ Newsroom Cambodia តាមរយៈប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ថា កុមារីរងគ្រោះត្រូវបានបញ្ជូនទៅខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ហើយខាងមន្ទីរនឹងក៏បានធ្វើការនៅក្នុងមូលដ្ឋានជាមួយអង្គការម្លប់តាប៉ាង និងអង្គការសកម្មភាពដើម្បីកុមារ ដែលផ្ដល់ជាការគាំពារ និងផ្ដល់ការគាំទ្រពីផ្នែកច្បាប់។
លោកក៏បានបន្ថែមថា៖ «ក្នុងអំឡុងពេលដែលគាត់ចូលរួមក្នុងនីតិវិធីមានន័យថាការគាំទ្រមួយចំនួនត្រូវបានផ្ដល់ជូនគាត់ ដើម្បីឲ្យគាត់អាចចូលរួមបានគ្រប់នីតិវិធី ដែលទាក់ទងផ្នែកប្រឹក្សាផ្ដល់យោបល់ផ្លូវអារម្មណ៍ និងប្រឹក្សាផ្នែកច្បាប់ផងដែរ ដូចជាផ្ដល់មេធាវីដោយមិនគិតកម្រៃ»។
លោក ប៊ុន ហេង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់ Newsroom Cambodia តាមរយៈប្រព័ន្ធតេលេក្រាមថា លោកមិនទាន់អាចស្វែងរកករណីនេះដើម្បីផ្ដល់ព័ត៌មានបាននៅឡើយទេ៕