សាលាដំបូងខេត្តព្រះសីហនុ កាលថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២០ បានផ្ដន្ទា​ទោស​បុរសជាឪពុក​​ដែល​មាន​អាយុ៤​១ឆ្នាំ​ពី​បទរំលោភសេព​សន្ថវៈ​ទៅ​លើ​កូនស្រី​របស់​ខ្លួន​ដែល​មាន​អាយុ​១២ឆ្នាំ ឲ្យ​ជាប់​ពន្ធនា​គារ​​រយៈពេល​៧ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​អង្គការសកម្មភាពដើម្បីកុមារ។​

​​​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​​អង្គការសកម្មភាពដើម្បីកុមារ ​ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ២០២០​​ បញ្ជាក់​ថា ហេតុការណ៍​នៃ​ការ​រំលោភ​កូន​ស្រី​ខ្លួន​ឯង​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ម្ដាយ​ក្មេងស្រី​រង​គ្រោះ​​ទុក​កូនៗនៅ​ជាមួយ​ឪ​ពុក ដោយ​ម្ដាយ​បានចេញទៅធ្វើការនៅ​ប្រទេសម៉ាឡេស៊ីកា​លពី​ឆ្នាំ២០១៩ រហូត​មក​ដល់​ខែមករា ឆ្នាំ២០២០។ សេចក្តីប្រកាស​ដដែល​បន្ថែម​ថា  ស្រ្ដី​ដែល​ជាម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ត្រឡប់​មក​ប្រទេសកម្ពុជាវិញ ហើយ​ដឹងថា​ប្ដី​របស់​ខ្លួន​បាន​រំលោភ​កូនស្រី​បង្កើត​ខ្លួន​ឯង ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិ​ច្ចចាប់​ខ្លួន​ប្ដី​យក​ទៅ​ចាត់​ការ​តាម​ច្បាប់។

លោក ឃឹម វ៉ាន់ដូ ជាអ្នកឯកទេសផ្នែកគាំពារកុមារនៅអង្គការសកម្មភាពដើម្បីកុមារ ​ប្រាប់ ​​​​Newsroom Cambodia តាមរយៈប្រព័ន្ធទូរស័ព្ទ កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០​ថា កុមារីរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត​ព្រះសីហនុ ហើយ​ខាង​មន្ទីរ​នឹង​ក៏​បាន​ធ្វើការ​នៅ​ក្នុង​មូលដ្ឋាន​ជាមួយ​អង្គការ​ម្លប់​តាប៉ាង និង​អង្គការ​សកម្មភាព​ដើម្បី​កុមារ ដែល​ផ្ដល់​ជា​ការ​គាំពារ និង​ផ្ដល់​ការគាំទ្រ​ពី​ផ្នែក​ច្បាប់​។

លោកក៏បានបន្ថែមថា៖​ «​ក្នុង​អំឡុង​ពេល​ដែល​គាត់​ចូលរួម​ក្នុង​នីតិវិធី​មាន​ន័យ​ថា​ការគាំទ្រ​មួយ​ចំនួន​ត្រូវ​បាន​ផ្ដល់​ជូន​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ចូលរួ​ម​បាន​គ្រប់​នីតិវិធី ដែល​ទាក់ទង​ផ្នែក​ប្រឹក្សា​ផ្ដល់​យោបល់​ផ្លូវ​អារម្មណ៍ និង​ប្រឹក្សា​ផ្នែក​ច្បាប់ផង​​ដែរ ដូចជា​ផ្ដល់​មេធាវី​ដោយមិន​គិតកម្រៃ»។

លោក ប៊ុន ហេង ​ព្រះរាជអាជ្ញារងសាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​បានប្រាប់ Newsroom Cambodia តាមរយៈ​ប្រព័ន្ធ​តេលេក្រាម​ថា លោក​មិន​ទាន់​អាច​ស្វែង​រក​​ករណី​នេះ​ដើម្បី​​ផ្ដល់​ព័ត៌មាន​បាន​​នៅ​ឡើយ​ទេ៕