ស្នងការនគរបាលខេត្តព្រះសីហនុ លោកជួន ណារិន្ទ បានអះអាងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា ការស្លាប់ជនជាតិអង់គ្លេស Amelia Bambridge កាលពីឆ្នាំ ២០១៩ គឺមិនមែនជាករណីសម្លាប់ ឬរំលោភទេ បន្ទាប់ពីមានរបាយការណ៍ព័ត៌មានថ្មីនេះថាបានរកឃើញជាតិថ្នាំសណ្តំ នៅក្នុងរាងកាយរបស់នាងមុនពេលស្លាប់។
យុវតីអាយុ២១ឆ្នាំ Amelia Bambridge ត្រូវបានអាជ្ញាធររកឃើញអណ្តែតលើផ្ទៃសមុទ្រ នៅចម្ងាយប្រហែលជា៨០គីឡូម៉ែត ពីកន្លែងដែលនាងបាត់ខ្លួនរាប់ថ្ងៃមក កាលពីឆ្នាំមុន។ មន្ត្រីកម្ពុជានៅពេលនោះត្រូវបានគេរាយការណ៏និយាយថា នាងបានស្លាប់ដោយសារលង់ទឹក។
សារព័ត៌មាន Daily Mirror ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កាលពីសប្តាហ៍មុនបានបង្ហាញរបាយការណ៍ធ្វើកោសល្យវិច្ឆ័យថា Amelia មានសារធាតុថ្នាំញៀន GHB ដែលត្រូវបានគេស្គាល់ជាទូទៅថាជាថ្នាំរំលោភសេពសន្ថវៈ នៅក្នុងប្រព័ន្ធរាងកាយរបស់នាងនៅពេលយប់ដែលនាងបានបាត់ខ្លួននៅលើកោះរ៉ុងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
សារព័ត៌មានដដែលបានបញ្ជាក់ថាថ្នាំញៀនត្រូវបានកំណត់អត្តសញ្ញាណរួចហើយ បន្ទាប់ពីអ្នកស្រាវជ្រាវទីក្រុងឡុងដុនរកឃើញនៅលើសំណាកឆ្អឹងដែលបានបញ្ជូនទៅអង់គ្លេសវិញ។
អត្ថបទដដែល បានបន្តថាលទ្ធផលតេស្តករណីនៃការរកឃើញនេះក៏បានបញ្ជូនមកកាន់អាជ្ញាធរខ្មែរដែលធ្វើការពាក់ព័ន្ធនៅលើរឿងនេះ កាលពីមីនាឆ្នាំ២០២០ ក៏ប៉ុន្តែក្រុមគ្រួសារនៃសពមិនបានទទួលចម្លើយឆ្លើយតបពីអាជ្ញាធរកម្ពុជានោះទេ។
ឆ្លើយតបទៅលើករណីនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា ករណីនេះមិនពាក់ព័ន្ធនឹងការរំលោភ ឬសម្លាប់ទេ។
«យើងបានស្រាវជ្រាវនៅទីនេះលម្អិតថា វាមិនមានករណីពាក់ព័ន្ធនឹងករណីឃាតកម្ម ឬចាប់រំលោភអីទេ»។
លោក ជួន ណារិន្ទ ក៏បានប្រាប់អ្នកសារព័ត៌មានឲ្យទៅសួរលោកឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បន្ថែម។
លោកឆាយ គឹមឃឿន បានប្រាប់ Newsroom Cambodia ថាករណីយុវតីស្លាប់នេះគឺដោយការលង់ទឹកហើយបានបន្តថាអង់គ្លេសគួរទាក់ទងមកសមត្ថកិច្ចកម្ពុជាដើម្បីបើកការស្រាវជ្រាវបន្ថែម។
«ខ្ញុំមិនទាន់បានទទួលឯកសារផ្លូវការណាមួយពីលទ្ធផលស៊ើបអង្កេតថាមានថ្នាំសំរើបអីហ្នឹងទេ។ ហើយកន្លងមកសមត្ថកិច្ចកម្ពុជាក៏បានធ្វើការជាមួយសមត្ថកិច្ចរួចមកហើយមុននឹងរកឃើញសាកសពហ្នឹង»។
លោកបានបន្តថា «យើងបានធ្វើកោសលវិច្ឆ័យហើយតើ យើងមិនពូកែជាងគេលើពិភពលោកទេ តែយ៉ាងហោចណាស់សមត្ថភាពបំពេញកោសលវិច្ឆ័យរបស់ខ្ញុំអាចកំណត់ថ្នាក់បាន ព្រោះយើងក៏មានទីប្រឹក្សាពីបរទេសជួយធ្វើការកោសលវិច្ច័យរឿងហ្នឹង»៕