ស្នងការនគរបាលខេត្តព្រះសីហនុ លោកជួន ណារិន្ទ បានអះអាងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា ការស្លាប់ជនជាតិអង់គ្លេស Amelia Bambridge កាលពីឆ្នាំ ២០១៩ គឺមិនមែនជាករណីសម្លាប់ ឬរំលោភទេ បន្ទាប់ពីមានរបាយការណ៍ព័ត៌មានថ្មីនេះថាបាន​រកឃើញជាតិថ្នាំសណ្តំ នៅក្នុងរាងកាយរបស់នាងមុនពេលស្លាប់។

យុវតីអាយុ២១ឆ្នាំ Amelia Bambridge​ ត្រូវបានអាជ្ញាធររកឃើញអណ្តែតលើផ្ទៃសមុទ្រ នៅចម្ងាយប្រហែលជា៨០គីឡូម៉ែត ពីកន្លែងដែលនាងបាត់ខ្លួនរាប់ថ្ងៃមក​ កាលពីឆ្នាំមុន។ មន្ត្រីកម្ពុជានៅពេលនោះត្រូវបានគេរាយការណ៏និយាយថា នាងបានស្លាប់ដោយសារលង់ទឹក។

សារព័ត៌មាន Daily Mirror ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស កាលពី​សប្តាហ៍​មុនបានបង្ហាញ​រ​បាយ​ការណ៍​ធ្វើ​កោសល្យ​វិ​ច្ឆ័​យថា Amelia មាន​សារធាតុ​ថ្នាំញៀន GHB ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ថ្នាំ​រំលោភ​សេពសន្ថវៈ​ ​​នៅក្នុង​ប្រព័ន្ធ​រាងកាយ​របស់​នាង​នៅពេល​យប់​ដែល​នាង​បាន​បាត់​ខ្លួន​នៅលើ​កោះរ៉ុង​នៅ​ថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០១៩។

សារព័ត៌មានដដែលបានបញ្ជាក់ថាថ្នាំញៀនត្រូវបានកំណត់អត្តសញ្ញាណរួចហើយ បន្ទាប់ពីអ្នកស្រាវជ្រាវទីក្រុងឡុងដុនរកឃើញនៅលើសំណាកឆ្អឹងដែលបានបញ្ជូនទៅអង់គ្លេសវិញ។

អត្ថបទដដែល បានបន្តថាលទ្ធផលតេស្តករណីនៃការរកឃើញនេះក៏បានបញ្ជូនមកកាន់អាជ្ញាធរខ្មែរដែលធ្វើការពាក់ព័ន្ធនៅលើរឿងនេះ កាលពីមីនាឆ្នាំ២០២០ ក៏ប៉ុន្តែក្រុមគ្រួសារនៃសពមិនបានទទួលចម្លើយឆ្លើយតបពីអាជ្ញាធរកម្ពុជានោះទេ។

ឆ្លើយតបទៅលើករណីនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា ករណីនេះមិនពាក់ព័ន្ធនឹងការរំលោភ ឬសម្លាប់ទេ។

«យើងបានស្រាវជ្រាវនៅទីនេះលម្អិតថា វាមិនមានករណីពាក់ព័ន្ធនឹងករណីឃាតកម្ម ឬចាប់រំលោភអីទេ»។

លោក ជួន ណារិន្ទ ក៏បានប្រាប់អ្នកសារព័ត៌មានឲ្យទៅសួរលោកឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បន្ថែម។

លោកឆាយ គឹមឃឿន បានប្រាប់ Newsroom Cambodia ថាករណីយុវតីស្លាប់នេះគឺដោយការលង់ទឹកហើយបានបន្តថាអង់គ្លេសគួរទាក់ទងមកសមត្ថកិច្ចកម្ពុជាដើម្បីបើកការស្រាវជ្រាវបន្ថែម។

«ខ្ញុំមិនទាន់បានទទួលឯកសារផ្លូវការណាមួយពីលទ្ធផលស៊ើបអង្កេតថាមានថ្នាំសំរើបអីហ្នឹងទេ។ ហើយកន្លងមកសមត្ថកិច្ចកម្ពុជាក៏បានធ្វើការជាមួយសមត្ថកិច្ចរួចមកហើយមុននឹងរកឃើញសាកសពហ្នឹង»។

លោកបានបន្តថា «យើងបានធ្វើកោសលវិច្ឆ័យហើយតើ យើងមិនពូកែជាងគេលើពិភពលោកទេ តែយ៉ាងហោចណាស់សមត្ថភាពបំពេញកោសលវិច្ឆ័យរបស់ខ្ញុំអាចកំណត់ថ្នាក់បាន ព្រោះយើងក៏មានទីប្រឹក្សាពីបរទេសជួយធ្វើការកោសលវិច្ច័យរឿងហ្នឹង»៕