លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា កម្ពុជាបានចាប់ផ្តើមផលិតដំណក់ប្រេងដំបូងរបស់ខ្លួន នៅក្នុងប្លុក A នៃឈូងសមុទ្រថៃ បន្ទាប់ពីមានការពន្យាពេលជាច្រើនឆ្នាំមកហើយ។
លោកហ៊ុន សែន បាននិយាយតាមទំព័រហ្វេសបុកផ្ទាល់ខ្លួនថា «ចូលឆ្នាំសកលថ្មី ២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង»
រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពី២០១៧ ដើម្បីអភិវឌ្ឍតំបន់ដែលមានទំហំ ៣.០៨៣ គីឡូម៉ែត្រក្រឡា ក្នុងឈូងសមុទ្រថៃដែលគេស្គាល់ថាប្លុក A។
យោងតាមកិច្ចព្រមពៀង រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន ៥% នៅក្នុងការបណ្តាក់ទុនជាមួយក្រុមហ៊ុន KrisEnergy ដែលធ្លាប់បានអះអាងកាលពីឆ្នាំ២០១៧ថា កម្ពុជានឹងទទួលបានប្រមាណជា៥០០លានដុល្លារ ជាថ្លៃពន្ធ និងផ្សេងៗ។
លោកហ៊ុន សែនបានបន្តថាកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការផលិតប្រេងនេះរួមមានចំណូលចូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្ម ក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅលើវិស័យនេះ។
លោកបាននិយាយផងដែរថា នេះក៏ជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល៕