ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០​ បានពិភាក្សារៀបចំយុទ្ធសាស្ត្រ និងសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីជំរុញការនាំចេញទៅប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ត្រូវបានចុះហត្ថលេខាកាលពីតុលា​ឆ្នាំមុន។

ប្រទេសចិន និងប្រទេសកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយពន្ធ និងជំរុញការនាំចេញទៅកាន់ទីផ្សាររៀងៗខ្លួន បន្ទាប់ពីការចរចារអស់រយៈពេលប្រហែលមួយឆ្នាំ​ប៉ុណ្ណោះ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា​ ការសិក្សានេះគឺដើម្បីបង្កើតជាយុទ្ធសាស្ត្រដើម្បីទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

«ការសិក្សានេះគឺដើម្បីបង្កើតជាយុទ្ធសាស្ត្រដើម្បីទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយក្នុងនោះនឹងមានការវិភាគពីការបើកច្រកទីផ្សារ របាំងបច្ចេកទេស ស្ថានភាពផលិតកម្មសម្រាប់នាំចេញ និងការវិភាគលើកត្តាពាក់ព័ន្ធដទៃទៀត ដើម្បីកំណត់ជាសកម្មភាពចាំបាច់សម្រាប់អនុវត្ត​ន៍ ក្នុងគោលបំណងជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានពេញលេញតាមដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ផងដែរថា ​លទ្ធផលស្រាវជ្រាវរបស់ក្រុមការងារដែលសិក្សាទៅលើទំនិញចំនួន៩មុខ មានដូចជា វិស័យសម្លៀកបំពាក់ វិស័យស្បែកជើង តំបន់សេដ្ឋកិច្ចពិសេស វិស័យដំឡើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យអង្ករ វិស័យដំឡូងមី និងកៅស៊ូធម្មជាតិ។

លោក ស៊ាង ថៃ បានបន្តថា ការសិក្សាមិនទាន់បានបញ្ចប់នៅឡើយទេ ប៉ុន្តែយោងតាមការវិភាគបឋម ផលិតផលដូចជាផលិតផលសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ អង្ករ ផលិតផលត្រី សាច់ កសិកម្មកែច្នៃ ឧស្សាហកម្មធុនស្រាល និងផលិតផលផ្សេងៗ ត្រូវបានយកមកវិភាគដើម្បីកំណត់ចំណាត់ថ្នាក់ និងរៀបចំសកម្មភាពឲ្យបានជាក់លាក់ដើម្បីជំរុញផលិតផលទាំងនោះ៕