នៅក្នុងឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី លោក កឹម សុខា អតីតប្រធានគណបក្យជំទាស់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានបួងសួងឲ្យមានការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស និងសុំឲ្យកម្ពុជារួចផុតពីអំពើអកុសលផ្សេងៗ រួមមានការឈឺចាប់ ភាពអវិជ្ជមាន ភាពអយុត្តិធម៌ និងសេចក្ដីទុក្ខទាំងឡាយ។
តាមរយៈហ្វេសប៊ុក លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានសរសេរដូច្នេះថា «សូមឲ្យឆ្នាំថ្មី២០២១នេះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិ ដែលនឹងផ្តល់នូវសន្តិភាព ស្ថិរភាពរឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរយើង ដើម្បីកសាងវាសនាអនាគតថ្លៃថ្នូរ សម្បូររុងរឿង និងដើម្បីរួមគ្នាបម្រើ ការពារ ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍន៍ មាតុភូមិកម្ពុជាប្រកបដោយចីរភាព និងកិត្តិយស»។
បានបានបន្តថា «សូមឲ្យឆ្នាំចាស់ពីរពាន់ម្ភៃ (២០២០) ដែលត្រូវបញ្ចប់ថ្ងៃនេះ នាំយកទៅឲ្យផុតរលត់ពីភពផែនដី ជាពិសេស ពីមាតុភូមិកម្ពុជា នូវគ្រោះភ័យ ជំងឺរាតត្បាត អំពើអកុសល ដែលបណ្តាលឲ្យមានការឈឺចាប់ ភាពអវិជ្ជមាន ភាពអយុត្តិធម៌ ជាសេចក្តីទុក្ខទាំងឡាយ ទោះបីបង្កដោយធម្មជាតិក្តី ឬដោយមនុស្សលោកក្តី កុំឲ្យកើតមាននិងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរតទៅទៀត»។
លោកកឹម សុខា ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៧ ហើយគណបក្សរបស់លោកត្រូវបានតុលាការកំពូលរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ដែលគណបក្សកាន់អំណាចឈ្នះគ្រប់អាសនៈនៅក្នុងសភា។
លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ជាបទចោទដែលលោកបានបដិសេដចោល។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រាប់ Newsroom Cambodia តាមរយៈប្រព័ន្ធទូរស័ព្ទថា នេះគ្រាន់តែជាយោបល់ និងការគិតឃើញរបស់លោកកឹម សុខាទេ ក៏ប៉ុន្តែ «ចំពោះករណីគាត់វាកំពុងតែស្ថិតក្នុងនីតិវិធីរបស់តុលាការ មិនអាចទៅបន់ស្រង់ ឬមួយមិនអាចជូនពរចូលឆ្នាំថ្មី វារួចខ្លួនទេ»។